
ភ្នំពេញ ៖ ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា បានលើកឡើងថា “ធ្វើមូស ឲ្យក្លាយជាដំរី” គឺជាល្បិចកលចោរសៀម ឈ្លានពានទឹកដីកម្ពុជា ដែលប្រើលេសរឿង «បទល្មើសឆបោកអនឡាញ (Scams Online)» ធ្វើជាខែលបិទបាំងមហិច្ឆតាឈ្លានពាន និងព្យាយាមប្រកាសរឿងសេដ្ឋកិច្ចនៅខាងមុខ ដើម្បីបង្វែងដានសហគមន៍អន្តរជាតិ កុំឱ្យបន្តចាប់អារម្មណ៍រឿងឈ្លានពានទឹកដីកម្ពុជា ។ ដូច្នេះលោកសូមរំលឹកកូនខ្មែរគ្រប់រូប ត្រូវបន្តស្មារតីជាតិនិយម និងពហិការទំនិញសៀម ១០០% ដើម្បីកាត់ផ្តាច់ការយកលុយខ្មែរ ទៅចិញ្ចឹមកងទ័ពចោរសៀម ។
លោក មាជ សុវណ្ណារ៉ា បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ថា “ទស្សនៈខ្ញុំ ៖ «ល្បិចកលសៀម ក្នុងនយោបាយការទូត នៅទីក្រុងប៉ារីស»! សារព័ត៌មានរបស់សៀម (Khaosod English) អាចនឹងប្រកាសប្រាប់ពិភពលោកថា «គេប្រជុំគ្នារឿងសេដ្ឋកិច្ច នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយសហភាពអឺរ៉ុប ខណៈទឹកដីកម្ពុជា ជាក់ស្តែងគឺកំពុងរងការរំលោភឈ្លានពានដោយខុសច្បាប់ ពីសំណាក់យោធាសៀម ដោយបានលួចដំឡើងទូកុងតឺន័រ និងការរាយលួសបន្លា រារាំងជនភៀសសឹកខ្មែរ ជាង ៣២ ០០០នាក់ មិនឱ្យចូលទៅលំនៅឋានវិញបាន ហើយមិនតែប៉ុណ្ណោះពួកគេថែមទាំងបានលួចផ្ទុះអាវុធ ជាច្រើនលើកច្រើនសា នៅតាមព្រំដែនទៀតសោត ដែលនេះហើយ គឺជាល្បិចកលចោរ «ធ្វើមូស ឱ្យក្លាយជាដំរី» ជាមួយការប្រើលេសរឿង «បទល្មើសអនឡាញ (Scams Online)» ធ្វើជាខែលបិទបាំងមហិច្ឆតាឈ្លានពានទឹកដី និងដែនសមុទ្ររបស់កម្ពុជា ផងដែរ ខណៈការប្រកាសរឿងសេដ្ឋកិច្ចនៅខាងមុខ ដើម្បីបង្វែងដានសហគមន៍អន្តរជាតិ កុំឱ្យបន្តចាប់អារម្មណ៍រឿងឈ្លានពានទៅនឹងបទឧក្រិដ្ឋកម្មសង្រ្គាម បទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ និងបទឧក្រិដ្ឋប្រឆាំងមនុស្សធម៌អន្តរជាតិ ជាដើម មកលើកម្ពុជា“ ។

លោក មាជ សុវណ្ណារ៉ា បានសរសេរបន្តថា “គេមើលឃើញឥរិយាបថ ជាចរិតពាលដែលកងទ័ពសៀម លើកមកមិនសមហេតុផលទាល់តែសោះ លេសរឿងឧក្រិដ្ឋកម្មបច្ចេកវិទ្យា មកធ្វើជាការឈ្លានពាន រំលោភយកទឹកដីខ្មែរ តាមរយៈកម្លាំងយោធាបែបនេះ ខណៈថៃ ចង់លាក់រឿងការរំលោភសិទ្ធិមនុស្ស មកលើជនភៀសសឹកខ្មែរ ស្របកម្ពុជា ដែលបានលើកយកបញ្ហានេះ ទៅបកអាក្រាត កណ្តាលកិច្ចប្រជុំអាស៊ាន (AICHR) នៅឥណ្ឌូនេស៊ី និងដេញជើងសៀម ទៅដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) កាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះ ។ ដូច្នេះសូមកូនខ្មែរគ្រប់រូប ត្រូវតែភ្ញាក់រលឹក និងដឹងខ្លួនក្នុងស្មារតី «ជាតិនិយម តែមិនជ្រុលនិយម» មើលឱ្យធ្លុះពោះវៀនសត្រូវបរទេសសៀម ដោយឈប់ចាញ់បោកសម្ដីផ្អែមល្ហែម ឬរបាយការណ៍ភូតភរកុហក របស់ជាតិសាសន៍មួយនេះ ដែលតែងតែអរិភាពជាមួយខ្មែរតជំនាន់ ដោយខ្មែរ ត្រូវរួមសាមគ្គីគ្នា លើកទឹកចិត្ត និងជំរុញរាជរដ្ឋាភិបាល ក៏ដូចជាវីរកងទ័ពជួរមុខ ទប់ទល់ក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ពីសំណាក់សត្រូវសៀមឈ្លានពាន ជាមួយការបន្តយុទ្ធនាការ «ពហិការ ឈប់ទិញនិងប្រើប្រាស់ទំនិញសៀម ១០០%» ដើម្បីកាត់ផ្តាច់យកលុយខ្មែរ ទៅចិញ្ចឹមកងទ័ពសៀម ឈ្លានពានកម្ពុជា“ ។
