Wednesday, May 27, 2026
Homeតារាខ្មែរនាយចឺម សង្ឃឹមតិច ស្រីណាន លើកពាន

នាយចឺម សង្ឃឹមតិច ស្រីណាន លើកពាន

ភ្នំពេញ ៖ នាយចឺម បានអះអាងថា ប្អូនជីដូនមួយរបស់លោក កញ្ញា ង៉ា ស្រីណាន ហៅណានណាន ដែលជាតារាសម្ដែងនិងកំប្លែង ត្រូវជាកូនស្រីអ្នកនាង ស្រីអ៊ីត ទៅប្រលងចម្រៀង កម្មវិធី X Factor Cambodia រដូវកាលទី២ នោះស្រីណាន សមត្ថភាពនៅមានកម្រិត ហើយបើនិយាយរឿងលើកពាន គឺសង្ឃឹមតិច  ប៉ុន្ដែនាយបានសន្យាជាមួយ ណាន ណាន ហើយថា ទោះជាជាប់ឬធ្លាក់ ក៏ត្រូវតែធ្វើពិធីជប់លៀងឲ្យនាងដែរ ។

នាយចឺម ប្រាប់អ្នកយកព័ត៌មាន «នគរធំ» នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ថា «ខ្ញុំមិនបានជំរុញឲ្យស្រីណាន ទៅប្រលងចម្រៀងទេ គឺម៉ែកូនគេ ទៅខ្លួនឯងតើ! និយាយទៅ សមត្ថភាពណាន ណាន នៅមានកម្រិត តែការទៅប្រលងអ៊ីចឹង ក៏ល្អម្យាងដែរ ព្រោះឲ្យដឹងថា អាជីពចម្រៀងហ្នឹង ពិបាកយ៉ាងម៉េច? ឲ្យគេចេះតស៊ូ ហើយតាមដឹង គាត់ស្រលាញ់ចម្រៀងហ្នឹងខ្លាំងដែរ។ ប៉ុន្ដែបើថាសង្ឃឹមថា គាត់ចូលទៅដល់វគ្គជ្រៅៗ ឬអត់? អាហ្នឹងខ្ញុំអត់ហ៊ានថាដែរ ព្រោះក្មេងៗជំនាន់ក្រោយហ្នឹង គេល្អ គេខ្លាំងៗណាស់»។

ថ្វីត្បិតតែនាយចឺម នៅស្ទាក់ស្ទើរចំពោះសមត្ថភាពរបស់ណាន ណាន ប៉ុន្ដែតាមរយៈការចាក់ផ្សាយកម្មវិធី X Factor Cambodia  រដូវកាលទី២ វគ្គ Judge Audition នៅយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ណាន ណាន ច្រៀងបទ «ដឹងទេថាខ្ញុំឈឺចាប់?» នាងទទួលបាន Yes ៤ ពីគណៈកម្មការទាំង៤រូប គឺឱក សុគន្ធកញ្ញា, សុខ សីឡាលីន, ឆន សុវណ្ណរាជ និងណុប បាយ៉ារិទ្ធ នាំឲ្យនាងឆ្លងទៅវគ្គបន្ដ។

ឆ្លើយតបសំណួរថា តើនាយចឺម រំពឹងថា ណានណាន អាចឈានទៅដល់វគ្គផ្ដាច់ព្រ័ត្រលើកពាន X Factor Cambodia  រដូវកាលទី២ ឬអត់ ? លោកសុខ មេសា និយាយលាយសំណើចថា លើកពានអីស្រួលៗម៉េះ? បើសិនជាកម្មវិធីប្រលងចម្រៀងនោះ មានតែគាត់ (ណាន ណាន) ម្នាក់ឯង នោះទើបគាត់អាចលើកពាន…(សើច) ។ ប៉ុន្ដែមានគេខ្លាំងរាប់ម៉ឺននាក់ដែរអីចឹងខ្ញុំមិនហ៊ានស្រមៃថា គាត់អាចទៅដល់ចំណុចនោះទេ ។

