Thursday, April 30, 2026
Homeសន្ដិសុខសង្គមចោរលួចមាស៥តម្លឹង លុយ៤លាន កូនចាយលុយហ្មត់ ម៉ែយកមាសរត់

ចោរលួចមាស៥តម្លឹង លុយ៤លាន កូនចាយលុយហ្មត់ ម៉ែយកមាសរត់

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីជាអ្នករស់នៅជាយដែន ហេតុតែភ័យខ្លាចកើតមានសង្គ្រាមសម្រេចចិត្តប្រមូលលុយកាក់ និងទ្រព្យសម្បត្តិ (មាសជាង ៥តម្លឹង និងលុយ ជាង៤លានរៀល) ទុកក្នុងកាបូប ស្ពាយជាប់ខ្លួនជានិច្ច លុះវេលាទៀបភ្លឺ រៀបចំបើកតូបលក់ដូរ រវល់ចូលបន្ទប់ទឹក ១ភ្លែត ដោយទុកកាបូបនៅលើគ្រែ ត្រូវជនសង្ស័យម្នាក់ ចូលមកលួចបាត់ អស់៦ថ្ងៃ ទើបត្រូវសមត្ថកិច្ចចាប់ខ្លួនបាន តែពេលសាកសួរ ជនសង្ស័យប្រាប់ថា មាសដែលខ្លួនលួចបាន ត្រូវម្តាយយករត់បាត់ហើយ រីឯលុយ៤លាន ត្រូវបានខ្លួនយកទៅចាយហ្មត់ ធ្វើឱ្យស្ត្រីរងគ្រោះជាម្ចាស់ទ្រព្យ ទួញយំសុំអន្តរាគមន៍ពីសមត្ថកិច្ច តាមចាប់ខ្លួនជនសង្ស័យ ដើម្បីយកមាសរបស់ខ្លួន ត្រ ឡប់មកវិញ។

ករណីអំពើលួច (លួចលុយ ជាង៤លានរៀល និងមាស ជាង៥តម្លឹង) នេះ បានកើតឡើង កាលពីវេលាទៀបភ្លឺ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ នៅចំណុចផ្ទះជួល ១កន្លែង ស្ថិតក្នុងសង្កាត់បាលិលេយ្យ២ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ រហូតដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ទើបសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន ប៉ុន្តែលុយ ជាង៤លានរៀល ត្រូវជនសង្ស័យចាយហ្មត់ រីឯមាស ជាង៥តម្លឹង ត្រូវបានម្តាយជនសង្ស័យ យករត់គេចបាត់ទៅហើយ។

ស្ត្រីរងគ្រោះដែលត្រូវចោរលួចលុយ និងមាស អស់ពីខ្លួន មានឈ្មោះឡុង ចាន់នី អាយុ៥៤ឆ្នាំ មុខរបរលក់ប្រហុកផ្អក និងស្ពៃជ្រក់ ស្នាក់នៅបន្ទប់ជួល ក្នុងសង្កាត់បាលិលេយ្យ២ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

តាមសម្តីស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា មាសនិងលុយដែលត្រូវជនសង្ស័យលួចយកទៅនោះ សរុបមាន លុយ ចំនួនជាង ៤លានរៀល និងមាស (ខ្សែក ខ្សែដៃ) ទម្ងន់៥តម្លឹង និង១ជីកន្លះ) ជាទ្រព្យសម្បត្តិដែលគាត់ខំសន្សំអស់រយៈពេលជាង ១០ឆ្នាំមកហើយ និងមានបំណងយកមកសង់ផ្ទះ គ្រាន់ស្នាក់នៅឱ្យបានសមរម្យ ឈប់ជួលផ្ទះគេនៅ តែពេលនេះ បែរជាត្រូវរលាយអស់ត្រឹមតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ។

ស្ត្រីរងគ្រោះ បានរៀបរាប់ពីដំណើរដើមហេតុថា ដើមឡើយ ដោយសារតែប្រទេសជាតិ ទទួលរងសង្គ្រាមឈ្លាន ពានពីសំណាក់ទាហានថៃ ចំនួន២ជុំ រួចមកហើយ ទើបធ្វើឱ្យរូបគាត់ដែលជាអ្នករស់នៅជាយដែន មានការភ័យខ្លាច ក្រែងកើតមានសង្គ្រាមជុំទី៣ ត្រូវរស់ភៀសខ្លួនក្នុងកាលៈទេសៈណាមួយ ទើបគាត់សម្រេចចិត្តប្រមូលលុយកាក់និងទ្រព្យសម្បត្តិដែលគាត់ខំសន្សំស្ទើរពេញមួយួជីវិតមកហើយ ក្នុងនោះ រួមមាន មាស ៥តម្លឹង និង១ជីកន្លះ ព្រមទាំងលុយខ្មែរជាង៤លានរៀល យកមកដាក់ក្នុងកាបូប ស្ពាយជាប់ខ្លួនជានិច្ច ក្រែងថ្ងៃណាមួយ ត្រូវរត់ភៀសខ្លួនបន្ទាន់ មានលុយកាក់ និងមាសប្រាក់ ជាប់ខ្លួនជាស្រេច។

