Wednesday, April 22, 2026
Homeនយោបាយអ្នកនាំពាក្យ ប្រតិកម្មនឹងទូតខ្មែរ នៅបារាំង ដេញសម រង្ស៊ី ចេញពីកម្មវិធីរដ្ឋសភាបារាំង

អ្នកនាំពាក្យ ប្រតិកម្មនឹងទូតខ្មែរ នៅបារាំង ដេញសម រង្ស៊ី ចេញពីកម្មវិធីរដ្ឋសភាបារាំង

ប៉ារីស (បារាំង) ៖ លោក គឹម សុខ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា ដែលមានលោកសម រង្ស៉ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) ជាប្រមុខ បានសម្តែងប្រតិកម្មចំពោះលោក លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំង ដែលបានដេញលោក សម រង្ស៉ី ចេញពីកម្មវិធីដែលរៀបចំដោយរដ្ឋសភាបារាំង ដោយអ្នកនាំពាក្យលោកសម រង្ស៉ី រូបនេះ បានចាត់ទុកថា ជាការមើលងាយអ្នកតំណាងរាស្ត្របារាំង និងប្រមាថរដ្ឋាភិបាលបារាំង ។

លោក គឹម សុខ បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ថា “ទូតរបបភ្នំពេញ ប្រចាំប៉ារីស លោក លុយ ដាវីត មើលងាយអ្នកតំណាងរាស្ត្របារាំង និងប្រមាថរដ្ឋាភិបាលបារាំង …

លោក លុយ ដាវីត ថា «ករណីមិនអនុញ្ញាតឲ្យលោក សម រង្ស៊ី ចូលរួមកម្មវិធីមួយ នៅសភាបារាំង គឺជាឆន្ទា នុសិទ្ធិរបស់តំណាងរាស្ត្របារាំង ដែលជាម្ចាស់កម្មវិធី» ហើយលោកលើកហេតុផលថា លោក សម រង្ស៊ី ជាទណ្ឌិត ។ កម្មវិធីនោះ ប្រារព្ធធ្វើ កាលពីល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ។

          អ្វីជាមូលហេតុពិត ដែលលោក សម រង្ស៊ី សម្រេចមិនចូលរួមកម្មវិធី ?

គឺមន្ត្រីទូតរដ្ឋាភិបាលរបបភ្នំពេញ ប្រចាំទីក្រុងប៉ារីស ខំប្រឹងឡាំប៉ា អុកឡុកឲ្យតំណាងរាស្ត្របារាំង រារាំងមិនឲ្យលោក សម រង្ស៊ី មានវត្តមានក្នុងកម្មវិធី ។ នេះជាល្បិចនយោបាយកខ្វក់ របស់មន្ត្រីទូតរបបភ្នំពេញ ។

 ជាអ្នកប្រជាធិបតេយ្យថ្លៃថ្នូរ លោក សម រង្ស៊ី បានទទួលយកការសម្របសម្រួលរបស់តំណាងរាស្ត្របារាំង ដោយការយោគយល់ ដើម្បីកុំឲ្យមន្ត្រីទូតរបបភ្នំពេញ បង្កភាពស្មុគស្មាញដល់អ្នករៀបចំកម្មវិធី ពីព្រោះលោក សម រង្ស៊ី មើលឃើញចរិតឡាំប៉ាអុកឡុក ដ៏គួរឲ្យអៀនខ្មាសពេក របស់ទូតរបបភ្នំពេញ ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់វប្បធម៌ល្អផូរផង់របស់ប្រជាជាតិខ្មែរ» ។

 លោក គឹម សុខ បន្តថា «លោក សម រង្ស៊ី បានសម្រេចចិត្តមិនចូលរួម ហើយបានអនុញ្ញាតឲ្យសហការីរបស់លោក ប្រចាំប្រទេសបារាំង ចូលរួម និងបានរួមចំណែកបញ្ចេញយោបល់ក្នុងពិធីនោះ អំពីវិបត្តិកម្ពុជា ទល់មុខទូតរដ្ឋាភិបាលរបបភ្នំពេញ ។

