ភ្នំពេញ ៖ ក្រសួងបរិស្ថាន នឹងធ្វើការបិទផលិតកម្មរោងចក្រផលិតដំណាប់ស្វាយ ១កន្លែង នៅរាជធានីភ្នំពេញ និងរោងចក្របោកគក់ ឈ្មោះ Kniteracy Asia Company Limited Garment, Knitting នៅក្នុងខេត្តកណ្តាល ដែលបានរារាំងសមត្ថកិច្ច មិនឲ្យចូលត្រួតពិនិត្យករណីសង្ស័យប្រព្រឹត្តបទល្មើសបង្ហូរសំណល់រាវ មានពណ៌ខ្មៅនិងក្លិនស្អុយ ចូលក្នុងប្រឡាយទឹកសាធារណៈ។

ក្រសួងបរិស្ថាន នឹងធ្វើការបិទដំណើរការអាជីវកម្ម ជាបណ្ណោះអាសន្ន ចំពោះរោងចក្រ ទាំង២ទីតាំង ទី១-រោង ចក្រផលិតដំណាប់ស្វាយ (ពុំមានឈ្មោះ) នៅទីតាំងភូមិសាស្ត្រ នៃសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ និង២-រោងចក្របោកគក់ ឈ្មោះ Kniteracy Asia Company Limited Garment, Knitting ស្ថិតនៅក្នុងឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលពាក់ព័ន្ធនឹងការបង្ហូរសំណល់រាវមានពណ៌ខ្មៅនិងក្លិនស្អុយ ចូលក្នុងប្រឡាយទឹកសាធារណៈ។

គួរបញ្ជាក់ថា នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចត្រូវបានរារាំង មិនឱ្យចុះត្រួតពិនិត្យនៅក្នុងទីតាំងរោង ចក្រ ទាំង២ខាងលើ ពាក់ព័ន្ធនឹងបញ្ហាបំពុលបរិស្ថាន។ ឆ្លើយតបនឹងបញ្ហានេះ ក្រសួងបរិស្ថាន សម្រេចបិទ ផលិតកម្មរោងចក្រជាបណ្ណោះអាសន្ន ស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិ និងបទដ្ឋានគតិយុត្ត ជាធរមាន របស់កម្ពុជា។

យោងតាមក្រមបរិស្ថាននិងធនធានធម្មជាតិ នៃព្រះរាជាណាចក្រកម្ពុជា រោងចក្រ សហគ្រាស ដែលមិនសហ ការ ឬរារាំងមិនឱ្យមន្ត្រីបរិស្ថាន ចូលត្រួតពិនិត្យការបំពុល ត្រូវរងទណ្ឌកម្មតាមផ្លូវច្បាប់ ជាធរមាន។ ក្រមបរិ ស្ថាននិងធនធានធម្មជាតិ មាត្រា៨១៥ ត្រង់ចំណុច ក បានចែងពីតួនាទីនិងភារកិច្ចរបស់មន្ត្រីអធិការកិច្ចរបស់ក្រសួង ទទួលបន្ទុកវិស័យបរិស្ថាន និងធនធានធម្មជាតិ ដែលក្នុងនោះ បានចង្អុលបង្ហាញការធ្វើអធិការកិច្ច តាមដាន ស្រាវជ្រាវ ត្រួតពិនិត្យ និងជំរុញការអនុវត្តបញ្ញតិ នៃក្រមនេះ ពាក់ព័ន្ធនឹងកិច្ចការពារបរិស្ថាន និងកិច្ច គាំពារបរិស្ថាន ក្រោមសមត្ថកិច្ចរបស់ក្រសួង ទទួលបន្ទុកវិស័យបរិស្ថាន និងធនធានធម្មជាតិ។

ដូចគ្នាដែរ អនុក្រឹត្យលេខ ២៤១ អនក្រ.បក ចុះថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងបរិស្ថាន ត្រង់មាត្រា២ មាត្រា២២ មាត្រា២៧ ក៏មានចែងអំពីតួនាទីមន្ត្រីជំនាញក្រសួងបរិស្ថាន មានសម ត្ថកិច្ចពិនិត្យបទល្មើសបរិស្ថាន នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងនាមមន្ត្រីអធិការកិច្ចគាំពារបរិស្ថាន របស់ក្រ សួងបរិស្ថាន ទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌ ហើយមានអំណាចឆែកឆេរ ចាប់យកវត្ថុតាង កោះហៅបុគ្គលពាក់ព័ន្ធនឹងបំពេញកិច្ចនីតិវិធីដទៃទៀត។

លើសពីនេះ ប្រកាសលេខ ០១៩ ប្រ.ក ប.ស្ថ ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ ស្តីពីនីតិវិធីនៃការត្រួតពិនិត្យនិងការធ្វើអធិការកិច្ចការបំពុលបរិស្ថាន ត្រង់ប្រការ៦ ប្រការ៩ ប្រការ១០ ប្រការ១១ ប្រការ១៥ ប្រការ១៩ ក៏មានចែងអំពីម្ចាស់ ឬតំណាងស្របច្បាប់ របស់ទីតាំង ផលិតកម្ម អាជីវកម្ម ឬសេវាកម្ម ដែលរារាំងការចូលក្នុងទីតាំង ឬពុំព្រមផ្តល់កិច្ចសហការសម្រាប់ការបំពេញភារកិច្ចរបស់មន្ត្រីអធិការកិច្ច ដូចមានចែងកំណត់នៅក្នុងប្រកាសនេះ ត្រូវទទួលទណ្ឌកម្ម ឬទោសអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន៕