បន្ថែមលើការលើកឡើងតាមបណ្ដាញសង្គម ខាងលើនេះ លោកមាជ សុវណ្ណារ៉ា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ថា ការប្រៀបធៀបមូស ក្លាយជាដំរី នៃនយោបាយការទូត នយោបាយបង្វែរដានរបស់ប្រទេសសៀម គឺចង់ឆ្លុះបញ្ចាំងឲ្យឃើញថា ថៃ កំពុងបំភ័ន្តអន្តរជាតិ ឲ្យមើលមកកាន់កម្ពុជា ជាប្រទេសមួយដែលកំពុងតែរុំព័ទ្ធទៅដោយការរំលោភបំពាន យកទឹកដីថៃទៅវិញ ហើយនិងយកលេសបង្ក្រាបនូវឧក្រិដ្ឋកម្មអនឡាញ ស្កេមអនឡាញ ជាដើម ប៉ុន្តែដំរីស្លាប់មិនអាចយកចង្អេរទៅបាំងបានទេ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “ ខ្ញុំថា រដ្ឋាភិបាលថៃ ក៏ដូចជាកងទ័ពសៀម ឃើញថា គាត់តែងតែធ្វើសកម្មភាពនយោបាយការទូតហ្នឹង ទៅជាប្រជាភិថុតិនយោបាយ ចង្អុលបង្ហាញពីភាពស្អាតស្អំ មិត្តភាព ទំនាក់ទំនងប្រទេសជិតខាង ខណៈដែលគាត់បានប្រើកលល្បិច ការរំលោភបំពានអធិបតេយ្យភាព បូរណភាពទឹកដីនៃប្រទេសកម្ពុជា យើងឃើញហើយ ការបង្កវិនាសកម្មសង្រ្គាម បង្កើតជាឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សធម៌អន្តរជាតិ ធ្វើឲ្យជនភៀសសឹករាប់ម៉ឺនគ្រួសារ ដែលត្រូវភៀសខ្លួនចេញពីទីជម្រក បាត់នូវសុខសន្តិភាព ព្រាត់ប្រាសនិរាស ស្លាប់ របួស ពិការ នៅតាមបណ្ដាខេត្តមួយចំនួន នៃភូមិភាគពាយ័ព្យហ្នឹង គឺមានខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ ហើយទឹកដីជាច្រើនតំបន់ រហូតដល់ការអះអាងរបស់រដ្ឋាភិបាលថាមានជិតម្ភៃកន្លែង ហើយបក្សក្រៅរដ្ឋាភិបាលថាមានជាងហាសិបកន្លែង ទៅតាមអ្វីដែលយើងឃើញជាក់ស្ដែង ។ អ៊ីចឹងហើយ គឺថា យើងបាត់បង់ផ្ទះសម្បែង ដីធ្លីរបស់ប្រជាកសិករ ប្រជារាស្ត្រខ្មែរយើង នៅតាមបណ្ដោយព្រំដែនដី ហើយបាត់បង់នូវការងារ ជម្រក ផ្ទះដែលកងទ័ពសៀមរំលោភបំពានយកតាំងពីសង្គ្រាមលើកទីមួយ លើកទី២ កាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ ។ អ៊ីចឹងហើយយើងចង់ មិនចង់ គឺថា ការបំភ័ន្តភ្នែកអន្តរជាតិ សង្គ្រាមចិត្តសាស្ត្រ បញ្ហានយោបាយការទូតរបស់សៀម ប៉ុន្តែការភូតភរកុហករបស់សៀមហ្នឹងហើយ ដែលចង់ចង្អុលបង្ហាញលក្ខណៈឆ្លុះ អត្ថប្បដិរូប ពីការធ្វើមូស ទៅជាដំរីហ្នឹង យើងដឹងហើយ សត្វមូសយ៉ាងម៉េច? វាបឺតញើសឈាម វាបង្កើតឲ្យយើងកើតជំងឺគ្រុនចាញ់ ហើយសត្វដំរី បង្ហាញជារបៀបជាដំរីកាន់សីល ដំរីមិនស៊ីសាច់ ក្រៅតែពីហូបរុក្ខជាតិ មាឌធំ ដំរីមិនកាចសាហាវ ។ អ៊ីចឹងគាត់ចង់ឆ្លុះបញ្ចាំងបំភ័ន្តអន្តរជាតិ ដើម្បីមើលមកកាន់កម្ពុជាហ្នឹងជាប្រទេសមួយដែលកំពុងតែរុំព័ទ្ធទៅដោយការរំលោភបំពានយកទឹក យកដីថៃទៅវិញ ហើយនិងយកលេសបង្ក្រាបនូវឧក្រិដ្ឋកម្មអនឡាញ ស្កេមអនឡាញអីជាដើម ។ អាហ្នឹងហើយ ដែលទោះបីជាយ៉ាងណាក៏ដោយ គឺថា សង្គ្រាមចិត្តសាស្ត្រ សង្គ្រាមនយោបាយការទូត សង្គ្រាមបច្ចេកវិទ្យា សង្គ្រាមព័ត៌មាននេះ គឺកម្ពុជា គ្មានអ្វីក្រៅពីឈរលើការពិត ហើយពឹងលើច្បាប់អន្តរជាតិ ប្រើនយោបាយការបរទេសដោយភាពឆ្លាតវៃ ។ អាហ្នឹងហើយជានយោបាយការទូតមោះមុតដ៏ត្រជាក់ សម្រាប់ទប់ជាមួយនឹងសត្រូវបរទេសឈ្លានពាន ដែលសៀមបានរំលោភបំពានហ្នឹង គឺថា យើងត្រូវមានភាពឆ្លាតវៃ យើងច្បាស់លាស់ យើងមានឯកសារការស៊ើបអង្កេត