ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ ចំនួន៣នាក់ ប្រដាប់ដោយអាវុធខ្លី ចំនួន២ដើម បានចុះពីលើរថយន្ត ម៉ាកតូយ៉ូតា ព្រូស ១គ្រឿង បានចូលទៅធ្វើសកម្មភាពភ្ជង់ប្លន់និងឆក់យកកាបូបលុយ ពីបុគ្គលិកចាក់សាំងម្នាក់ អស់ជាង ៣ពាន់ដុល្លារ រួចរត់ឡើងជិះរថយន្ត គេចខ្លួនបាត់ដោយសុវត្ថិភាព។

ករណីចោរជិះឡានភ្ជង់ប្លន់បុគ្គលិកចាក់សាំងនេះ បានកើតឡើងកាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ នៅចំណុចស្ថានីយប្រេង ១កន្លែង ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

តាមប្រភពជនរងគ្រោះដែលជាអ្នកលក់សាំង បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ ខណៈដែលគាត់កំពុងឈរចាំចាក់សាំង ឱ្យភ្ញៀវ ស្រាប់តែឃើញមានរថយន្ត ១គ្រឿង ម៉ាកតូយ៉ូតាព្រូស ពណ៌ស ស៊េរីឆ្នាំ២០១២ មិនចាំស្លាកលេខ បានបើកចូលមកក្នុងស្ថានីយប្រេង ដោយដំបូងឡើយ គាត់នឹកស្មានថាភ្ញៀវចូលមកចាក់សាំង លុះ ពេលចូលមកដល់ ជនសង្ស័យដែលមានគ្នាទាំងអស់ ៣នាក់ ក្នុងនោះម្នាក់ជាអ្នកបើកបរ ចំណែក ២នាក់ទៀត បានបើកទ្វារចុះពីរថយន្ត និងប្រដាប់ដោយអាវុធខ្លី ម្នាក់១ដើម បានចូលមកភ្ជង់ និងឆក់យកកាបូបលុយ ដែលគាត់ស្ពាយជាប់ខ្លួន រួចរត់ឡើងរថយន្ត គេចខ្លួនទៅបាត់។ ដោយក្នុងកាបូបនោះ មានប្រាក់ប្រមាណ ៣០០០ ដុល្លារ។

ពាក់ព័ន្ធនឹងករណីភ្ជង់ប្លន់បុគ្គលិកចាក់សាំង នៅក្រុងប៉ោយប៉ែត ខាងលើនេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត បានឱ្យដឹងថា ពេលនេះ សមត្ថកិច្ចទទួលបានមុខសញ្ញាហើយ ដោយជនសង្ស័យ គឺជាជនបរទេសដែលធ្វើសកម្មភាពប្លន់ មានអាវុធខ្លី ចំនួន២ដើម ពេលនេះកម្លាំងជំនាញកំពុងស្រាវជ្រាវតាមរយៈស្លាកលេខរថយន្ត នៅខេត្តស្វាយរៀង និងកំពុងតាមចាប់ខ្លួន៕