 I. ហេតុផលរបស់លោក លុយ ដាវីត ដែលថា លោក សម រង្ស៊ី ជាទណ្ឌិត ដើម្បីអុកឡុកលោក សម រង្ស៊ី មិនឲ្យមានវត្តមានក្នុងកម្មវិធី ៖

-ទី១. ហេតុផលនេះ ជាការព្យាយាមបោកប្រាស់ ពីព្រោះលោក ម៉ែន សុថាវរិន្ទ្រ មន្ត្រីសម្របសម្រួលរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា ដែលត្រូវតុលាការរបបភ្នំពេញ កាត់ឲ្យមានទោសដែរ បានចូលរួមកម្មវិធីនោះ ។

 -ទី២. ហេតុផលនេះ ជាការមើលងាយលោកតំណាងរាស្ត្របារាំង ដែលបានជូនដំណឹងជាផ្លូវការដល់លោក សម រង្ស៊ី ។ គឺទូតរបបភ្នំពេញ លោក លុយ ដាវីត មើលងាយតំណាងរាស្ត្របារាំង ថាមានទំនាក់ទំនងជាមួយទណ្ឌិត តាមល្បិចចោទប្រកាន់របស់របបផ្ដាច់ការនៅភ្នំពេញ ។

 -ទី៣. ហេតុផលនេះ ជាការប្រមាថរដ្ឋាភិបាលបារាំង ថាជួយការពារទណ្ឌិត ឲ្យមានសេរីភាពរស់នៅប្រទេសបារាំង ។ ការប្រមាថរដ្ឋាភិបាលបារាំង លើករណីលោក សម រង្ស៊ី មិនខុសអ្វីពីរបបភ្នំពេញ ចោទប្រមាថសហរដ្ឋអាមេរិក និងបស្ចិមប្រទេសជាច្រើនទៀត ក្នុងសំណុំរឿងលោក កឹម សុខា ដែរ ។

 -ទី៤. ហេតុផលនេះ ជាការប្រមាថបស្ចិមប្រទេស ដែលបានផ្ដល់សេរីភាពឲ្យលោក សម រង្ស៊ី ដើរហើរចេញចូល ហើយតំណាងរាស្ត្រ និងមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលប្រទេសទាំងនោះ ថែមទាំងសហការការងារយ៉ាងរីករាយជាមួយលោក សម រង្ស៊ី ផង ។

 -ទី៥. ហេតុផលនេះ ក៏ជាការប្រមាថមើលងាយពលរដ្ឋខ្មែរ ជាច្រើន ដែលបានទៅចូលរួមកម្មវិធី ហើយសម្ដែងការរីករាយ ពេលឃើញវត្តមានលោក សម រង្ស៊ី ទៅដល់ ។ ពលរដ្ឋខ្មែរ នាំគ្នាសម្រុកចូលទៅកៀកលោក សម រង្ស៊ី និង សុំថតរូបទុកជាអនុស្សាវរីយ៍ ដោយបង្ហាញការគាំទ្រលោក សម រង្ស៊ី យ៉ាងពេញចិត្ត ។ ឬក៏លោក លុយ ដាវីត និងរបបភ្នំពេញ ច្រណែននឹងប្រជាប្រិយភាពលោក សម រង្ស៊ី ទើបលោកទូតរបបខុសច្បាប់ ចេះតែដើរអុកឡុក ?

 -ទី៦. ភាគីបារាំង ប្រជាពលរដ្ឋខ្មែរ និងពិភពលោក ដឹងច្បាស់ណាស់ថា លោក សម រង្ស៊ី គឺជាមេដឹកនាំប្រជាធិបតេយ្យកម្ពុជា ស្អាតស្អំ ។ រីឯពាក្យ «ទណ្ឌិត» ជាការចោទប្រកាន់របស់របបខុសច្បាប់នៅភ្នំពេញ ប៉ុណ្ណោះ ។

II. លោក លុយ ដាវីត ថា «ករណីមិនអនុញ្ញាតឲ្យលោក សម រង្ស៊ី ចូលរួមកម្មវិធីមួយនៅសភាបារាំង គឺជាឆន្ទានុសិទ្ធិរបស់តំណាងរាស្ត្របារាំង ដែលជាម្ចាស់កម្មវិធី» ។ ខ្ញុំសូមបំភ្លឺដូចខាងក្រោម ៖