សហការជាមួយនឹងអង្គការសហប្រជាជាតិ តុលាការទីក្រុងឡាអេ យន្តការកិច្ចព្រមព្រៀង ទាក់ទងទៅនឹងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង១៩០៧ និង MOU 2000 2001 សុទ្ធតែជាច្បាប់អន្តរជាតិ ចងនូវអ្វីដែលប្រទេសថៃ ធ្លាប់ជាប្រទេសដែលទទួលស្គាល់ ជាប្រទេសដែលចុះហត្ថលេខី ដែលធានាការពារ មាត្រា៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺថា គ្មានរដ្ឋបរទេសណាមករំលោភបំពានអធិបតេយ្យភាពកម្ពុជា បូរណភាពទឹកដី ឯករាជ្យ អព្យាក្រឹត ឯកភាពជាតិរបស់កម្ពុជា បានទេ ហើយប្រទេសដែលជាអតីតចុះហត្ថលេខី ដែលមានប្រទេសជិតខាង ដូចជាសៀម ដូចជាឡាវ ដូចជាយួន ឬក៏ប្រទេសមហាអំណាចណានោះ សុទ្ធតែជាប្រទេសសាក្សី ធានាការពារ និងដឹងឮ ហើយចូលរួមចំណែកកសាងកម្ពុជា ទៅទៀត ។ អ៊ីចឹងអ្វីដែលយើងនិយាយក្នុងន័យប្រៀបធៀប មូស ក្លាយជាដំរី នៃនយោបាយការទូត នយោបាយបង្វែរដានរបស់ប្រទេសសៀម គឺថា មិនអាចបិទបាំងទេ ដំរីស្លាប់មិនអាចយកចង្អេរទៅបាំងបាន “ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “ អ៊ីចឹងហើយអ្វីៗវានៅលើកម្ពុជា មានការឯកភាពផ្ទៃក្នុងជាតិ កម្ពុជារឹងមាំ ហើយកម្ពុជាហ៊ានអារកាត់ ដោយចេះស្ដាប់នូវពហុគំនិត មិនថាបក្សកាន់អំណាច បក្សក្រៅរដ្ឋាភិបាល អង្គការសង្គមស៊ីវិល ជាពិសេសពលរដ្ឋម្ចាស់ឆ្នោត ជំនឿជឿជាក់ ទំនុកចិត្ត ឯកភាពផ្ទៃក្នុងជាតិ រវាងរដ្ឋនិងរាស្ត្រ រវាងបក្សនិងនិន្នាការនយោបាយ ក៏ដូចជាអង្គការសង្គមស៊ីវិល គឺយើងច្បាស់លាស់ ភាពឆ្លាតវៃក្នុងការបែងចែក ហើយពឹងទៅលើច្បាប់អន្តរជាតិ ទំនាក់ទំនងការទូត ការបរទេសហ្នឹងឲ្យប្រាកដប្រជា ចេះធ្វើឡប់ប៊ី ឲ្យគេបានដឹងការពិត ហើយយើងដឹងហើយថា យន្តការអាស៊ាន គឺមិនរំលោភអធិបតេយ្យភាព ផ្ទៃក្នុងនៃប្រទេសមួយៗជាសមាជិក ១១ប្រទេសក៏ពិតមែន ប៉ុន្ដែការប្រជុំជារដ្ឋមន្ត្រី សន្និសីទកំពូលនៃការជួបរបស់ប្រមុខរដ្ឋ ឬប្រមុខរាជរដ្ឋាភិបាល សុទ្ធតែជាតឹកតាងដែលអាចដឹងឮជាសាក្សី រហូតដល់យើងមានភ្នាក់ងារអាស៊ាន ជាអន្តរជាតិ ហើយប្រធាន សម្រាប់បរទេស កងទ័ពបរទេស មកសង្កេត មកតាមដានហ្នឹង គឺទៅតាមវេននៃប្រធានអាស៊ាន ដូចជា ២០២៥ ប្រទេសម៉ាឡេស៊ី ២០២៦នេះ គឺហ្វីលីពីន ។ អ៊ីចឹងហើយអាទាំងអស់ហ្នឹងហើយជាតឹកតាង បើទោះបីគេមិនលូកនៅក្នុងផ្ទៃក្នុងនៃសមាជិកអាស៊ាន នៃធម្មនុញ្ញរបស់អាស៊ានក៏ពិតមែន ប៉ុន្ដែនៅក្នុងធម្មនុញ្ញភាពអាស៊ាន ក៏មិនអាចអ្នកណារំលោភអធិបតេយ្យភាព បូរណភាពទឹកដីនៃប្រទេសជាសមាជិកអាស៊ាន នៅក្នុងតំបន់ ទៅនឹងភូមិសាស្ត្រនយោបាយ ហើយក៏ដូចជាច្បាប់អន្តរជាតិ ដែលប្រទេសនីមួយៗជាសមាជិកនៃអង្គការសហប្រជាជាតិនោះ ។ អានោះហើយជាប្រទេសដែលស្មើមុខ ស្មើមាត់ ប្រទេសដែលស្ថិតនៅក្រោមច្បាប់នៃយន្តការតុលាការទីក្រុងឡាអេ អាយស៊ីជេ តុលាការឧក្រិដ្ឋកម្មព្រហ្មទណ្ឌអន្តរជាតិ អាយស៊ីស៊ី អីជាដើម ។ល។ និង ។ល។ ហ្នឹង គឺថា ជាច្បាប់រឹងមាំ ច្បាប់អន្តរជាតិ ជានយោបាយទន់ នៃនយោបាយការបរទេស ការទូត ការធ្វើការឡប់ប៊ីអូសទាញ ទាក់ទាញប្រទេសមហាអំណាច ដែលមានសហរដ្ឋអាមេរិក មានចិន ជាអ្នកដឹងឮ ជាសាក្សីក្នុងការស្វែងរកសន្តិភាពឲ្យកម្ពុជា ម្ដងជាពីរដង ប៉ុន្តែទោះបីយ៉ាងណា មកដល់ពេលនេះ យើងនៅតែប្រឈមមុខ នៅតែបំពាននូវបទឈប់បាញ់គ្នា នៃកិច្ចព្រមព្រៀង របស់ដូណាល់ ត្រាំ ក៏ដូចជាការសម្របសម្រួលរបស់ប្រទេសចិនកុម្មុយនីស្ត អីជាដើមហ្នឹង “ ។

