Friday, April 24, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃខ្នោះមេខ្យល់១ នាំពលរដ្ឋខ្មែរ១២០នាក់ លួចឆ្លងដែនទៅថៃ

វ៉ៃខ្នោះមេខ្យល់១ នាំពលរដ្ឋខ្មែរ១២០នាក់ លួចឆ្លងដែនទៅថៃ

ខេត្តបាត់ដំបង ៖ កម្លាំងសមត្ថកិច្ចចម្រុះដែលមានភារកិច្ចការពារតាមបន្ទាត់ព្រំដែនកម្ពុជា ថៃ បាននិងកំពុងបន្តតាមស្វែងរកចាប់ខ្លួនមេខ្យល់នាំមនុស្សឆ្លងដែនខុសច្បាប់ និងរារាំងពលរដ្ឋខ្មែដែលចាញ់បោកមេខ្យល់ បន្ទាប់ពីកម្លាំងចម្រុះ បានធ្វើការទប់ស្កាត់ពលករខ្មែរ ជាង ១២០នាក់ ដែលប៉ុនប៉ងឆ្លងដែនតាមការអូសទាញរបស់មេ ខ្យ ល់ នាំចេញទៅប្រទេសថៃ ហើយថែមទាំងបានចាប់ខ្លួនមេខ្យល់ម្នាក់ បញ្ជូនទៅតុលាការ។

លោក ដាញ់  អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង បានបញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ថា កម្លាំងជំនាញ នៃស្នងការខេត្ត រួមសហការជាមួយកម្លាំងចម្រុះការពារតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ បានធ្វើការទប់ស្កាត់ទាន់ពេលវេលាចំពោះប្រជាពលរដ្ឋ ខ្មែរ មានប្រុស មានស្រី និងកុមារផង ជាង១២០នាក់ កំពុងលាក់ខ្លួននៅក្នុងស្រុកកំរៀង ដែលមេខ្យល់បម្រុងនាំឆ្លងដែនដោយខុសច្បាប់ ចេញទៅប្រទេសថៃ។ លោ កស្នងការ បានបញ្ជាក់ថា សមត្ថកិច្ចក៏បានឃាត់ខ្លួនមេខ្យល់ម្នាក់ដែរ ដើម្បីចាត់ការតាមនីតិវិធី។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា  ពលរដ្ឋខ្មែរ ប្រមាណ ១២១នាក់ ក្នុងនោះ មានស្ត្រី ចំនួន៤៩នាក់ និងមានកុមារ ចំនួន៥នាក់ផង ត្រូវបានមេខ្យល់ដឹកជញ្ជូននាំយកទៅលាក់ទុកផ្តុំគ្នានៅក្នុងដីឡូត៍ មួយកន្លែង ក្បែរអូរព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិស្វាយចេក ឃុំបឹងរាំង ស្រុកកំរៀង ក្នុងគោលបំណងត្រៀមបញ្ជូនឆ្លងដែនដោយខុសច្បាប់ ចេញទៅប្រទេសថៃ។

កិច្ចប្រតិបត្តិការដោយកម្លាំងចម្រុះនោះ បានគេបានឃាត់ខ្លួនមេខ្យល់ម្នាក់ភ្លាមៗ ជាមួយនិងរថយន្តសម្រាប់ដឹកជញ្ជូន ចំនួន៣គ្រឿង។ ប៉ុន្តែអ្នកបើកបររថយន្ត ចំនួន២នាក់ បានរត់រួចចោលរថយន្ត។

រថយន្ត ទាំង៣គ្រឿង ដែលជាមធ្យោបាយសម្រាប់ដឹកជញ្ជូនមនុស្សឆ្លងដែន ដែលត្រូវសមត្ថកិច្ចរឹបអូសនោះ រួមមាន ១-រថយន្តម៉ាកហាយឡែនដឺរ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ BQ-9441។ ២-រថយន្តម៉ាកតូយ៉ូតា កាមរីបាឡែន ពាក់ស្លាកលេខ សៀមរាប 2A-6728 និង៣-រថយន្តម៉ាកតូយ៉ូតា កាមរី ពាក់ស្លាកលេខ បាត់ ដំបង 2B-9747។

ពាក់ព័ន្ធនឹងការនាំមនុស្សឆ្លងដែនខុសច្បាប់ចេញទៅប្រទេសថៃ នេះ បើតាមប្រភពព័ត៌មាននានាដែលដឹងរឿងច្បាស់ បានរាយការណ៍ថា ភូមិស្វាយចេក ដែលជាជម្រកលាក់ខ្លួនរបស់ពលរដ្ឋខ្មែរ ជាង១២០នាក់ខាងលើនេះ មានភូមិសាស្ត្រជាប់អូរព្រំដែនកម្ពុជា-ថៃ ដែលមានអំណោយផលបំផុតសម្រាប់ជនទុច្ចរិត រត់ពន្ធមនុស្ស ឬរត់ ពន្ធទំនិញឆ្លងដែន។

ប្រភពដដែល បន្តថា នៅតំបន់នោះមានច្រករបៀង ចំនួន៣ ដែលពួកជនទុច្ចរិត តែងលួចបញ្ជូនមនុស្សឆ្លងដែន ហើយវាស្ថិតមិនឆ្ងាយប៉ុន្មានទេពីច្រករបៀង ដែលពួកជនទុច្ចរិត រត់ពន្ធបារីឆ្លងដែន កាលពីខែមុន។ ប្រជាពលរដ្ឋខ្មែរ ជាង១២០នាក់ ដែលមេខ្យល់ដឹកជញ្ជូនយកទៅ លាក់ទុកនៅក្នុងភូមិស្វាយចេក ក្បែរអូរព្រំដែនខាងលើនេះ  គឺពួកមេខ្យល់បម្រុងនាំឆ្លងអូរព្រំដែន ចេញទៅប្រទេសថៃ តាមច្រកទាំង៣ខាងលើនេះ។

យ៉ាងណា  បើតាមលោក  ដាញ់ អេងប៊ុនចាន់ ស្នងការខេត្តបាត់ដំបង បានបញ្ជាក់ថា កម្លាំងជំនាញ បានចុះអន្តរាគមន៍ទប់ស្កាត់ទាន់ពេលវេលា មុនពេលពួកគេឆ្លងដែន   ហើយថែមទាំងចាប់ខ្លួមមេខ្យល់ បានម្នាក់ផង។  ពេលនេះកម្លាំងសមត្ថកិច្ចចម្រុះ ដែលមានភារកិច្ចការពារតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបាត់ ដំបង បាននិងកំពុងស្រាវជ្រាវរកមេខ្លោងនាំមនុស្សឆ្លងដែន និងចុះត្រូតពិនិត្យក្នុងភូមិសាស្ត្រនានា ដើម្បីស្វែង រកប្រជាពលរដ្ឋដែលចាញ់បោកមេខ្យល់ ។

ដោយឡែក ចំពោះប្រជាពលរដ្ឋ ចំនួន១២១នាក់ ត្រូវបានធ្វើការអប់រំ និងបញ្ជូនពួកគេត្រឡប់ទៅស្រុកកំណើតវិញ ។ ចំណែកមេខ្យល់ម្នាក់ ដែលត្រូវបានចាប់ខ្លួន ត្រូវបានបញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធី៕

RELATED ARTICLES