 -ទី១. បើតំណាងរាស្ត្របារាំង មានចេតនាមិនអនុញ្ញាតឲ្យលោក សម រង្ស៊ី ចូលរួមមែន ពុំមានហេតុផលអ្វីដែលតំណាងរាស្ត្របារាំង ជូនដំណឹងដល់លោក សម រង្ស៊ី និងសហការី ឲ្យចូលរួមជាផ្លូវការនោះទេ ។ ប្រការនេះ មិនត្រឹមតែជាការអនុញ្ញាតឲ្យចូលរួមកម្មវិធីទេ ប៉ុន្តែ មានអត្ថន័យជាការផ្ដល់តម្លៃនិងការលើកទឹកចិត្ត ។

 -ទី២. ការនិយាយថា «… មិនអនុញ្ញាតឲ្យលោក សម រង្ស៊ី ចូលរួម … » កាន់តែខុសឆ្ងាយពីបរិបទការទូត ពីព្រោះពុំមានពិធីការការទូតណាដែលរារាំងភ្ញៀវដែលមានឈ្មោះក្នុងបញ្ជីចូលរួមជាផ្លូវការឡើយ ។

 -ទី៣. លោក លុយ ដាវីត ថា « … មិនអនុញ្ញាតឲ្យលោក សម រង្ស៊ី ចូលរួម … គឺជាឆន្ទានុសិទ្ធិរបស់តំ ណាង រាស្ត្របារាំង ដែលជាម្ចាស់កម្មវិធី» គឺត្រង់ឃ្លា « … ជាឆន្ទានុសិទ្ធិរបស់តំណាងរាស្ត្របារាំង ដែលជាម្ចាស់កម្មវិធី» នេះ កាន់តែប្រមាថតំណាងរាស្ត្របារាំង លើសលប់ ពីព្រោះតើម្ចាស់កម្មវិធីឯណា ទៅដេញភ្ញៀវសំខាន់របស់ខ្លួន ដែលអញ្ជើញចូលរួមកម្មវិធីដល់កន្លែងទៅហើយនោះ ? ដូច្នេះលោក លុយ ដាវីត បង្ហាញចរិតការទូតទុច្ចរិត ព្យាយាមទម្លាក់កំហុសនៃអវត្តមានលោក សម រង្ស៊ី ទៅលើតំណាងរាស្ត្របារាំង ថាជាអ្នកសម្រេចចិត្តទៅវិញ ។  ការពិតគឺទូតរដ្ឋាភិបាលរបបភ្នំពេញផ្ដាច់ការ ឡាំប៉ាអុកឡុកបង្ករឿងរំខានយ៉ាងខ្លាំងដល់អ្នករៀបចំកម្មវិធី“។

គួរបញ្ជាក់ថា ប្រតិកម្មរបស់លោក គឹម សុខ សហការីលោក សម រង្ស៉ី ខាងលើនេះ បានធ្វើឡើង បន្ទាប់ពីឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំង លោក លុយ ដាវីត បានចេញសេចក្តីបំភ្លឺ និងបដិសេធការចោទប្រកាន់របស់ក្រុមប្រឆាំងខ្មែរ នៅក្រៅប្រទេស ថាមានការរើសអើង លោក សម រង្ស៊ី ដែលមិនអនុញ្ញាតចូលរួមនៅក្នុងកម្មវិធីជួបជុំសមាគមនិងប្រជាពលរដ្ឋខ្មែររស់នៅទីក្រុងបារីស កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ដោយលោកឯកអគ្គរដ្ឋទូត បញ្ជាក់ថា ការមិនអនុញ្ញាតនេះ គឺដោយសារលោក សម រង្ស៊ី ជា “ទណ្ឌិត» និងជាឆន្ទានុសិទ្ធិរបស់តំណាងរាស្ត្របារាំង មិនឱ្យចូលរួមក្នុងកម្មវិធីនៅរដ្ឋសភាបារាំង។ ដូច្នេះការណ៍នេះ គឺជាការប្រុងប្រយ័ត្ន ដើម្បីចៀសវាងការផ្សារភ្ជាប់ឯកអគ្គរាជទូតកម្ពុជា ជាមួយបុគ្គលដែលជាប់ទោស និងបដិសេធថា នេះមិនមែនជាការរើសអើងនិន្នាការនយោបាយឡើយ ។

 គួរបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ នៅរដ្ឋសភាបារាំង មានរៀបចំព្រឹត្តិការណ៍ដ៏មានអត្ថន័យមួយ ស្តីពី «កិច្ចសហប្រតិបត្តិការកម្ពុជា-បារាំង» ដែលផ្តួចផ្តើមឡើងដោយលោក Thomas LAM តំណាងរាស្ត្រ និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាបារាំង-កម្ពុជា ។ កម្មវិធីនេះ ធ្វើឡើងដើម្បីអបអរសាទរលទ្ធផលវិជ្ជមាននៃបេស កកម្មរបស់ក្រុមមិត្តភាពរដ្ឋសភាបារាំង មកកាន់កម្ពុជា កាលពីខែកុម្ភៈ កន្លងទៅនេះ និងដើម្បីបញ្ជាក់ពីភាពរស់ រវើកនៃទំនាក់ទំនងទ្វេភាគីរវាងបារាំង និងកម្ពុជា ស្របពេលដែលកម្ពុជា កំពុងរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលនឹងប្រព្រឹត្តទៅនាខែវិច្ឆិកា ខាងមុខនេះ។

កម្មវិធីនេះ មានការចូលរួមពីសមាជិកសភា ក្រុមប្រឹក្សាមូលដ្ឋានបារាំង និងបងប្អូនប្រជាពលរដ្ឋខ្មែរ រស់នៅប្រទេសបារាំង យ៉ាងច្រើនកុះករ។ ទោះបីជា Link ចុះឈ្មោះ មិនត្រូវបានផ្សព្វផ្សាយជាសាធារណៈ ប៉ុន្តែវាត្រូវបានផ្ញើទៅកាន់មជ្ឈដ្ឋានមិត្តភក្តិ និងសមាគមខ្មែរ ជាច្រើន។ សម្រាប់លោក សម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) មិនត្រូវបានអញ្ជើញជា «ភ្ញៀវកិត្តិយស» ក្នុងកម្មវិធីនេះឡើយ ប៉ុន្តែក្រុមរបស់លោក បានធ្វើការចុះឈ្មោះឱ្យរូបលោក ហើយលោក ថូម៉ាស ឡាម (Thomas LAM) ដែលជាម្ចាស់រៀបចំកម្មវិធី មិនបានដឹងថា លោក សម រង្ស៊ី នឹងមានចូលរួមកម្មវិធីរបស់នេះទេ គឺលោកចាប់ផ្ដើមមានការភ្ញាក់ផ្អើល នៅពេលលោក លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋបារាំង បញ្ជាក់ជំហរយ៉ាងច្បាស់លាស់ និងម៉ឺងម៉ាត់ ក្នុងការជំរុញឱ្យម្ចាស់រៀបចំកម្មវិធីរូបនេះ សម្រេចប្រើប្រាស់ឆន្ទានុសិទ្ធិរបស់ខ្លួន ស្នើអញ្ជើញទណ្ឌិត សម រង្ស៊ី ចាកចេញពីកម្មវិធី ដើម្បីបើកផ្លូវឱ្យលោកឯកអគ្គរាជទូត ដែលជាភ្ញៀវកិត្តិយសផ្លូវការ អាចចូលរួមក្នុងកម្មវិធីបាន ព្រោះលោកមិនអាចមានវត្តមានក្នុងកម្មវិធីតែមួយ ជាមួយឧក្រិដ្ឋជន (សម រង្ស៊ី) នោះទេ ។

ក្រោយការបណ្ដេញលោក សម រង្ស៊ី ចេញពីកម្មវិធី ក្រុមប្រឆាំងនៅក្រៅប្រទេស បានចោទប្រកាន់ថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង ជាស្ថាប័នតំណាងឱ្យគណបក្សនយោបាយ មិនមែនជាស្ថាប័នតំណាងឱ្យជាតិ និងប្រជាពលរដ្ឋខ្មែរ ។

