ខេត្តកំពង់ស្ពឺ ៖ ក្រុមគ្រួសារមួយ ទើបនឹងចាប់ផ្តើមបើកអាជីវកម្ម (ហាងលក់បាយ) ថ្ងៃដំបូងបែរជាជួបគ្រោះអកុសល ដោយស្ត្រីជាម្តាយ កំពុងធ្វើម្ហូប ដើម្បីដាក់លក់ ស្រាប់តែផ្ទុះធុងហ្គាស់ បង្កជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យកូនស្រីវ័យជំទង់ម្នាក់ កំពុងសម្រាកនៅបន្ទប់ជាន់ឡៅតឿ រត់ចុះមិនរួច ត្រូវភ្លើងឆេះស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍គ្រោះអគ្គិភ័យ ដោយផ្ទុះធុងហ្គាស់នេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង២០នាទីព្រឹក ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចហាងលក់បាយ ១កន្លែង ក្បែរបុរីជ័យឧត្តម តាមបណ្តោយផ្លូវជាតិលេខ៤១ ស្ថិតក្នុងភូមិឧកញ៉ាទេព ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ក្មេងស្រីរងគ្រោះដែលបាត់បង់ជីវិត មានឈ្មោះ ទេស ស្រីពីន ភេទស្រី អាយុ១៥ឆ្នាំ មុខរបរ សិស្ស មានម្តាយឈ្មោះ ទេស ពៅ អាយុ៥៨ឆ្នាំ មុខរបរលក់បាយ ឪពុកឈ្មោះ ព្រីម សារុណ អាយុ៦១ឆ្នាំ មុខរបរលក់បាយ។ ក្រុមគ្រួសារនេះ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិឧកញ៉ាទេព ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ក្រុមគ្រួសារខាងលើ ទើបមកជួលផ្ទះ ដើម្បីបើកលក់អាហារ (លក់បាយ) ហើយថ្ងៃកើតហេតុ ជាថ្ងៃដែលទើបនឹងចាប់បើកលក់ ថ្ងៃដំបូង ដោយមុនពេលកើតហេតុ ស្ត្រីជាម្តាយ ឈ្មោះទេស ពៅ បានធ្វើម្ហូប ដើម្បីលក់ ស្រាប់តែក្រោយមក ផ្ទុះធុងហ្គាស់ ធ្វើឱ្យឆាបឆេះសម្ភារៈក្នុងផ្ទះ និងបណ្តាលឱ្យបុរសជាប្តី ឈ្មោះព្រីម សារុណ រងរបួសផងដែរ។ ដោយឡែកកូនស្រី ឈ្មោះទេស ស្រីពីន កំពុងសម្រាកនៅជាន់ឡៅតឿ រត់ចុះមិនទាន់ ក៏ត្រូវភ្លើងឆេះរលាក បណ្តាលឱ្យរងរបួសធ្ងន់ និងបានស្លាប់ ក្រោយ ពេលដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

លោកវរសេនីយ៍ឯក ឃុត សុផល អធិការស្រុកសំរោងទង បានឱ្យដឹងថា ទីតាំងផ្ទះជួលកើតហេតុខាងលើ មានជាន់ឡៅតឿ ហើយពេលកើតមានអគ្គិភ័យភ្លាមៗ ក្មេងស្រីរងគ្រោះ កំពុងសម្រាកនៅជាន់ខាងលើ ហើយអណ្តាតភ្លើងឆាបឆេះលឿនពេក និងមានកម្តៅខ្លាំង ទើបការ ព្យាយាមជួយសង្គ្រោះ មិនអាចធ្វើទៅបាន ព្រោះទម្រាំពលរដ្ឋនាំគ្នាទាញអូសធុងហ្គាស់ចេញ និងពន្លត់ភ្លើងបាន បណ្តាលឱ្យក្មេងស្រីរងគ្រោះ បានស្លាប់ទៅហើយ ដោយសារតែរងរបួសយ៉ាងធ្ងន់។
លោកអធិការ បញ្ជាក់ថា ក្នុងករណីអគ្គិភ័យនេះ បានបណ្តាលឱ្យខូចខាតសម្ភារៈ រួមមាន កង្ហារ ចំនួន១ ពូក ចំនួន១ ទូទឹកកក ចំនួន១ និងខូចខាតសម្ភារៈប្រើប្រាស់មួយចំនួនទៀត។

សពក្មេងស្រីរងគ្រោះ ត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី នៅវត្តចែងមែង ស្ថិតនៅភូមិចែងមែង ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល៕