គួរបញ្ជាក់ថា ការលើកឡើងរបស់លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី ខាងលើនេះ បានធ្វើឡើង ក្រោយពីរាជរដ្ឋាភិបាលថៃ បានរៀបចំយុទ្ធសាស្ត្រការទូត និងធ្វើសកម្មភាពការទូតយ៉ាងសកម្ម នៅទីក្រុងប៉ារីស ប្រទេសបារាំង និងទីក្រុងហ្សឺណែវ (ប្រទេសស្វីស) ដើម្បីបញ្ជាក់ជំហរ និងការពារផលប្រយោជន៍របស់ខ្លួន ប្រឆាំងនឹងសកម្មភាពការទូតរបស់កម្ពុជា ។
ក្នុងអំឡុងពេលបំពេញទស្សនកិច្ចផ្លូវការ ទៅកាន់សាធារណរដ្ឋបារាំង កាលពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ លោក អនុធិន ឆានវីរៈគុល នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ បានថ្លែងនៅចំពោះមុខសហគមន៍ជនជាតិថៃ នាទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ថា ទឹកដីណាដែលថៃ ដណ្ដើមបានពីកម្ពុជា ថៃ នឹងមិនប្រគល់ឱ្យកម្ពុជា វិញជាដាច់ខាត សូម្បីមួយចំអាម។ លោកអះអាងថា លោកទទួលបានសេចក្តីទុកចិត្តពីប្រជាជនថៃ ហើយថៃ មិនអាចបង្ហាញភាពចុះចាញ់ចំពោះកម្ពុជា បានទេ។ ចំពោះទឹកដីដែលកម្ពុជាទាមទារវិញ កម្ពុជា ត្រូវតែចុះចាញ់ថៃ ជាមុនសិន ទើបអាចមានការពិចារណា។ លោកក៏បានបញ្ជាក់ដែរថា ថៃ នឹងមិនបើកច្រកព្រំដែនជាមួយកម្ពុជា វិញ ក្នុងពេលនេះឡើយ។ ពាក់ព័ន្ធនឹងការសាងសង់របងព្រំដែន ថៃ នឹងសាងសង់តែនៅតំបន់យុទ្ធសាស្ត្រសំខាន់ៗប៉ុណ្ណោះ មិនមែនសាងសង់តាមបណ្តោយព្រំដែនទាំងមូល ដែលមានប្រវែងរាប់ពាន់គីឡូម៉ែត្រនោះទេ។
លើសពីនេះ លោកនាយករដ្ឋមន្រ្តីថៃ បានអះអាងថា លោកបានពិភាក្សាជាមួយអគ្គនាយកអង្គការយូណេស្កូ (UNESCO) រួចហើយ ដោយស្នើថា ប្រសិនបើយូណេស្កូ ចុះពិនិត្យប្រាសាទព្រះវិហារ របស់កម្ពុជា ដែលរងការខូចខាតដោយសារការប៉ះទង្គិចយោធា នោះយូណេស្កូ ក៏គួរតែចុះពិនិត្យស្ថានភាពនៅតំបន់ព្រំដែនថៃ ផងដែរ ដើម្បីរក្សាភាពស្មើភាពលើឆាកអន្តរជាតិ ។ មិនតែប៉ុណ្ណោះ លោកបានប្រកាសយ៉ាងមុតមាំថា មិនប្រើផែនទីអន្តរជាតិរបស់បារាំង ខ្នាត 1/200 000 ជាដាច់ខាត បើកម្ពុជា ចង់ចរចារឿងព្រំដែន ត្រូវតែព្រមប្រើផែនទីរបស់ថៃ ខ្នាត 1/50 000 បើកម្ពុជា មិនព្រម មិនបាច់ចរចាទេ ។

ជុំវិញអនុធិន នាយករដ្ឋមន្ត្រីសៀម ហ៊ានបដិសេធផែនទីនៃសម័យអាណានិគមបារំាងនេះ លោក មាជ សុវណ្ណារ៉ា បានលើកឡើងថា អនុធិន ហ៊ានអះអាងថា ផែនទីនេះលែងមានអត្ថិភាពសម្រាប់ថៃ គឺស្មើនឹងការប្រកាសមិនទទួលស្គាល់ច្បាប់អន្តរជាតិ និងថែមទាំងមិនគោរពនូវសាលក្រមតុលាការយុត្តិធម៌អន្តរជាតិ ក្រុងឡាអេ (ICJ) ថែមទៀតង ។ ដូច្នេះលោកថា វាជាការប្រមាថ ស្មើនឹងការបដិសេធសាលក្រមតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៃផែនទីមាត្រដ្ឋាន 1/200 000 (ផែនទីដងរែក) ដែលកើតចេញពីសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ គឺជាមូលដ្ឋានច្បាប់អន្តរជាតិ ដ៏ត្រឹមត្រូវតែមួយគត់ ដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ បានយកមកកាត់ក្តីឱ្យកម្ពុជា ឈ្នះ ។
