Wednesday, May 20, 2026
Homeសង្គម និងជីវិតម៉ូតូកង់បីឆេះហ្មត់ បាត់ប្តីជិត១ខែ ប្រពន្ធថាយូរណាស់ សម្តេច ជួយផង

ម៉ូតូកង់បីឆេះហ្មត់ បាត់ប្តីជិត១ខែ ប្រពន្ធថាយូរណាស់ សម្តេច ជួយផង

ភ្នំពេញ ៖ ស្ត្រីជាប្រពន្ធបុរសរត់កង់បី ដែលបាត់ប្តីជិត១ខែ មកហើយ នៅមិនទាន់មានដំណឹង នោះ បានបង្ហាញនូវអារម្មណ៍សោកសៅ និងអស់សង្ឃឹមយ៉ាងខ្លាំង ខណៈប្រឹងស្វែងរកប្តី សព្វកន្លែង នៅតែគ្មានតម្រុយ រហូត ដល់ដាច់ចិត្តទទូចស្នើសុំថ្នាក់ដឹកនាំ ពិសេស សម្តេច ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្តេច ហ៊ុន ម៉ាណែត នា យករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជួយអន្តរាគមន៍ករណីនេះផង ខណៈកូនយំរកប៉ា រាល់ថ្ងៃ ម្តាយស្ទើរប្រេះទ្រូង មិនដឹងឆ្លើយប្រាប់កូនយ៉ាងណា?

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ស្ត្រីជាប្រពន្ធបុរសកង់បី បានបង្ហោះវីដេអូមួយ បង្ហាញពីទិដ្ឋភាពកូនស្រីតូចរបស់ខ្លួន កំពុងទួញយំស្រែកដង្ហោយរកឪពុក ដោយមិនដឹងថា ពេលនេះឪពុក កំពុងនៅទីណា? សុខទុក្ខយ៉ាងណា? ស្លាប់រស់ក៏មិនដឹង ខណៈដែលស្ត្រីជាម្តាយ បានត្រឹមនិយាយលួងកូនស្រីថា “កុំយំកូន ប៉ាទៅធ្វើការតើ ប៉ាជិតមកវិញហើយ…”។

ស្ត្រីជាប្រពន្ធបុរសកង់បី បានបញ្ជាក់តាមរយៈសំណេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួនថា “យំ ដង្ហោយរកប៉ាទៀតហើយ កូនម៉ាក់អើយ! តើឱ្យម៉ាក់គួរធ្វើបែបណាទៅកូន? រយៈពេល ២៤ថ្ងៃហើយ ដែលបាត់ដំណឹងប្តី គ្មានដំណឹងអីបន្តិចសោះ ពេលដែលបារម្ភពីប្តីខ្លាំងសួរនាំទៅដល់ប៉ូលិសទៅ គាត់និយាយមួយម៉ាត់យ៉ាងខ្លីថា គេកំពុងតែធ្វើការ។ វាយូរខ្លាំងណាស់សម្រាប់ក្រុមគ្រួសារខ្ញុំ ដែលរង់ចាំប្តី សូម្បីតែការស្លាប់ឬរស់ ក៏មិនដឹងផង រាល់ថ្ងៃនេះគ្មានដំណឹងអីបន្តិចសោះ នាងខ្ញុំសុំស្នើទៅដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ សុំគាត់ជួយធ្វើរឿងក្តីនេះ ឱ្យឆាប់លឿនផង។ នាងខ្ញុំសុំលើកម្រាមដៃ១០ ស្នើសុំសម្តេចពុក សម្តេចម៉ែ និងសម្តេចបវរ ធិបតី ហ៊ុន ម៉ាណែត សូមជួយរឿងក្តីមួយនេះផង វាយូរខ្លាំងណាស់សម្រាប់ក្រុមគ្រួសារខ្ញុំ មកដល់ពេលនេះ រយៈពេល២៤ថ្ងៃហើយ គ្មានដំណឹងអ្វីបន្តិចសោះ កូនយំរកប៉ា រាល់ថ្ងៃ មិនដឹងថា ប៉ាគាត់ស្លាប់ឬក៏រស់ទេ នៅតែគ្មានដំណឹងពីប្តី សូម្បីតែបន្តិចសោះ…”។

