Thursday, April 30, 2026
Homeសន្ដិសុខសង្គមខឹងសម្លឹងមុខឌឺ ១០ព្រួតវ៉ៃ៣ ជាប់ខ្នោះ៤

ខឹងសម្លឹងមុខឌឺ ១០ព្រួតវ៉ៃ៣ ជាប់ខ្នោះ៤

ភ្នំពេញ ៖ ក្មេងទំនើងឈាមរាវ ចំនួន២ក្រុម បានកើតមានជម្លោះ ផ្តើមចេញពីរឿងសម្លឹងមុខឌឺគ្នា ផ្ទុះជាអំពើហិង្សា វាយតប់គ្នាទៅវិញទៅមក បណ្តាលឱ្យរងរបួសទាំងសងខាង និងផ្អើលដល់កម្លាំងសមត្ថកិច្ច ចុះអន្ត រាគមន៍ ឃាត់ខ្លួនភាគីទាំងសងខាង បានចំនួន ៤នាក់ នាំយកមកចាត់ការតាមច្បាប់។

ករណីអំពើហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ នៅត្រង់ចំណុចមុខហាងលក់គ្រឿងអលង្ការ ១កន្លែង ស្ថិតតាមផ្លូវបេតុង ភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្មេងទំនើង ទាំង២ក្រុម ក្រុមទី១ មានគ្នាចំនួន៣នាក់ (ឃាត់ខ្លួន៣) ចំណែកក្រុមទី២ មានគ្នាចំនួន១០នាក់ (ឃាត់ខ្លួន១)។

ក្មេងទំនើងក្រុមទី១ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ៣នាក់ រួមមាន ទី១-ឈ្មោះសុខ ពិសិដ្ឋ អាយុ២២ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ទី២-ឈ្មោះហាក់ ចឹង អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅ បន្ទប់ជួល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងទី៣-ឈ្មោះអ៊ិន បូណា អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ស្ថិតនៅក្នុងភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ចំណែកក្រុមទី២ មានគ្នាចំនួន១០នាក់ តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ ឈ្មោះឌី សំណាង អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ រីឯបក្ខពួក ៩នាក់ទៀត ដែលកំពុងគេចខ្លួន រួមមាន ទី១-ឈ្មោះដាវ សុខលាភ ទី២-ឈ្មោះដាវ សុខឡាង អាយុប្រហែល១៧ឆ្នាំ ទី៣-ឈ្មោះអាដេ អាយុប្រហែល១៧ឆ្នាំ ទី៤-ឈ្មោះអាត្រា អាយុប្រហែល១៩ឆ្នាំ ទី៥-ឈ្មោះអាចិត្រ អាយុ២២ឆ្នាំ ទី៦-ឈ្មោះអាសី អាយុប្រមាណ១៧ឆ្នាំ និង៣នាក់ទៀត មិនស្គាល់ឈ្មោះ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ក្មេងទំនើងក្រុមទី១ រួមមានឈ្មោះសុខ ពិសិដ្ឋ ឈ្មោះហាក់ ចឹង និងឈ្មោះអ៊ិន បូណា បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា វ៉េវ ពណ៌ខ្មៅ មិនស្គាល់ស្លាកលេខ ដឹកគ្នាទៅទិញបារី នៅផ្ទះលក់ចាប់ហួយ ជិតកន្លែងកើតហេតុ លុះពេលទៅដល់ ក៏បានឃើញក្មេងទំនើងក្រុមទី២ កំពុងអង្គុយផឹកស៊ីនៅទីនោះ។ ក្នុងនោះមានម្នាក់ឈ្មោះ ដាវ សុខលាភ បានស្គាល់គ្នាជាមួយឈ្មោះអ៊ិន បូណា ខាងក្រុមទី១ ហើយឈ្មោះអ៊ិន បូណា ក៏បានចូលទៅអង្គុយផឹកស៊ីជាមួយឈ្មោះដាវ សុខលាភ នោះដែរ ដោយទុកឱ្យបក្ខពួករបស់ខ្លួន ២នាក់ គឺឈ្មោះសុខ ពិសិដ្ឋ និងឈ្មោះហាក់ ចឹង នៅអង្គយរង់ចាំលើម៉ូតូ នៅខាងក្រៅ។

ប្រភពដដែល បន្តថា លុះក្រោយមក ដោយអង្គុយចាំលើម៉ូតូ យូរពេក ឈ្មោះសុខ ពិសិដ្ឋ (ក្រុមទី១) បានអើតមើលទៅកន្លែងវង់ផឹកស៊ី រកមើលឈ្មោះអ៊ិន បូណា ដែលជាបក្ខពួករបស់ខ្លួន ប៉ុន្តែបែរជាឃើញជនសង្ស័យឈ្មោះ ដាវ សុខលាភ ដែលជាក្រុមទី២ ទៅវិញ ហើយអ្នកទាំង២ ក៏បានសម្លឹងមើលមុខគ្នា និងឌឺគ្នាទៅវិញទៅមក។ ពេលនោះស្រាប់តែឈ្មោះ ដាវ សុខលាភ ស្ទុះទៅយកកាំបិតប៉័ងតោ ពីកន្លែងលក់ចាប់ហួយ រត់ទៅកាប់ ឈ្មោះសុខ ពិសិដ្ឋ ប៉ុន្តែត្រូវបានអ្នកជិតខាង ជួយឃាត់ទាន់ និងចាប់ដកយកកាំបិតចេញ។ បន្ទាប់មក ឈ្មោះ សុខ ពិសិដ្ឋ ឈ្មោះអ៊ិន បូណា និងឈ្មោះហាក់ ចឹង (ក្រុមទី១) បាននាំគ្នាជិះម៉ូតូចេញពីកន្លែងលក់ចាប់ហួយនោះបាត់ទៅ។

ប្រភពខាងលើ បានឱ្យដឹងបន្តថា គ្រាន់តែជិះចេញផុតបានចម្ងាយប្រមាណ ១០ម៉ែត្រប៉ុណ្ណោះ ស្រាប់តែឈ្មោះ ដាវ សុខលាភ ឈ្មោះឌី សំណាង ឈ្មោះដាវ សុខឡាង ឈ្មោះអាដេ ឈ្មោះអាត្រា ឈ្មោះអាចិត្រ ឈ្មោះអាសី និង៣នាក់ទៀត មិនស្គាល់ឈ្មោះ បាននាំគ្នាដេញតាមវាយទៅលើភាគីទី១ ហើយភាគីទាំងពីរក្រុម បានវាយគ្នាទៅវិញទៅមក បណ្តាលឱ្យរងរបួសស្រាលទាំងសងខាង។ បន្ទាប់ពីទទួលបានដំណឹងនោះហើយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹក បានចុះធ្វើការអន្តរាគមន៍ឃាត់ខ្លួនភាគីទាំងសងខាង បាន៤នាក់ ក្នុងនោះភាគីទី១ ចំ នួន៣នាក់ និងភាគីទី២ ចំនួន១នាក់។

បន្ទាប់មក សមត្ថកិច្ច បាននាំយកជនសង្ស័យ ទាំង៤នាក់ ទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹក ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់៕

RELATED ARTICLES