ស្ត្រីរងគ្រោះ បន្តថា លុះមកដល់វេលាទៀបភ្លឺ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ គ្រាដែលគាត់ភ្ញាក់ពីដេក រៀបចំបើកតូបលក់ដូរដូចសព្វដង គាត់ក៏បានទុកកាបូបស្ពាយ ដែលមានមាស និងលុយ នៅក្នុងនោះផង ទុកនៅលើគ្រែ រួចគាត់ក៏បានចូលបន្ទប់ទឹក ១ភ្លែត ស្រាប់តែពេលនោះ (ពិនិត្យតាមកាមេរ៉ាសុវត្ថិភាព) ក៏មានជនសង្ស័យម្នាក់ វ័យមិនដល់ ២០ឆ្នាំផង បានដើរមកមុខតូបលក់ដូរគាត់ ដោយមានកាន់អំបោស១ ជាប់ដៃ និងធ្វើអាការដូចមនុស្សសតិមិនគ្រប់ បានដើររេរាចុះឡើង នៅមុខតូបគាត់ លុះពេលឃើញគ្មានមនុស្សនៅ ជនសង្ស័យបាន ចូលទៅលួចយកកាបូបរបស់គាត់ ដែលទុកនៅលើគ្រែ រួចរត់គេចខ្លួនបាត់ភ្លាមៗតែម្តង។ ចំណែកគាត់ ពេលចេញពីបន្ទប់ទឹក បាត់កាបូប រកមិនឃើញ ក៏ផ្អើលឆោឡោ និងពិនិត្យមើលតាមកាមេរ៉ាសុវត្ថិភាព ទើបដឹងថា មានជនសង្ស័យ ចូលមកលួចកាបូបរបស់គាត់ ហើយភ្លាម នោះ គាត់ក៏ប្រញាប់ទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថ កិច្ចជួយអន្តរាគមន៍ភ្លាមៗតែម្តង។

ស្ត្រីរងគ្រោះខាងលើ បានឱ្យដឹងបន្តទៀតថា លុះរំលងបាន ៦ថ្ងៃ គឺនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ទើបគាត់បានទទួលដំណឹងពីសមត្ថកិច្ចថា ប៉ូលិស ចាប់បានជនសង្ស័យដែលលួចកាបូបលុយគាត់នោះហើយ ធ្វើឱ្យគាត់ត្រេកអរយ៉ាងខ្លាំង នឹកថាបានរបស់ទ្រព្យគាត់មកវិញហើយ រួចក៏ប្រញាប់ធ្វើដំណើរទៅប៉ុស្តិ៍ប៉ូលិសភ្លាម។ លុះទៅដល់ ធ្លាក់ថ្លើមក្តុក ព្រោះតែប៉ូលិសចាប់បានតែជនសង្ស័យ ចំណែកលុយនិងមាស រកមិនឃើញឡើយ ដោយជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានលួចកាបូបលុយគាត់ ដែលក្នុងកាបូបនោះ ពិតជាមានលុយ ជាង៤លានរៀល និងមាស ជាង៥តម្លឹងមែន តែលុយ ជាង៤លានរៀលនោះ រូបគេបានដើរស៊ីចាយក្នុងថ្ងៃចូលឆ្នាំខ្មែរ អស់ទៅហើយ។ រីឯមាសជាង ៥តម្លឹងទៀតនោះ ត្រូវម្តាយរបស់ខ្លួន យករត់គេចខ្លួនទៅខេត្តសៀមរាប បាត់ទៅហើយ។ ជនសង្ស័យបានសារភាពបន្តថា មូលហេតុដែលគេលួច ដោយសារតែទីទ័លក្រ ណាមួយម្តាយជំពាក់បំណុលគេច្រើនផង។

ស្ត្រីរងគ្រោះជាម្ចាស់ទ្រព្យ បានទួញយំ និងលើកដៃសំពះសំណូមពរដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ពិសេសថ្នាក់ដឹកនាំ សូមមេត្តាជួយអន្តរាគមន៍ស្រាវជ្រាវតាមចាប់ខ្លួនស្ត្រីជាម្តាយជនសង្ស័យ ឱ្យបានឆាប់រហ័សផង ក្រែងអាចប្រមូលយកមាសជាង ៥តម្លឹង របស់គាត់ ត្រឡប់មក វិញទាន់ពេល ព្រោះទ្រព្យសម្បត្តិទាំងនេះ គឺជាកម្លាំង ញើសឈាមរបស់គាត់ ដែលខំប្រឹងសន្សំស្ទើរពេញ ១ជីវិតមកហើយ មិនដែលហ៊ានចាយផ្តេសផ្តាសឡើយ ដោយមានគម្រោងថា នឹងសង់ផ្ទះតូចមួយគ្រាន់បានជ្រកកោន ស្នាក់នៅសមរម្យនឹងគេ លែងជួលផ្ទះគេនៅ ព្រោះតាំងពីដឹងក្តី ចេញរកស៊ីមក គាត់ដើរតែជួលផ្ទះគេនៅប៉ុណ្ណោះ មិនទាន់មានលទ្ធភាពទិញឬសង់ផ្ទះរស់នៅផ្ទាល់ខ្លួននៅឡើយ។ លុះសន្សំបានមាសប្រាក់មួយចំនួននេះ គ្រោងសង់ផ្ទះនៅ ដឹងអី បែរជាត្រូវរលាយអស់ ក្រោមស្នាដៃចោរជើងល្អ ២នាក់ម៉ែកូន នេះទៅវិញ៕

RELATED ARTICLES