ចំណែកការអះអាងត្រង់ៗ ពីចេតនានិងនយោយវាតទីនិយមរបស់នាយករដ្ឋមន្ត្រីថៃ នៅលើទឹកដីបារាំង ដោយមិនខ្វល់នឹងសន្ធិសញ្ញាបារាំង-សៀម នេះ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានចាត់ទុកថា គឺជាការបើកបង្ហាញប្រាប់សហគមន៍អន្តរជាតិ ដោយចំហថា ថៃ ពិតជាបានឈ្លានពានទឹកដីកម្ពុជា និងជាទង្វើដែលមិនត្រឹមតែប្រមាថដល់ប្រទេសបារាំង ប៉ុណ្ណោះទេ តែថែមទាំងជាការប្រមាថដល់អតីតព្រះមហាក្សត្រថៃខ្លួនឯង និងទាត់ចោលមរតករដ្ឋ ។ ជាមួយនេះ លោកបណ្ឌិត យង់ ពៅ បានផ្ញើសារថា បើចង់ឱ្យកម្ពុជា ឈប់លាតត្រដាងការពិត ទាល់តែថៃ ប្រគល់ដី មកឱ្យកម្ពុជា វិញ ហើយជាតិខ្មែរ ត្រូវតែបន្តរួមគ្នាប្រាប់ពិភពលោកថា ថៃ ឈ្លានពានទឹកដីកម្ពុជា ។
ជាការកត់សម្គាល់ផងដែរ ក្នុងពេលនាយករដ្ឋមន្រ្តីថៃ ធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅប្រទេសបារាំង មេបក្សប្រឆាំងដ៏ធំ នៅថៃ គឺលោក ណាត់ថាផុង រឿងបញ្ញាវុធ បានជំរុញឲ្យនាយករដ្ឋមន្ត្រីថៃ អនុធិន ឆាន់វីរៈគុល អញ្ចើញប្រធានាធិបតីបារាំង លោក ម៉ាក្រុង មកបំពេញទស្សនកិច្ចនៅប្រទេសថៃ ឲ្យបានមុនពេលដែលប្រធានាធិបតីបារាំង ត្រូវមកចូលរួមកិច្ចប្រជុំកំពូល ហ្រ្វង់កូហ្វូនី នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា នៅខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ ដោយលោកបានលើកឡើងថា ប្រសិនបើប្រធានាធិបតីបារាំង អេម៉ានុអែល ម៉ាក្រុង មកប្រទេសថៃ មុន នោះវានឹងមានផលប្រយោជន៍សេដ្ឋកិច្ច និងផលចំណេញលើបញ្ហាព្រំដែនដល់ប្រទេសថៃ ។
គួររំលឹកផងដែរថា កាលពីកន្លងមក សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានបំពេញទស្សនកិច្ចទៅប្រទេសបារាំង ក្នុងពេលដែលកម្ពុជា និងថៃ កំពុងមានបញ្ហាជម្លោះព្រំដែនជាមួយគ្នាផងដែរ ហើយសម្ដេច បានរៀបរាប់ពីការឈ្លានពានរបស់ថៃ មកលើប្រទេសកម្ពុជា ប្រាប់លោក ម៉ាក្រុង នៅពេលនោះផងដែរ និងបានបញ្ជាក់ពីជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងសន្ធិសញ្ញាដែលមានស្រាប់ ។ ជាពិសេស សម្ដេចនាយករដ្ឋមន្ត្រី មិនបានស្នើឲ្យបារាំង កាន់ជើងកម្ពុជា ទេ ប៉ុន្តែលោកស្នើឲ្យប្រទេសបារាំង ដឹកនាំដោយលោក ម៉ាក្រុង បន្តលើកតម្កើងគោលការណ៍របស់ខ្លួន ដែលស៊ីចង្វាក់គ្នាខ្លាំងជាមួយនឹងគោលការណ៍របស់ប្រទេសកម្ពុជា នោះគឺគោលការណ៍គោរពគោរពច្បាប់អន្តរជាតិ គោរពអធិបតេយ្យ និងបូរណភាពទឹកដីនៃបណ្ដាប្រទេសនានានៅលើពិភពលោក ។

ជាការថ្លឹងថ្លែងព្រឹតិ្តការណ៍នាយករដ្ឋមន្រ្តីថៃ បំពេញទស្សនកិច្ចនៅប្រទេសបារាំង នៅពេលនេះ និងនាយករដ្ឋមន្រ្តីកម្ពុជា ជួបប្រធានាធិបតីបារាំង កាលពីពេលកន្លងទៅ អ្នកតាមដានព្រឹត្តិការណ៍នយោបាយអន្តរជាតិ និងព្រឹត្តិការណ៍សង្គមកម្ពុជា យល់ថា នៅក្នុងកិច្ចប្រជុំកំពូលក្រុមប្រទេសនិយាយភាសាបារាំង ឬហ្វ្រង់កូហ្វូនី (Francophonie) ខាងមុខនេះ ជាឱកាសដែលកម្ពុជា មានប្រៀបជាងថៃ ក្នុងការបញ្ចុះបញ្ចូលបារាំង ស្ដាប់កម្ពុជា និងជឿជាក់ថា ថៃ ពិតជាបានរំលោភបំពានមកលើកម្ពុជា ហើយបារាំង ត្រូវតែជួយកម្ពុជា ចំពោះការរំលោភបំពានលើដែនអធិបតេយ្យកម្ពុជា ពីសំណាក់ភាគីថៃ នេះ តាមរយៈកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ។
ទាក់ទងនឹងស្ថានភាពទំនាក់ទំនងរវាងកម្ពុជា និងបារាំង នៅឆ្នាំ២០២៦ នេះ លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញសេដ្ឋកិច្ចអន្តរជាតិ បានលើកឡើងថា នៅពេលសម្លឹងមើលពីបាងកក ដំណើរឆ្ពោះទៅរក «ភាពជាដៃគូយុទ្ធសាស្ត្រ» រវាងកម្ពុជា និងបារាំង ក្នុងឆ្នាំ២០២៦នេះ មិនមែនជាត្រឹមតែរឿងរ៉ាវរំលឹកប្រវត្តិសាស្ត្រ ឬការរៀបចំពិធីជប់លៀងភាសាបារាំង (Francophonie) នោះឡើយ លោកថា វាគឺជាយុទ្ធសាស្ត្រការទូតដ៏មុតស្រួច និងជាការគណនាផលប្រយោជន៍យ៉ាងហ្មត់ចត់របស់ភ្នំពេញ ក្នុងបរិបទដែលពិភពលោកកំពុងញាំញីដោយវិបត្តិថាមពល និងការប្រជែងអំណាចយ៉ាងតានតឹង។ លោកកត់សម្គាល់ថា ខណៈពេលដែលថៃ កំពុងរវល់ចរចាទិញយន្តហោះចម្បាំង Rafale និងដេញថ្លៃគម្រោងបៃតងធំៗ ជាមួយប៉ារីស កម្ពុជា បានប្រើប្រាស់ «ខ្សែទាក់ទាញពិសេស» មួយ ដែលថៃ គ្មាន នោះគឺចំណងប្រវត្តិសាស្ត្រ និងអំណាចទន់ ដើម្បីបើកច្រកសេដ្ឋកិច្ច និងសន្តិសុខថាមពលយុទ្ធសាស្ត្រជាមួយអឺរ៉ុប។
អ្វីដែលជារបត់ថ្មី ឆ្នាំ២០២៦ នៃការឈានទៅរក «ភាពជាដៃគូយុទ្ធសាស្ត្រ» លោកបណ្ឌិត ញិល រដ្ឋា បញ្ជាក់ថា ចំណុចលេចធ្លោបំផុត ឆ្នាំ២០២៦ គឺការត្រៀមដំឡើងកម្រិតទំនាក់ទំនងទ្វេភាគី ទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ» ដែលនេះជាការវិវត្តនយោបាយកម្រិតខ្ពស់បំផុត មិនធ្លាប់មាន រវាងប្រទេសទាំងពីរ កម្ពុជា-បារាំង។ ក្នុងនោះ ជំនួបកំពូលក្នុងដំណើរទស្សនកិច្ចរបស់សម្ដេច ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសបារាំង (ចូលរួម One Health Summit នៅលីយ៉ុង កាលពីខែមេសា ២០២៦) បានជួបពិភាក្សាផ្ទាល់ ជាមួយប្រធានាធិបតីបារាំង លោកអេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ដើម្បីរៀបចំផែនទីបង្ហាញផ្លូវ (Roadmap) នៃភាពជាដៃគូនេះ។ ចំណែកទស្សនកិច្ចប្រវត្តិសាស្ត្រខាងមុខ លោកប្រធានាធិបតី ម៉ាក្រុង បានបញ្ជាក់ថា នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា នាខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ដែលនឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ក្នុងការប្រកាសភាពជាដៃគូយុទ្ធសាស្ត្រ ជាផ្លូវការ ព្រោះការវិភាគលើឯកសារ បង្ហាញថា ទំនាក់ទំនងនេះ ផ្ដោតលើវិស័យយុទ្ធសាស្ត្រ ចំនួន៣ គឺនយោបាយ និងការទូតពហុភាគី (ឡាហ្វ្រង់កូហ្វូនី) សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ អប់រំ វប្បធម៌ និងសុខាភិបាល ។
ជុំវិញនយោបាយនិងការទូតពហុភាគី លោកបណ្ឌិត ញិល រដ្ឋា បញ្ជាក់ថា នៅក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ (20th Francophonie Summit) នៅភ្នំពេញ នាខែវិច្ឆិកា ២០២៦ ខាងមុខនេះ បារាំង កំពុងផ្ដល់ជំនួយបច្ចេកទេស និងការគាំទ្រយ៉ាងពេញទំហឹង ដើម្បីឱ្យកម្ពុជា បង្ហាញមុខមាត់លើឆាកអន្តរជាតិ និងពង្រឹងភាសាបារាំង នៅអាស៊ី ព្រមទាំងបានបង្ហាញជំហរគាំទ្រកម្ពុជា លើបញ្ហាព្រំដែន ដោយត្រៀមផ្ដល់ឯកសារបណ្ណសារដ្ឋានប្រវត្តិសាស្ត្រ (Original Historical Documents) ជូនកម្ពុជា ផងដែរ។
