Friday, April 24, 2026
Homeសន្ដិសុខសង្គមសៀតកាំភ្លើងចូលក្លឹប ជាប់ខ្នោះ៤នាក់ 

សៀតកាំភ្លើងចូលក្លឹប ជាប់ខ្នោះ៤នាក់ 

ខេត្តព្រះសីហនុ ៖ បុរសជាជនជាតិចិន ម្នាក់ ត្រូវបានគេប្រទះឃើញមានសៀតកាំភ្លើងខ្លី ១ដើម នៅចង្កេះ ដើរចូលក្លឹប ១កន្លែង ក៏រាយការណ៍ប្រាប់កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ ចុះអន្តរាគមន៍ឃាត់ខ្លួនភ្លាមៗ នាំយកមកសាកសួរ និងបន្តឃាត់ខ្លួនបក្ខពួក ចំនួន៣នាក់បន្ថែម ទៀត សរុប៤នាក់ ព្រមទាំងដកហូតបានគ្រឿងញៀន មួយចំនួន។

ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅចំណុចទល់មុខក្លឹប «ភពដ៏អស្ចារ្យ» ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ក្រោមការសម្របសម្រួ លនីតិវិធីពីលោកវុធ សាវី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។

យោងតាមរបាយការណ៍បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជាក់ថា នៅវេលាម៉ោង ១០ព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ មានករណីជនជាតិចិន សៀតអាវុធខ្លី នៅចង្កេះ ចំណុចទល់មុខក្លឹបកម្សាន្ត «ភពដ៏អស្ចារ្យ» ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្រោយទទួលព័ត៌មានភ្លាម កម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស ចំនួន៧នាក់ ដឹកនាំដោយលោកវរសេ នីយ៍ទោ សួ ស៊ន ប្រធានមន្ទីរ ដោយមានការសម្របសម្រួលនីតិវិធីពីលោកវុធ សាវី ព្រះរាជអាជ្ញារង នៃអយ្យ ការអមសាលាដំបូងខេត្ត បានឃាត់ខ្លួនជនសង្ស័យ ចំនួន ១នាក់ ឈ្មោះ លី ហ្វាង (LI FANG) ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញ ដកហូតវត្ថុតាង រួមមាន អាវុធខ្លី ចំនួន១ដើម ម៉ាក COLT DERENDER SERIES90 លេខ K4YKYH2YS01-2400596 បង់ ចំនួន១ និងគ្រាប់ ចំនួន៤គ្រាប់។

ដោយឡែកនៅវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃដដែល កម្លាំងជំនាញ បានចុះទៅចំណុចសណ្ឋាគារ ម៉ីហាវវ៉ាងហ៊្វូ ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងបន្តឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ បន្ថែមទៀត រួមមាន ទី១-ឈ្មោះ HU GUOFENG ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ស្នាក់នៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងទី២-ឈ្មោះ ZHANG ZHIFANG ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ស្នាក់នៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញ បានដកហូតវត្ថុតាង រួមមាន ទូរស័ព្ទដៃ ចំនួន៣គ្រឿង នាឡិកាដៃ ចំនួន១គ្រឿង លិខិតឆ្លងដែន ចំនួន១ច្បាប់ កាតបន្ទប់ ចំនួន៣សន្លឹក អត្តសញ្ញាប័ណ្ណសញ្ជាតិចិន ចំនួន១សន្លឹក និងប្រាក់ចំនួន ៧០០ដុល្លារ។

បន្ទាប់មក នៅវេលាម៉ោង ១រសៀល ថ្ងៃដដែល កម្លាំងជំនាញ បន្តចុះទៅចំណុចផ្ទះវីឡា មួយកន្លែង ស្ថិតក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានបន្តឃាត់ខ្លួនជនសង្ស័យ ចំនួន១នាក់ បន្ថែមទៀត ឈ្មោះ YANG YANG ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ព្រមទាំងដកហូតវត្ថុតាង រួមមាន ទូរស័ព្ទដៃ ចំនួន៤គ្រឿង លិខិតឆ្លងដែន ចំនួន១ច្បាប់ ប័ណ្ណបើកបរសាធារណរដ្ឋប្រជាមានិតចិន ចំនួន២សន្លឹក ប័ណ្ណបើកបរព្រះរាជាណាចក្រកម្ពុជា ចំនួន ១សន្លឹក អត្តសញ្ញាណប័ណ្ណសញ្ជាតិចិន ចំនួន១សន្លឹក ប័ណ្ណចេញចូលហុងកុង ចំនួន១សន្លឹក សៀវភៅការងារជនបរទេស ចំនួន៣ កាតផ្សេងៗ ចំនួន៧សន្លឹក ថ្នាំញៀន មួយចំនួន រួមទាំងជ្រញ់ ចំនួន១ វែក ចំនួន១ និងថង់វេចខ្ចប់គ្រឿងញៀន មួយចំនួន។

ជនសង្ស័យជាជនជាតិចិន ទាំង៤នាក់ខាងលើ ត្រូវបានកម្លាំងការិយាល័យជំនាញ បន្តនីតិវិធី ចាត់ការតាមផ្លូវច្បាប់៕

RELATED ARTICLES