ដោយឡែក កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ស្ត្រីជាប្រពន្ធបុរសរត់កង់បីដែលបាត់ខ្លួន បានបង្ហោះវីដេអូមួយ រៀបរាប់ថា “ថ្ងៃនេះ ខ្ញុំចេញវីដេអូ មកបកស្រាយ ដែលលេខដែលគាត់ទម្លាក់មកឱ្យខ្ញុំខលទៅគាត់ហ្នឹង គាត់ថាប្តីខ្ញុំហ្នឹង នៅមានជីវិត អ៊ីចឹងទៅ ខ្ញុំសូមមកបកស្រាយថា ខ្ញុំទាក់ទងទៅលេខហ្នឹងរួចហើយ គាត់ថា គាត់មានញាណផ្លូវក្នុង គាត់មើលមកថា ប្តីខ្ញុំហ្នឹងអត់ទាន់ស្លាប់ទេ ខ្ញុំបានទាក់ទងទៅគាត់រួចហើយ តែមានបងប្អូនជា ច្រើន ឃើញគាត់ខម្មិនហ្នឹងហើយ ទម្លាក់លេខមកហើយ គាត់ថា ប្តីខ្ញុំហ្នឹង នៅរស់ ខ្លួនឯងមានស្រី លួចទៅដុតកង់បីចោលខ្លួនឯង ទៅបំផ្លាញកង់បីចោល លួចមានស្រី មានអីចឹង តែខ្ញុំសូមបញ្ជាក់ណា ខ្ញុំខលទៅគ្រូហើយៗ ខ្ញុំខលទៅលេខហ្នឹងរួចហើយ គាត់ប្រាប់ខ្ញុំថា គាត់មើលផ្លូវក្នុង ឃើញថា ប្តីខ្ញុំហ្នឹងនៅមានជីវិត តែគេឃុំ អ៊ីចឹងខ្ញុំសុំចិត្តបងប្អូន បើមិនដឹងរឿងច្បាស់ទេ សូមកុំខម្មិនជេរគេ ទាំង ដែលខ្លួនឯងអត់ដឹងរឿងច្បាស់ ហើយចេះតែខម្មិនជេរថា ប្តីខ្ញុំហ្នឹងអ៊ីចេះ ប្តីខ្ញុំហ្នឹងអ៊ីចុះ រត់តាមស្រី ដុតកង់បីចោល បំផ្លាញខ្លួនឯង បើដឹងមិនច្បាស់ទេ សុំចិត្តអាណិតអាសូរទ្រូងខ្ញុំផង កុំចេះតែខម្មិន មានដៃ ចុចសរសេរ អត់ដឹងខ្យល់អីនោះ! ខ្ញុំបាត់ប្តីខ្ញុំទាំងមូល រយៈពេល ២០ថ្ងៃជាងហើយ អាសូរទ្រូងខ្ញុំផង ខ្ញុំគ្រូណាគេថាល្អ ខ្ញុំទៅគ្រូហ្នឹង ប៉ុន្តែនេះគឺគាត់មិនបានឃើញប្តីខ្ញុំផ្ទាល់ ភ្នែកទេ គាត់មើលតាមផ្លូវក្នុង លោកគ្រូហ្នឹង លេខដែលគាត់ទម្លាក់មកហ្នឹង គាត់ថា ប្តីខ្ញុំនៅមានជីវិត គាត់ថា គាត់មានញាណទាក់ទងគ្នា ហើយគាត់ថា ឱ្យខ្ញុំហ្នឹងទៅជួបគាត់ផ្ទាល់ តែខ្ញុំសុំចិត្តបងប្អូនដែលខម្មិនហ្នឹង សុំគិតពីទ្រូង ពីអារម្មណ៍ខ្ញុំផង…”៕ ដារិទ្ធ

RELATED ARTICLES