Monday, May 25, 2026
Homeសង្គម និងជីវិតកូនកន្ធាយក្បាលកង្កែប ២៥៧ក្បាល ញាស់នៅឆ្នេរខ្សាច់ទន្លេមេគង្គកម្ពុជា

កូនកន្ធាយក្បាលកង្កែប ២៥៧ក្បាល ញាស់នៅឆ្នេរខ្សាច់ទន្លេមេគង្គកម្ពុជា

ខេត្តក្រចេះ-ស្ទឹងត្រែង ៖ កាលពីពេលកន្លងទៅថ្មីៗ ក្នុងឆ្នាំ២០២៦ នេះ ក្រុមការងារអភិរក្សសត្វកន្ធាយក្បាលកង្កែប ដែលដឹកនាំដោយនាយកដ្ឋានអភិរក្សជលផល នៃអគ្គនាយកដ្ឋានជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងចូលរួមសហការដោយអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) កម្ពុជា បានស្រាវជ្រាវនិងរកឃើញសម្បុកកន្ធាយក្បាលកង្កែបចំនួន ១៤សម្បុក នៅតាមឆ្នេរខ្សាច់ នៃដងទន្លេមេគង្គ។ រហូតមកដល់ពេល នេះ សម្បុកចំនួន១២ នៃសម្បុកទាំង១៤ ដែលបានរកឃើញ មានកូនកន្ធាយញាស់ បានចំនួន ២៥៧ក្បាលហើយ ខណៈដែលក្រុមការងារកំពុងតាមដានការញាស់កូនកន្ធាយក្នុងសម្បុក ចំនួន២ទៀតដែលមិនទាន់មានកូនញាស់នៅឡើយ។

ក្នុងចំណោមកូនកន្ធាយដែលទើបញាស់ថ្មីទាំងអស់ កូនកន្ធាយចំនួន ៤៣ក្បាល បានចូលទៅក្នុងទន្លេមេគង្គ បន្ទាប់ពីញាស់ភ្លាមៗ ខណៈកូនកន្ធាយដែលនៅសល់នៅលើឆ្នេរខ្សាច់ ចំនួន២១៤ក្បាលទៀត ត្រូវបានក្រុម ការងារជំនាញ យកទៅថែទាំក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង ដើម្បីគាំពារនិងថែទាំឱ្យបានល្អ មុននឹងលែងចូលទៅទីជម្រកធម្មជាតិវិញ។ ការថែទាំនេះ គឺដើម្បីធានាថា កូនកន្ធាយ អាចមានលទ្ធភាពរស់រានបានល្អប្រសើរ បន្ទាប់ពីពួកវាត្រូវបានលែងចូលក្នុងទីជម្រកធម្មជាតិវិញ។

ការរកឃើញសម្បុកនិងការទទួលបានកូនញាស់ថ្មី ដោយជោគជ័យ ក្នុងរដូវកាលពងកូននេះ បានបង្ហាញពីសមិទ្ធផលជាទីមោទនៈ និងបានបង្ហាញពីកិច្ចសហការយ៉ាងជិតស្និទ្ធ រវាងក្រុមអ្នកស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល អង្គការ WCS អាជ្ញាធរមូលដ្ឋាន និងសហគមន៍នេសាទ ក្នុងការការពារ អភិរក្សទីជម្រកធម្មជាតិ និងការទប់ស្កាត់បទល្មើសនានាតាមដងទន្លេមេគង្គ ជាពិសេស បទល្មើសនេសាទខុសច្បាប់។

អគ្គនាយកដ្ឋានជលផល និងអង្គការ WCS សូមអំពាវនាវដល់បងប្អូនប្រជានេសាទ មេត្តាកុំនេសាទចាប់មេពូជកន្ធាយក្បាលកង្កែប យកមកធ្វើម្ហូប ជួញដូរ និងបំផ្លាញទីជម្រករបស់វា។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនដែលបានចូលរួមក្នុងកិច្ចសហការការពារ និងអភិរក្សប្រភេទសត្វកម្រ ទទួលរងគ្រោះជិតផុតពូជបំផុតនេះ៕ ខៀវទុំ

RELATED ARTICLES