ទាក់ទងនឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ លោកបណ្ឌិត ញិល រដ្ឋា បញ្ជាក់ថា កម្ពុជា កំពុងព្យាយាមធ្វើពិពិធកម្មសេដ្ឋកិច្ច ដើម្បីកាត់បន្ថយការពឹងផ្អែកខ្លាំងលើដើមទុនពីប្រទេសតែមួយ (ដូចជាចិន ដែលមានចំណែក FDI ជិត ៤០%) ខណៈដែលបារាំង ជាដៃគូអឺរ៉ុបដ៏មានសក្តានុពល។
ជាការសន្និដ្ឋាន លោកបណ្ឌិត ញិល រដ្ឋា បានបញ្ជាក់ថា ការងើបឡើងនៃទំនាក់ទំនងកម្ពុជា-បារាំង មិនមែនជាការគំរាមកំហែងដល់ថៃ នោះទេ ប៉ុន្តែកម្ពុជា កំពុងបង្ហាញឱ្យឃើញពីរបៀបប្រើប្រាស់ “បេះដូងនិងអំណាចទន់” (Soft Power) ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ច ថាមពល និងវិបត្តិព្រំដែន។ គន្លឹះជោគជ័យរបស់កម្ពុជា ក្នុងឆ្នាំ២០២៦ គឺការបំប្លែងជោគជ័យការទូត នៅលើកម្រាលព្រំក្រហម នៃទីក្រុងប៉ារីស និងវេទិកាហ្វ្រង់កូហ្វូនី ឱ្យទៅជា “ការវិនិយោគថាមពលស្អាតជាក់ស្តែង” នៅលើដីកម្ពុជា។ ប្រសិនបើភ្នំពេញ អាចទប់ទល់នឹងសម្ពាធនយោបាយរបស់អឺរ៉ុប ព្រមទាំងទាញយកបច្ចេកវិទ្យាបៃតង ពីបារាំង មកឆ្លើយតបនឹងវិបត្តិថាមពល បានទាន់ពេល នោះកម្ពុជា នឹងក្លាយជាគំរូនៃការដើរតួការទូតដ៏ឆ្លាតវៃបំផុតមួយនៅក្នុងអាស៊ាន។

ទោះបីយ៉ាងណា ទាក់ទងនឹងសំណុំរឿងស្វែងរកដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ស្របពេលដែលក្រុមស្រាវជ្រាវគោលនយោបាយថៃ 101 Public Policy បានធ្វើការស្ទង់មតិថ្មីមួយ ដោយបង្ហាញថា ប្រជាជនថៃ ប្រមាណជិត ៧០% បានគាំទ្រដល់ការដោះស្រាយបញ្ហាជាមួយកម្ពុជា ដោយសន្តិវិធី ជាជាងការបន្តភាពតានតឹង ឬការប្រឈមមុខដាក់គ្នាដោយអាវុធ និងតិចជាង ៣០% គាំទ្រឲ្យការបន្តជម្លោះដោយប្រដាប់អាវុធនោះ អ្នកវិភាគមជ្ឈដ្ឋានបញ្ញវន្ត និងអ្នកជំនាញភូមិសាស្រ្តនយោបាយ គាំទ្ររាជរដ្ឋាភិបាលកម្ពុជា លើកបញ្ហានេះក្នុងវេទិកាអន្តរជាតិ ដូចជា កិច្ចប្រជុំអង្គការសហប្រជាជាតិ ជាដើម ព្រោះប្រសិនបើកម្ពុជា មិនយកបញ្ហានេះ ទៅកាន់ឆាកអន្តរជាតិទេ ថៃ នឹងបន្តការរុលចូលឈ្លានពានដោយគឃ្លើន។ ជាមួយនេះដែរ អ្នកវិភាគមួយចំនួន យល់ថា ខណៈដែលថៃ នៅតែបង្កននការឌឺដងកម្ពុជា ការធ្វើពហិការទំនិញថៃ ដោយស្ងៀមស្ងាត់ នៅតែជាយុទ្ធសាស្រ្តចំពោះមុខ តែទន្ទឹមនឹងនេះ កិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅតែជាដំណោះស្រាយដែលនៅជិតជណ្តើរផ្ទះបំផុត ក្នុងចំណោមដំណោះស្រាយអន្តរជាតិដទៃទៀត ដែលកម្ពុជា ត្រូវពិចារណាប្រើនៅពេលនេះ ក្រៅពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងយន្តការអាស៊ាន ។
ស្របនឹងការលើកឡើងរបស់អ្នកវិភាគនិងមជ្ឈដ្ឋានបញ្ញវន្ត ខាងលើនេះ លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី បានបញ្ជាក់បន្ថែម តាមគណនីនិងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ថា យុទ្ធសាស្ត្រការទូត ក្នុងការរក្សាអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា ដោយផ្អែកលើស្មារតីបង្រួបបង្រួមជាតិ ការពាររដ្ឋធម្មនុញ្ញ និងការតម្កល់ផលប្រយោជន៍ជាតិ ជាធំ កំពុងត្រូវបានមជ្ឈដ្ឋានជាតិនិងអន្តរជាតិ តាមដានយ៉ាងយកចិត្តទុកដាក់បំផុត នូវការវិវត្តនៃសភាពការណ៍ព្រំដែនកម្ពុជា-សៀម និងសមរភូមិការទូតអន្តរជាតិ ។ ដូច្នេះលោកថា ការបន្តការគាំទ្រនិងជំរុញចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់របស់កម្ពុជា ដឹកនាំដោយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កំពុងតែដើរនៅលើឆាកអន្តរជាតិ ដែលបានបញ្ជាក់នូវគោលជំហរនយោបាយនិងទស្សនវិស័យរួម ទៅរកជ័យជម្នះលើសមរភូមិការទូត និងច្បាប់អន្តរជាតិ នៅចំពោះមុខក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ក្រោមយន្តការច្បាប់សមុទ្រអន្តរជាតិ (UNCLOS) គឺជាសារការទូតដ៏មានឥទ្ធិពលបំផុត បង្ហាញទៅកាន់អង្គការសហប្រជាជាតិ (UN) និងសហគមន៍អន្តរជាតិ ដើម្បីការពារនូវភាពអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា ។ ចំណាត់ការច្បាប់ ក្នុងការទប់ទល់ និងទាត់ចោលនូវរាល់ការចោទប្រកាន់ និងល្បិចកលលាបពណ៌របស់ភាគីថៃ ទៅលើបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដែលពួកគេតែងយកមកធ្វើជាខែលបិទបាំងទង្វើរំលោភបំពានមកលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា ។

លោក មាជ សុវណ្ណារ៉ា អះអាងថា ភ័ស្តុតាងនៅលើដី និងយន្តការតំបន់ របស់ក្រសួងការពារជាតិ ដែលបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះផ្ទៀងផ្ទាត់ការរំលោភបំពានរបស់យោធាថៃ នៅតំបន់បឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នេះ គឺជាយុទ្ធសាស្ត្រមួយដែលស្គាល់មុខសត្រូវច្បាស់លាស់ ប្រើប្រាស់សាក្សីអន្តរជាតិ ដើម្បីវាយបំបាក់ចរិតភូតភរ និងបង្ខំឱ្យភាគីថៃ ត្រូវតែវិលមករកតុចរចា វាស់វែងព្រំដែនដីគោក JBC ដោយសន្តិវិធី ដើម្បីរក្សានូវកិត្តិយសជាតិ។ លោកបន្តថា កម្ពុជា ជារដ្ឋប្រជាធិបតេយ្យ សេរីពហុបក្ស និងគោរពច្បាប់រដ្ឋធម្មនុញ្ញ យ៉ាងខ្ជាប់ខ្ជួន គ្មានការបំភ្លៃការពិត កុហកបោកប្រាស់សហគមន៍អន្តរជាតិ ក្នុងចេតនាទុច្ចរិត ធ្វើឱ្យគេយល់ច្រឡំថាកម្ពុជា មិនគោរពច្បាប់ ដូចពួកចោរសៀម បានឡើយ។ ដូច្នេះសាមគ្គីភាពឈាមជ័រខ្មែរ ក្នុងនាមយុវជន និងអ្នកនយោបាយជំនាន់ថ្មី ជាពិសេសយុវជនស្លូតត្រង់ទាំងអស់ រួមឈាមខ្មែរ តែមួយ ត្រូវតាមដានស្ថានភាពនយោបាយ ឱ្យសកម្ម ចៀសវាងការភាន់ច្រឡំនៃសង្រ្គាមចិត្តសាស្រ្ត សង្រ្គាមព័ត៌មាន ឬសង្រ្គាមបច្ចេកវិទ្យា ក្នុងការលាបពណ៌ និងញុះញង់ បង្កអស្ថិរភាពសង្គម និងការបំបែកបំបាក់ជាតិ ប្រយោជន៍ដើម្បីរួមគ្នាកសាងប្រទេសជាតិដ៏កម្សត់របស់យើង ឆ្ពោះទៅរកការរីកចម្រើន ខ្លាំងក្លានិងរឹងមាំ បង្កើនជីវភាពប្រជាពលរដ្ឋ និងលើកកម្ពស់មុខមាត់ប្រទេសជាតិ លើឆាកអន្តរជាតិ ដោយកុំឱ្យចាញ់ល្បិចកលសត្រូវសៀម ដែលកំពុងមើលងាយមើលថោកយើង ។
លោក មាជ សុវណ្ណារ៉ា បញ្ជាក់សង្កត់ធ្ងន់ថា ការលះបង់រួមគ្នារបស់ជនរួមជាតិខ្មែរ គ្រប់និន្នាការ គឺជាការប្តេជ្ញាឈរលើគុណតម្លៃនៃ «សាមគ្គីភាព សេរីភាព យុត្តិធម៌ សន្តិភាព» ក្នុងការកសាងអនាគតកម្ពុជា ឆ្ពោះទៅមុខ «ខ្មែររួបរួម ខ្មែរខ្លាំ ខ្មែរឈ្នះសត្រូវឈ្លានពានទឹកដីដូនតា» ដែលអ្នកដឹកនាំរដ្ឋ ឬអ្នកនយោបាយនានា ត្រូវនាំមុខដោយឆន្ទៈជាតិនិយមពិតប្រាកដ ក្នុងស្មារតីបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ និងឯកភាពជាតិ ៕ កុលបុត្រ