Thursday, May 28, 2026
Homeតារាខ្មែរអ៊ីង អ៊ីង វះកាត់ដុំគីស នៅវៀតណាម

អ៊ីង អ៊ីង វះកាត់ដុំគីស នៅវៀតណាម

ប្រទេសវៀតណាម ៖ តារាសម្ដែងរូបស្រស់ អ៊ីង អ៊ីង បានចូលពេទ្យ វះកាត់ដុំគីស ជាបន្ទាន់ នៅប្រទេសវៀតណាម កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ខណៈដែលសង្សារសំណព្វចិត្តរបស់នាង លោកពឹង ច័ន្ទបូរមី ហៅពឹង ពុទ្ធិស័ក្តិ យកចិត្តទុកដាក់និងមើលថែនាងដល់មន្ទីរពេទ្យ ពិសេស ក្រោយដឹងថា អ៊ីង អ៊ីង វះកាត់ ជោគជ័យ លោកសប្បាយចិត្តណាស់ ។

កញ្ញា អ៊ីង អ៊ីង បានឆ្លើយតបទៅអ្នករួមអាជីព និង Fan ដែលខម្មិនសួរពីស្ថានភាពជំងឺនិងសុខភាពនាងថា «អរគុណបងៗ អូនវះបានធូរហើយណា អូនសង្ឃឹមគ្រប់យ៉ាងនឹងល្អវិញ ព្រះនឹងជួយ»។ ចំណែកលោកពុទ្ធិស័ក្តិ តបទៅ Fan ថា «អូនជិតជាហើយ»។        

លោកពឹង ពុទ្ធិស័ក្តិ  ប្រាប់អ្នកយកព័ត៌មាន «នគរធំ» នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ថា ពេលនេះ លោកនិងអ៊ីង អ៊ីង កំពុងនៅប្រទេសវៀតណាម ។ លោកពុទ្ធិស័ក្តិ  បានឲ្យដឹងថា កាលពីថ្ងៃទី២៦ ឧសភា អ៊ីង អ៊ីង បានវះកាត់ដោយជោគជ័យហើយ ប៉ុន្ដែគ្រូពេទ្យ នៅតាមដានស្ថានភាពជំងឺនេះនៅឡើយ ដោយសាតែជំងឺដុំគីសនេះ វាស៊ីចូលដល់ខាងក្នុងពេក ពេទ្យត្រូវការសម្អាតដុំគីស ដូចជាយកខ្ទុះចេញ  ហើយពេទ្យកំពុងតែតាមដានថា គាត់ខ្វះឈាម  ឬយ៉ាងណា? នៅពេទ្យ ព្យូរតែសេរ៉ូមថ្នាំផ្សះទេ ដើម្បីឲ្យជាមុខរបូស  ។

លោកពុទ្ធិស័ក្តិ ឲ្យដឹងថា ទាក់ទងស្ថានភាពជំងឺនេះ ពីមុន អ៊ីង អ៊ីង ធ្លាប់កើតជំងឺនេះម្ដងដែរ ប៉ុន្ដែនៅកន្លែងផ្សេង តែលើកនេះ កើតនៅលើស្មា ទ្រូងខាងស្ដាំ  មិនអាចទុកបានទេ ដោយសាតែធ្លាប់មានបទពិសោធន៍ហើយ  តែព្យាបាលទាន់ពេល ។ លោកថា មួយរយៈនេះលោកនិងអ៊ីង អ៊ីង រវល់នាំភ្ញៀវទៅកែសម្រស់នៅវៀតណាម មិនសូវបានគិតពីសុខភាព ហើយពេលហ្នុង ដុំគីសនេះ ចាប់ផ្ដើមរីកធំទៅៗ ក៏សិក្សាជាមួយពេទ្យ ហើយពេទ្យឲ្យវះកាត់តែម្ដង ដែលវះកាត់លើកនេះ ជោគជ័យបាន ៨០% ។ លោកបន្ថែមថា តាមដឹង ជំងឺនេះ កើតច្រើន ទាំងនៅខ្មែរ ក៏មាន ពិសេសនៅវៀតណាម ខ្លះកើត ១០ទៅ២០គីស ក៏មានដែរ ។

គួរបញ្ជាក់ថា ស្រីស្អាត អ៊ីង អ៊ីង ឬហួរ គីមយូ បានភ្ជាប់ស្នេហាជាមួយប្រុសសង្ហា ពឹង ពុទ្ធិស័ក្តិ ជិត៥ឆ្នាំហើយ បន្ទាប់ពីអ្នកទាំងពីរ ថតសម្ដែងភាពយន្ដជាមួយគ្នា​ ជាបន្ដបន្ទាប់ ។ លោកពុទ្ធិស័ក្តិ ធ្លាប់ប្រាប់ថា មិនទាន់គិតគួរដល់រឿងរៀបការទេ ព្រោះចង់ចាប់ដៃគ្នាបង្កើតមុខរបរ ឲ្យមានផ្ទាល់ខ្លួន ក្រៅពីអាជីពសិល្បៈ ជាមុនសិន ។ លោកពុទ្ធិស័ក្តិ ក៏ធ្លាប់នាំគូស្នេហ៍ ទៅក្រៅប្រទេស ជាញឹកញាប់ផងដែរ ដើម្បីសិក្សាពីមុខរបរខ្លះ នៅស្រុកគេ ហើយទិញ Franchise មកបើកនៅស្រុកខ្មែរ ដូចជា ទៅប្រទេសចិន ជាដើម ។ គូស្នេហ៍តារា ១គូនេះ ពិត សមគ្នាខ្លាំងព្រោះស្រីស្អាត ប៉ះប្រុសសង្ហា ហើយពួកគេថែមទាំងពូកែរកស៊ីទៀតផង តែពេលនេះ អ៊ីង អ៊ីង មានជំងឺគីស ដែលតម្រូវឲ្យព្យាបាល ប្រើពេលខ្ទង់ ២សប្ដាហ៍។ ប៉ុន្ដែលោកពុទ្ធិស័ក្តិ ថាការងារតាម Online របស់អ៊ីង អ៊ីង នៅដំណើរការធម្មតា ដូចជាឆ្លើយតបទៅភ្ញៀវ ជាដើម ។

 សង្សាររបស់អ៊ីង អ៊ីង លោកពុទ្ធិស័ក្តិ បន្ថែមថាការងារសិល្បៈ របស់អ៊ីង អ៊ីង និងនាំភ្ញៀវទៅកែសម្រស់  ប៉ះពាល់ខ្លះដែរ ដោយសារតែភ្ញៀវខ្លះ គាត់ណាត់ទៅ ក៏ត្រូវលើកថ្ងៃ ព្រោះអ៊ីង អ៊ីង ជាអ្នកបកប្រែវៀតណាម ផងដែរ ។ ចំពោះការងារសិល្បៈ ពួកគេមានគម្រោងថតរឿងខ្លី  ពីរនាក់ ក៏ត្រូវអាក់ខានមួយពេលដែរ តែអត់បញ្ហាទេ សំខាន់ឲ្យតែអ៊ីង អ៊ីង ជាសិន ទើបរៀបចំ ធ្វើការងារឡើងវិញភ្លាម ព្រោះកាមេរ៉ា រៀបចំអស់ហើយ ។ ពុទ្ធិស័ក្តិ ថាលោកនិងអ៊ីង អ៊ីង ធ្លាប់ថតរឿងជាមួយគ្នា កាលពីឆ្នាំ២០២៤  តែចុងក្រោយនេះ អត់បានថតរឿងជាមួយគ្នាទេ គឺមានតែផ្សព្វផ្សាយផលិតផលជាមួយគ្នាប៉ុណ្ណោះ។          

តាមលោកពឹង ពុទ្ធិស័ក្តិ ថាអ៊ីង អ៊ីង អាចនឹងវិលមកថតសិល្បៈឡើងវិញ ក្រោយពីវះកាត់រួច ពីរសប្ដាហ៍ បាន ន័យថា ពាក់កណ្ដាលខែមិថុនា ឆ្នាំ២០២៦ ខាងមុខ តែលោកថាសង្សារលោក នៅតែតបឆាតភ្ញៀវដែលទាក់ទងទៅកែសម្រស់នៅវៀតណាម បានធម្មតា ៕

RELATED ARTICLES