ខេត្តបន្ទាយមានជ័យៈ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ បានបន្តចុះពិនិត្យទីតាំងអគារ ១កន្លែង ដែលលួចប្រព្រឹត្តបទល្មើសឆបោកតាមបច្ចេកវិទ្យា (Online Scams) តែមិនឃើញជនល្មើសឡើយ។

ប្រតិបត្តិការនេះ បានធ្វើឡើងនៅចំណុចអគារមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥៨ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត ដោយមានការចូលរួមពីកម្លាំងស្នងការដ្ឋាននគរបាលខេត្ត និងកងរាជអាវុធហត្ថ ខេត្ត ផងដែរ។

នៅក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងជំនាញបានរកឃើញទូរស័ព្ទនិងកុំព្យូទ័រ ជាច្រើនគ្រឿង ដែលបម្រើឱ្យសកម្ម ភាពលួចប្រព្រឹត្តបទល្មើសឆបោកតាមបច្ចេកវិទ្យា (Online Scams) តែមិនឃើញជនល្មើសឡើយ។ កម្លាំងជំនាញ បានសម្រេចបិទសៀលទីតាំងខាងលើ ជាបណ្តោះអាសន្ន ដើម្បីបន្តស្រាវជ្រាវតាមនីតិវិធី៕