នាយចឺម ថា ណាន ណាន ក៏ដូចជាលោកដែរ ផ្ដើមពីអាជីពកំប្លែង និងចង់ឈោងចាប់ក្ដីស្រមៃជាតារាចម្រៀង ហើយនាយ ធ្វើវាបាន ក្លាយទៅជាការពិត ប៉ុន្ដែសម្រាប់ប្អូនជីដូនមួយនៅវែងឆ្ងាយ ។ លោកមេសា រំលឹកដែរថា កន្លងមក នាយក៏ធ្លាប់បង្ហាត់បង្រៀនបច្ចេកទេសច្រៀង ដល់ណាន ណាន ដែរ ហើយការប្រលង X Factor  Cambodia រដូវកាលពី២ នេះ ប្រសិន បើណាន ណា ពិតជាឈានទៅវគ្គជ្រៅៗមែននោះ នាយនឹងទៅលើកទឹកចិត្តនាង ដោយផ្ទាល់ផងដែរ ។

គួរបញ្ជាក់ថា ប្អូនជីដូនមួយនាយចឺម កញ្ញា ង៉ា ស្រីណាន ធ្លាប់ប្រលងកម្មវិធី X Factor Cambodia រដូវកាលទី១ កាលពីឆ្នាំ២០១៩ ម្ដងរួចហើយ តែកាលនោះ ម្ចាស់ពាន បានទៅលើលោក ចាន់ សុបញ្ញា ។ ណាន ណាន ក៏ធ្លាប់ប្រលងបវរកញ្ញាកម្មវិធី Miss Teen Cambodia 2023 ដែរ ដោយទទួលបានតំណែងលំដាប់រងទី៣ ។ ណាន ណាន ធ្លាប់ប្រាប់អ្នកយកព័ត៌មាន «នគរធំ» ថា តារាចម្រៀង ជា Idol ក្នុងដួងចិត្តនាង ហើយនាងចង់ល្បីដូចម្នាក់នោះ គឺ «បងចឺម» ។

អ្នកលេងបណ្ដាញសង្គម បានលើកឡើងថា នាយចឺម ជាតារាមានឥទ្ធិពលម្នាក់ របស់សាន់ដេ ហេតុនេះ នាយគួរតែអន្ដររាគមន៍ជួយណាន ណាន ឲ្យចូលច្រៀងជាមួយខ្លួន នៅផលិតកម្មនេះដែរ យូរហើយ ចាំបាច់អីឲ្យនាងប្រឈមប្រកួតប្រជែងជាមួយបេក្ខភាពខ្លាំងៗហើយពិបាកនឹងសង្ឃឹមឈ្នះពានបែបនេះ?

ទាក់ទងបញ្ហានេះ នាយចឺម អះអាងថា ប្រសិនបើណាន ណាន ចង់ចូលច្រៀងជាមួយខ្លួន នៅសាន់ដេ នោះនាយពិតជាអាចជួយបានមែន ។ ប៉ុន្ដែការចូលប្រលងចម្រៀង នាយក៏ចង់ឲ្យនាងដឹងថា អាជីពមួយនេះ ពិបាកម៉េច និងត្រូវចេះតស៊ូម៉េចដែរ តែនាយមិនបានជំរុញឲ្យទៅប្រលងចម្រៀងនោះទេ ។

សូមបញ្ជាក់ថា នាយចឺម អាយុ៣២ឆ្នាំ ធ្លាប់ប្រេះឆាស្នេហាជាបន្ដបន្ទាប់ ជាមួយតារាស្រីសិចស៊ី មានសម្រស់ស្អាតៗ មិនក្រោម៤នាក់ ប៉ុន្ដែនៅឆ្នាំ២០២៦ នេះនាយថា អត់ទាន់មានសង្សារថ្មី ។ នាយចឺម ថាចង់អ្នកណាជឿឬមិនជឿ នាយមិនខ្វល់ឡើយ ព្រោះសព្វថ្ងៃ គ្មានសង្សារមែន ហើយនាយក៏មិនដឹងថា ប៉ុន្មានឆ្នាំទៀត ទើបគិតគួររឿងយកប្រពន្ធកូនឡើយ ខណៈដែលកាលពីឆ្នាំ២០២២ នាយថាចង់រៀបការ នៅអាយុ២៩ឆ្នាំ ពោលគឺនៅឆ្នាំ២០២៣ តែឥឡូវ លោកបានប្ដូរចិត្តវិញ ៕

RELATED ARTICLES