ភ្នំពេញ ៖ តារាសម្ដែង កែវ ឡាវីញ ត្រូវបានសង្ស័យថាបានបែកបាក់ស្វាមី តាំងពីអំឡុងខែសីហា ឆ្នាំ២០២៥ ព្រោះពេលនោះ នាងថា រស់នៅម្នាក់ឯង ខ្លួនមួយ ដែលជាសញ្ញាថាចំណងស្នេហានាងជាមួយប្ដី មានបញ្ហា។ អ្វីដែលគួរឲ្យកត់សម្គាល់ នៅលើគណនីបណ្ដាញសង្គមរបស់តារាស្រីរូបនេះ គ្មានបង្ហោះរូបនាងពាក់ព័ន្ធជាមួយប្ដី ជាច្រើនខែហើយ ពោលគឺបង្ហាញការរកស៊ី Cosmetic និងហាងភេសជ្ជៈរបស់ខ្លួនប៉ុណ្ណោះ ដែលនេះរឹតតែបញ្ជាក់ថា ជីវិតអាពាហ៍ពិពាហ៍របស់នាង ពិតជាដើរដល់ទីបញ្ចប់ ។

អ្នកយកព័ត៌មាន «នគរធំ» បានទាក់ទងទៅកែវ ឡាវីញ កាលពីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ដោយចង់ឲ្យនាងបំភ្លឺពាក់ព័ន្ធដំណឹងថា នាងបែកបាក់ប្ដីនេះ តែត្រូវបាននាងនិយាយយ៉ាងខ្លីថា មិនទាន់អាចនិយាយរឿងនេះបាននៅពេលនេះ ព្រោះជាប់រវល់ ។ យ៉ាងណា ដំណឹងឡាវីញ ចែកផ្លូវស្វាមីនេះ បានសាយភាយពេញចង្កោមអ្នកសិល្បៈ និងមហាជនទៅហើយ ។

កែវ ឡាវីញ បច្ចុប្បន្នអាយុ ២៦ឆ្នាំ បានរៀបការជាមួយអ្នកជំនាញផ្នែក IT លោក ហម លាងហេង អាយុ២៩ឆ្នាំ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ពោលគឺចំណងស្នេហា រក្សាបានតែជាង៣ឆ្នាំ ក៏លេចឮថា បានចែកផ្លូវគ្នា ដែលធ្វើឲ្យ Fan មានការសោកស្ដាយ ព្រោះនាងប្រឈមមេម៉ាយទាំងវ័យក្មេង។ កូនស្រីអតីតតារាសម្ដែងទសវត្សឆ្នាំ១០៨០-១៩៩០ អ្នកនាងកែវ កល្យាណ រូបនេះ បានស្នងតំណែងពីម្ដាយនាង ហើយកន្លងមក ឡាវីញ បានសាង ស្នាដៃជាច្រើន ក្នុងសិល្បៈ ពិសេសនាងល្បីរឿងស្នេហាភេទដូចគ្នា «រសជាតិអ្នកមាន» តែក្រោយមក ម្ដាយនាងបានហាមឃាត់ មិនអនុញ្ញាតឲ្យនាងលេងរឿងប្រភេទនេះទៀត ជាដាច់ខាត ដោយថែមទាំងព្រមានថា នឹងឲ្យនាងឈប់ពីអាជីពសម្ដែង ជាបន្ទាន់ បើនាងនៅតែហ៊ានលេងរឿងស្រលាញ់ភេទដូចគ្នានេះ លាក់បាំងម្ដាយ។ ចំណែកភាពយន្ដចុងក្រោយដែល ឡាវីញ បានសម្ដែងចប់ មិនទាន់ដាក់បញ្ចាំងនោះ គឺរឿងបុរាណ «អប្សរាមហាអង្គរ» របស់ហង្សមាស ដឹកនាំដោយលោក ហ្វៃ សំអាង ។

អ្នកដឹកនាំសម្ដែងភាពយន្ដ មួយចំនួន បង្ហើបថា ឡាវីញ មានទេពកោសល្យនិងសមត្ថភាពសម្ដែង មិនចាញ់ ម្ដាយទេ ហើយពួកគេថែមទាំងសរសើរថា ស្វាមីបានអនុញ្ញាតឲ្យនាងលេងសិល្បៈ យ៉ាងពេញទំហឹង មិនចេះប្រចណ្ឌនាងផ្ដេសផ្ដាសទៀតផង ប៉ុន្ដែគួរឲ្យស្ដាយពេលនេះបែរជាមានដំណឹងថា ជីវិតស្នេហានាងបានដើរដល់ទីបញ្ចប់ ហើយនាងថែមទាំងមិនចង់និយាយអ្វីពាក់ព័ន្ធជាមួយអតីតប្ដីទៀតផង។

មុនរៀបការ កែវ ឡាវីញ ក៏ធ្លាប់ត្រូវបានគេចាប់អារម្មណ៍ តាមរយៈរឿង «ម្ចាស់កីតម្បាញ» ផងដែរ ដែលនាងសម្ដែងមិនចាញ់តារារៀមច្បងចាស់ៗដែលមានបទពិសោធន៍ច្រើនជាងនាងឡើយ។ សមត្ថភាពរបស់ឡាវីញ គេជឿថា ដោយសាតែនាងទទួលការបណ្ដុះបណ្ដាលតាំងពីនៅតូច ពីលោកស្រី កែវ កល្យាណ ជាម្ដាយ ដែលធ្លាប់ប្រាប់អ្នកយកព័ត៌មាន «នគរធំ» ថា គាត់ឲ្យកូនស្រីប្រឡូកក្នុងវិស័យសម្ដែងភាពយន្ដ ដើម្បីចូលរួមលើកស្ទួយវិស័យសិល្បៈទី៧ ៕

អ្នកនាងកែវ កល្យាណ និងកូនស្រី