លោក សូ ច័ន្ទតារា អ្នកគាំទ្របក្សប្រឆាំង បានលើកឡើងតាមបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ថា “ស្ថានទូតតំណាងឲ្យបក្ស មិនមែនប្រទេស ឬប្រជាជនខ្មែរទេ ពួកគេបង្ហាញពីភាពអាម៉ាស់និងសរសៃប្រសាទ ។ ឯកអគ្គរដ្ឋទូតកម្ពុជា ប្រចាំប្រទេសបារាំង ដែលអនុវត្តការរើសអើងប្រជាជនខ្មែរ បានហាមខ្ញុំ មិនឱ្យចូលរួមកម្មវិធី មានន័យថា សូម្បីតែអ្នករៀបចំកម្មវិធី ៖ “បើគាត់មានវត្តមាន ខ្ញុំមិនទៅចូលរួមទេ មួយក៏មួយ ។ ទោះជាយ៉ាងណា វាគ្រាន់តែជាការជួបជុំគ្នា ដើម្បីប្រមូលផ្តុំសមាគម និងប្រជាជនខ្មែររស់នៅទីក្រុងប៉ារីស ប៉ុណ្ណោះ។ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងដោយជនជាតិខ្មែរ Franco“ ។

ឆ្លើយតបនឹងការចោទប្រកាន់ខាងលើនេះ ស្ថានទូតកម្ពុជា ប្រចាំប្រទេសបារាំង បានចេញសេចក្ដីបំភ្លឺថា នោះគឺជាការមួលបង្កាច់ដោយគ្មានមូលដ្ឋាន និងការបកស្រាយបំភ័ន្តការពិតទាំងស្រុង។ ក្នុងនាមជាស្ថាប័នការទូតផ្លូវការ ស្ថានឯកអគ្គរាជទូតកម្ពុជា តំណាងឱ្យជាតិ និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរ គ្រប់រូប ក្នុងប្រទេសបារាំង ដោយគ្មានការរើសអើងនិន្នាការនយោបាយ ពណ៌សម្បុរ ឬសាសនាឡើយ ហើយនេះមិនមែនជារឿងនិន្នាការនយោបាយឡើយ ប៉ុន្តែវាជាបញ្ហា «ភាពស្របច្បាប់» ។ បុគ្គល សម រង្ស៊ី គឺជា «ឧក្រិដ្ឋជន» ដែលត្រូវបានតុលាការកម្ពុជា កាត់ទោសពីបទល្មើសធ្ងន់ធ្ងរជាបន្តបន្ទាប់ រួមមាន ៖ បទរួមគំនិតក្បត់ជាតិ បទប៉ុនប៉ងធ្វើរដ្ឋប្រហារ និងបទប្រមាថអង្គព្រះមហាក្សត្រ ដែលជាទីគោរពសក្ការៈបំផុតរបស់ប្រជាជាតិ។ ការណ៍ដែលតំណាងរដ្ឋផ្លូវការ យល់ព្រមឈរក្នុងជួរជាមួយបុគ្គលមួយរូបដែលកំពុងស្ថិតក្នុង «ស្ថានភាពជាទណ្ឌិត» ឬចូលរួមកម្មវិធីដែលមានវត្តមានឧក្រិដ្ឋជនរូបនេះ ស្មើនឹងការផ្តល់តម្លៃ និងការទទួលស្គាល់បុគ្គលនេះថាជា «ពលរដ្ឋស្លូតត្រង់» ។ ទង្វើបែបនេះ គឺជាការរំលោភលើគោលការណ៍ច្បាប់ និងជាការបន្ទាបតម្លៃនៃស្ថាប័នជាតិ។

សេចក្តីបំភ្លឺ របស់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំង ចុះថ្ងៃសៅរ៍ ២ កើត ខែពិសាខ ឆ្នាំមមី អដ្ឋ ស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ មានខ្លឹមសារទាំងស្រុងថា “ឆ្លើយតបនឹងការចោទប្រកាន់ដែលគ្មានមូលដ្ឋាន និងការបកស្រាយខុសពីការពិត របស់បុគ្គលជ្រុលនិយមមួយចំនួន កាលពីពេលថ្មីៗនេះ ដែលបានលើកឡើងថា ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋបារាំង ជាស្ថាប័នតំណាងឱ្យគណបក្សនយោបាយ មិនមែនជាស្ថាប័នតំណាងឱ្យជាតិ និងប្រជាពលរដ្ឋខ្មែរនោះ ស្ថានឯកអគ្គរាជទូត សូមធ្វើការស្រាយបំភ្លឺជូនសាធារណជន ដូចតទៅ ៖

  ១. អំពីបេសកកម្មស្នូលរបស់ស្ថានទូត ៖

-ស្ថានឯកអគ្គរាជទូតកម្ពុជា គឺជាស្ថាប័នរដ្ឋផ្លូវការ ដែលតំណាងឱ្យជាតិ និងបម្រើផលប្រយោជន៍ជាតិ ព្រមទាំងប្រជាពលរដ្ឋខ្មែរ គ្រប់រូបដែលរស់នៅ និងធ្វើការនៅប្រទេសបារាំង ដោយគ្មានការរើសអើងលើនិន្នាការនយោ បាយ ពណ៌សម្បុរ ឬសាសនាឡើយ។

 ២. ការបដិសេធ មិនផ្សារភ្ជាប់ជាមួយទណ្ឌិត និងក្រុមខុសច្បាប់ ៖

-ក្នុងនាមជាតំណាងរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង តែងតែផ្តល់កិត្តិយសចូលរួមក្នុងកម្មវិធីនានាដែលរៀបចំដោយភាគីបារាំង ឬសមាគមខ្មែរផ្សេងៗ ដើម្បីលើកកម្ពស់មិត្តភាពកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងគាំទ្រចំពោះសហគមន៍ខ្មែរ ទោះបីជាពេលខ្លះ មានវត្តមានរបស់ក្រុមសកម្មជនប្រឆាំងក៏ដោយ។ ស្ថានឯកអគ្គរាជទូត សូមបញ្ជាក់យ៉ាងច្បាស់ថា ស្ថាប័នរដ្ឋផ្លូវការ និងបុគ្គលតំណាងរដ្ឋ មិនអាចធ្វើការសហការឬផ្ដល់ការទទួលស្គាល់ដល់ «បុគ្គលជាទណ្ឌិត» ដែលត្រូវបានតុលាការ កាត់ទោសពីបទល្មើសធ្ងន់ធ្ងរ រួមមាន ៖ បទរួមគំនិតក្បត់ជាតិ បទប៉ុនប៉ងធ្វើរដ្ឋប្រហារ និងបទប្រមាថអង្គព្រះមហាក្សត្រ ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជាតិខ្មែរ នោះឡើយ។

-ការមិនអនុញ្ញាតឱ្យទណ្ឌិត សម រង្ស៊ី ចូលរួមក្នុងកម្មវិធី នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ នៅរដ្ឋសភាបារាំង គឺជាឆន្ទានុសិទ្ធរបស់លោកតំណាងរាស្ត្របារាំង ដែលជាម្ចាស់រៀបចំកម្មវិធី ដើម្បីបើកផ្លូវឱ្យឯកឧត្តមឯកអគ្គរាជទូត អាចចូលរួមក្នុងកម្មវិធីនេះ។ ការណ៍នេះ គឺជាការប្រុងប្រយ័ត្ន ដើម្បីចៀសវាងការផ្សារភ្ជាប់ឯកឧត្តមឯកអគ្គរាជទូត ជាមួយបុគ្គលដែលកំពុងជាប់ទោសទណ្ឌ មិនមែនជាការប្រកាន់និន្នាការនយោបាយឡើយ។

-ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋបារាំង នៅតែបន្តប្រកាន់ខ្ជាប់នូវកាតព្វកិច្ចបម្រើជាតិនិងប្រជាជន ដោយស្មោះត្រង់ និងសូមអំពាវនាវដល់បងប្អូនជនរួមជាតិ កុំជឿតាមការញុះញង់ឬការបកស្រាយបំភាន់ការពិត ពីសំណាក់ក្រុមជ្រុលនិយម ដែលមានបំណងលាបពណ៌ និងបំបែកបំបាក់សាមគ្គីភាពជាតិ“ ៕ កុលបុត្រ

RELATED ARTICLES