Tuesday, May 19, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចោរលួចឡាន បើករត់បុករះ ជាប់ខ្នោះ

ចោរលួចឡាន បើករត់បុករះ ជាប់ខ្នោះ

ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចប្រដេញតាមឃាត់ខ្លួនបានភ្លាមៗ ក្រោយពីធ្វើសកម្មភាពលួចរថយន្ត ចេញពីស្ថានីយប្រេង មួយកន្លែង នៅផ្លូវជាតិលេខ២ ក្នុងមូលដ្ឋានខណ្ឌមានជ័យ ហើយបើកគេចទៅបុករះរថយន្ត ២គ្រឿង និងម៉ូតូកង់បី ១គ្រឿង បណ្តាលឱ្យខូចខាត កាលពីវេលាម៉ោង ៧និង១៥នាទីយប់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា ព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BT-9321 ចតនៅក្នុងការ៉ាស់សាំង មួយកន្លែង នៅលើផ្លូវជាតិលេខ២។ ក្រោយមកស្រាប់តែលេចមុខជនសង្ស័យម្នាក់ ចូលទៅធ្វើសកម្មភាពលួចរថយន្តនោះ បានសម្រេច ហើយព្យាយាមបើករត់គេចពីផ្លូវជាតិលេខ២ ក្នុងខណ្ឌមានជ័យ ទៅបុករះរថយន្ត ១គ្រឿង និងម៉ូតូកង់បី ១គ្រឿង ខណៈសមត្ថកិច្ចជិះប្រដេញតាមពីក្រោយ ហើយជនសង្ស័យប្រឹងបន្តល្បឿនបើករត់ទៅមុខ ឆ្ពោះទៅផ្លូវព្រះនរោត្តម ក៏បានទៅបុករថយន្ត ចំនួន១គ្រឿងបន្ថែមទៀត ទើបរថយន្តទៅមុខលែងរួច និងត្រូវសមត្ថកិច្ចចាប់បានដឹកយកទៅប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម ដើម្បីសាកសួរ។

ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានហើយ ភាគីរថយន្តរងគ្រោះ ចំនួន២គ្រឿង និងម៉ូតូកង់បី ១គ្រឿង បានសុំយកទៅជួសជុលរៀងៗខ្លួន។ ចំណែករថយន្តដែលត្រូវចោរលួចនោះ សមត្ថកិច្ចជំនាញបានស្ទូចយកទៅរក្សាទុក ជាបណ្តោះអាសន្ន រង់ចាំប្រគល់ជូនឱ្យម្ចាស់វិញ៕

RELATED ARTICLES