Friday, April 24, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបែកធ្លាយ ១ករណីទៀតហើយ ១ម៉ឺនដុល្លារ រត់ការចូលក្របខ័ណ្ឌ  

បែកធ្លាយ ១ករណីទៀតហើយ ១ម៉ឺនដុល្លារ រត់ការចូលក្របខ័ណ្ឌ  

ខេត្តសៀមរាប ៖ បន្ទាបពីមានករណីស្ត្រីម្នាក់ បានទម្លាយរឿងប៉ូលិសស្រីម្នាក់ បោកលុយជាង៣ម៉ឺនដុល្លារ ធានារត់ការចូលក្របខ័ណ្ឌនគរបាល នៅខេត្តកំពតនោះមក ពេលនេះ បែកធ្លាយមួយករណីទៀត គឺមន្ត្រីកងរាជអាវុធហត្ថម្នាក់ បានរងការចោទប្រកាន់ថា បានធានារត់ការឱ្យយុវជនម្នាក់ ចូលក្របខ័ណ្ឌទាហាន នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាថ្នូរនឹងលុយ ចំនួន ១០ ៥០០ដុល្លារ លុះការងារមិនបានសម្រេច ដូចការគ្រោងទុក ម្ចាស់ប្រាក់តាមទារលុយវិញ ក៏សងប្រាក់វិញមិនគ្រប់ចំនួន រួចក៏ទាក់ទងលែងបានតែម្តង។

លោក សុក សុផល អាយុ៥៩ឆ្នាំ រស់នៅភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ថា ដំបូងឡើយ កាលពីអំឡុងដើមឆ្នាំ២០២៣ លោកនិងលោកវរសេនីយ៍ត្រី គង់ វីរៈ មន្ត្រីកងរាជអាវុធហត្ថខេត្តសៀមរាប បានទំនាក់ទំនងនិងស្គាល់គ្នា។ បន្ទាប់មក លោក គង់ វីរៈ បាននិយាយបញ្ចុះបញ្ចូល និងធានាថា ខ្លួន (គង់ វីរៈ) អាចបញ្ចូលក្របខ័ណ្ឌទាហាន នៃកងរាជ អាវុធហត្ថលើផ្ទៃប្រទេស បានយ៉ាងងាយ ត្រឹមរយៈពេល ៣ទៅ៤ខែប៉ុណ្ណោះ ជាថ្នូរនឹងប្រាក់ថ្លៃរត់ការ ចំនួន ១០ ៥០០ដុល្លារក្នុងម្នាក់។

លោក សុក សុផល បន្តថា ដោយការជឿទុកចិត្ត និងចង់ឱ្យកូនប្រុសម្នាក់ របស់ខ្លួន បានបម្រើការងារជាមន្ត្រីកងរាជអាវុធហត្ថ ទើបលោកបានប្រគល់ប្រាក់ ចំនួន ១០៥០០ដុល្លារ ឱ្យទៅលោក គង់ វីរៈ តាមការព្រមព្រៀង ដែលបាននិយាយគ្នា ដើម្បីឱ្យកូនប្រុសរបស់លោក ឈ្មោះសុក សុផា អាយុ២៩ឆ្នាំ បានចូលក្របខ័ណ្ឌទាហាន នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយក្នុងនោះ លោក គង់ វីរៈ ថែមទាំងបានធ្វើកិច្ចសន្យា និងថតរូប វីដេអូ ទុកជាភ័ស្តុតាងទៀតផង។ ប៉ុន្តែក្រោយទទួលប្រាក់ រយៈពេល ៧ខែ និងផុតកំណត់នៃការសន្យា បែរជាកូនប្រុសលោក ឈ្មោះ សុក សុផា  មិនបានចូលក្របខ័ណ្ឌ តាមសន្យានោះឡើយ ទើបលោកបានតាមទារលុយពីលោក គង់ វីរៈ ខណៈលោក គង់ វីរៈ ធ្លាប់បានអះអាងថា បើខ្លួនរត់ការមិនបានសម្រេច នឹងប្រគល់លុយឱ្យវិញគ្រប់ចំនួន។

លោក សុក សុផល បានបញ្ជាក់ថា នៅពេលដែលលោកតាមទារលុយ និងស្កាត់ជួប ជាបន្តបន្ទាប់ លោក គង់ វីរៈ ក៏បានសងប្រាក់ខ្លះដែរ ប៉ុន្តែមិនច្បាស់លាស់តាមកាលបរិច្ឆេទ គឺរដិបរដុប ម្តងបន្តិចៗ ពោលគឺរយៈពេលជាង ២ឆ្នាំ សងបានសរុប ចំនួន ៧០០០ដុល្លារ នៅខ្វះចំនួន ៣៥០០ដុល្លារទៀត ស្រាប់តែលោក គង់ វីរៈ បានគេចវេះ ទូរស័ព្ទមិនលើក ទាក់ទងលែងបានតែម្តង ធ្វើឱ្យខ្លួនជាម្ចាស់ប្រាក់ ខាតបង់ កើតទុក្ខរីងរៃ ដោយសារជំពាក់បំណុលគេ។

ជុំវិញការអះអាងរបស់លោក សុក សុផល ខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីសាមីខ្លួនលោកវរសេនីយ៍ត្រី  គង់ វីរៈ បានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES