ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ជនជាតិថៃ ចំនួន ៦៣៥នាក់ដែលពាក់ព័ន្ធនឹងការលបលួចធ្វើអាជីវកម្មអនឡាញ ខុសច្បាប់ និងបណ្តាញឧក្រិដ្ឋកម្មឆ្លែងដែន ត្រូវបានបណ្តេញចេញទៅប្រទេសថៃ តាមច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ក្រោយពីសមត្ថកិច្ចបានបំពេញបែបបទស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

លោកឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គស្នងការរងនគរបាលជាតិកម្ពុជា ដែលដឹកនាំប្រតិបត្តិការនេះ បានឱ្យដឹងថា “ចំណែកជនសង្ស័យ ចំនួន៣០នាក់ ត្រូវបានសមត្ថកិច្ចកម្ពុជាបាននិងកំពុងរៀបចំអនុវត្តនីតិវិធីច្បាប់បន្ត ចំពោះបទល្មើសដែលបានប្រព្រឹត្ត។ ការបណ្តេញចេញជនជាតិថៃ នេះ ត្រូវបានធ្វើឡើងដោយមានការសម្របសម្រួល សហការរវាងសមត្ថកិច្ចកម្ពុជា និងថៃ”។

គួរបញ្ជាក់ថា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ កម្លាំងប្រតិបត្តិការចម្រុះរបស់កម្ពុជា ក្រោមការដឹកនាំរបស់អគ្គ ស្នងការដ្ឋាននគរបាលជាតិ និងដោយមានការសម្របសម្រួលនីតិវិធីពីអយ្យការអមសាលាដំបូងខេត្តបន្ទាយ មានជ័យ បានចុះបង្រ្កាបទីតាំងមួយ មានសណ្ឋានជាអគារខុនដូ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយ មានជ័យ ដែលពាក់ព័ន្ធនឹងការលបលួចធ្វើអាជីវកម្មឆបោកអនឡាញខុសច្បាប់ ល្បែងស៊ីសងអនឡាញ និងសកម្មភាពដែលអាចពាក់ព័ន្ធនឹងបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន ដោយបានឃាត់ខ្លួនជនបរទេស ជាច្រើននាក់ ក្នុងនោះភាគ ច្រើជាជនជាតិថៃ ។

តាមលទ្ធផលបឋម អាជ្ញាធរកម្ពុជា បានរកឃើញវត្ថុតាងជាច្រើន រួមមាន ទូរស័ព្ទដៃ ៤៦៨៥គ្រឿង Monitor ចំនួន ៤១៦គ្រឿង និងឧបករណ៍ពាក់ព័ន្ធផ្សេងៗ។ ការត្រួតពិនិត្យឧបករណ៍អេឡិចត្រូនិក ក៏បានរកឃើញវេប សាយល្បែងអនឡាញជាច្រើន ដែលមានទិសដៅអតិថិជនទៅកាន់ប្រទេសថៃ៕



