Thursday, April 23, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស៊ីដាច់លុយថៅកែមាន់ ១០លាន ជាប់ខ្នោះ

ស៊ីដាច់លុយថៅកែមាន់ ១០លាន ជាប់ខ្នោះ

ខេត្តកណ្តាល ៖ បុរសជាអ្នកដឹកជញ្ជូនមាន់ម្នាក់ ត្រូវបានថៅកែមាន់ ប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួន ករណីរំលោភលើទំនុកចិត្ត បន្ទាប់ពីជនសង្ស័យ បានប្រមូលលុយពីម៉ូយ តាមផ្សារ បានប្រាក់ជាង១០លាន យកទៅលេងល្បែងចាញ់អស់ អត់លុយសងថៅកែ។

ហេតុការណ៍នេះ បានកើតឡើងកាលពី ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ នៅចំណុចភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ លុះមកដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ទើបសមត្ថកិច្ចបានចាប់ ឃាត់ខ្លួនជនសង្ស័យ យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ។

ជនរងគ្រោះ មានឈ្មោះ លូ គឹមជូ ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរលក់ដូរ (លក់មាន់) មានលំនៅ ភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចំណែកជនសង្ស័យ មានឈ្មោះ ស្រេង ដេត ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរជាអ្នកដឹកជញ្ជូនមាន់ ទៅលក់ ដោយទទួលប្រាក់ខែ ពីជនរងគ្រោះ និងមានលំនៅ ក្នុងភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចំពោះវត្ថុតាងចាប់យក ទូរស័ព្ទដៃ ចំនួន២គ្រឿង និងវិក្កយបត្រទូទាត់ប្រាក់ មួយចំនួន។

តាមប្រភពស្ត្រីរងគ្រោះ បានបំភ្លឺជូនសមត្ថកិច្ចថា តាំងពីក្នុងអំឡុងដើមខែវិច្ឆិកា ឆ្នាំ២០២៥ មក ខ្លួនបានផ្តល់ការទុកចិត្ត និងផ្តល់ការងារឱ្យជនសង្ស័យ មកធ្វើការជាអ្នកដឹកជញ្ជូនមាន់សាច់ យកទៅដាក់ឱ្យម៉ូយ នៅតាមផ្សារ និងដើរប្រមូលលុយថ្លៃលក់មាន់ យកមកប្រគល់ឱ្យគាត់ (ជនរងគ្រោះ) វិញ ដោយទទួលបានប្រាក់ខែ ចំនួន២០០ដុល្លារ ជាទៀងទាត់។ លុះមកដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ ជនសង្ស័យ បានយកមាន់ ទៅដាក់ឱ្យម៉ូយ នៅតាមផ្សារ ដូចសព្វមួយដង និងបានដើរប្រមូលលុយ ពីម៉ូយ បានចំនួន១៨លានរៀល រួចយកមកប្រគល់ឱ្យគាត់ ចំនួនតែ ៨លានរៀលប៉ុណ្ណោះ ដោយនៅសល់ប្រាក់ ចំនួន១០លានរៀល គឺជនសង្ស័យបានយកទៅចាយវាយ លេងល្បែងចាញ់អស់ហើយ ក៏ឈប់ចូលមកធ្វើការឱ្យគាត់ទៀត។ តាំងពីនោះមក គាត់បានព្យា យាមទាក់ទងតាមទូរស័ព្ទ ជាច្រើនលើកច្រើនសា ទៅជនសង្ស័យ តែមិនទទួលបានការឆ្លើយតបពីជន សង្ស័យឡើយ។

បន្ទាប់មក ស្ត្រីរងគ្រោះ បាននាំគ្នាដើររកជនសង្ស័យ ក៏បានឃើញនៅក្នុងផ្សារបឹងត្របែក រាជធានីភ្នំពេញ ភ្លាមនោះជនរងគ្រោះ បានឃាត់ជនសង្ស័យ នាំយកមកប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍កំពង់សំណាញ់ ដើម្បីសាកសួរតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានយកលុយរបស់ជនរងគ្រោះ ថ្លៃលក់សាច់មាន់ ចំនួន ១០លានរៀល ទៅចាយវាយ និងលេងល្បែង ចាញ់អស់ប្រាកដមែន។

ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES