ភ្នំពេញ ៖ ក្រោយពេលមហាអយ្យការអមតុលាការកំពូល បានចេញដីកាជូនដំណឹងស្ដីពីការបើកការជំនំជម្រះ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ដែលជាជនជាប់ ចោទ ក្នុងសំណុំរឿង «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ក្រៅពីប្រកាសអំពាវនាវអង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិ ភ្នាក់ងារស្ថានទូត អ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋខ្មែរ ជ្រាបនិងចូលរួមសង្កេតការណ៍ តាមដានដំណើរការសវនាការរបស់តុលាការកំពូល លោកសង្ឃឹមថា នឹងទទួលបានយុត្តិធម៌ ឬតុលាការកំពូល ទម្លាក់ការចោទប្រកាន់ចំពោះរូបលោក ។

នៅក្នុងដីកាជូនដំណឹងដល់ជនជាប់ចោទ ក្នុងសំណុំរឿងព្រហ្មទណ្ឌ លេខ ៣២៧ ចុះថ្ងៃ២៣ ខែឧសភា ឆ្នាំ២០២៦ របស់អគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអមតុលាការកំពូល ចុះចន្ទ ៩កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ដែលចុះហត្ថលេខាដោយអគ្គព្រះរាជអាជ្ញារង ស៊ី វណ្ណនី បានបញ្ជាក់ថា ៖ ជូនដំណឹងដល់ជនជាប់ចោទ ឈ្មោះ រ៉ុង ឈុន ភេទប្រុស កើតថ្ងៃទី១៥ ខែកក្កដា ឆ្នាំ១៩៦៩ សញ្ជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្ន ស្ថិតនៅផ្ទះលេខ៨៨ ផ្លូលេខ៩ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាប់ចោទពីបទ ៖ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម (ការមិនរាងចាលក្នុងបទមជ្ឈិម បន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម) ប្រព្រឹត្តនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៤ បទ ល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្ដន្ទាទោស តាមបញ្ញត្តិមាត្រា៨៨, មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ។ អំពីកាលបរិច្ឆេទនៃការជំនុំជម្រះដែលប្រព្រឹត្តទៅ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ០៨:០០នាទីព្រឹក នៅតុលាការកំពូល (សាលសវនាការទី៣) ។
សមាសភាពអង្គជំនុំជម្រះ រួមមាន លោកស្រី ចាំង ស៊ីណាត ជាប្រធាន, លោក គង់ តារាឆាត, លោកស្រី សែម សក្តិកូឡា, លោក ជា សុខហៀង, លោក យ៉ា សុខន ជាចៅក្រម និងមានលោក លឹម សុបុណ្ណមី ក្រឡាបញ្ជីសវនាការ ។
សវនាការតុលាកំពូល នឹងជំនុំជម្រះលើសំណុំរឿងលោក រ៉ុង ឈុន ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម» ដែលប្រព្រឹត្តទៅ កាលឆ្នាំ២០២៤ ពាក់ព័ន្ធការផ្ដល់បទសម្ភាសរឿងព្រំដែន និងសកម្មភាពចុះជួបពលរដ្ឋរងគ្រោះដីធ្លី នៅបឹងតាមោក និងពលរដ្ឋរងគ្រោះ នៅគម្រោងព្រលានយន្តហោះថ្មី នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។
ក្នុងបទសម្ភាសន៍ជាមួយ “នគរធំ” នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ លោក រ៉ុង ឈុន បញ្ជាក់ថា ក្នុងនាមជាជនជាប់ចោទនៅក្នុងសំណុំរឿងព្រហ្មទណ្ឌនេះ លោកបានទទួលដីកាជូនដំណឹងរបស់មហាអយ្យការអមតុលាការកំពូល ខាងលើនេះហើយ និងបានត្រៀមខ្លួនជាស្រេច ក្នុងចូលបង្ហាញខ្លួន ក្នុងសវនាការជំនុំជម្រះ តាមពេលវេលានិងទីកន្លែងដែលតុលាការកំពូល បានកំណត់ ព្រោះលោកជាអ្នកដាក់បណ្ដឹងប្រឆាំងនឹងការ សម្រេចរបស់សាលាឧទ្ធរណ៍ភ្នំពេញ ។
លោក រ៉ុង ឈុន បានមានប្រសាសន៍ថា “ទាក់ទងទៅនឹងសវនាការជំនុំជម្រះ នៅថ្ងៃ១៥ មិថុនា ខាងមុខនេះ ឥឡូវហ្នឹង ខ្ញុំកំពុងតែពិភាក្សាជាមួយលោកមេធាវីរបស់ខ្ញុំ ថាតើនៅពេលចូលសវនាការហ្នឹង យើងត្រូវចូល ហើយនិងត្រៀមមើលលក្ខណៈ ដើម្បីចូលសវនាការហ្នឹង ទាក់ទងរឿងថ្ងៃ១៥ មិថុនា ហ្នឹង ។ អ្វីដែល់ទាក់ទងនឹងការសម្រេចរបស់សាលាឧទ្ធរណ៍ យើងមើលឃើញថា សាលាឧទ្ធរណ៍ បានសម្រេចយ៉ាងអយុត្តិធម៌ ដល់រូបខ្ញុំ ព្រោះទាក់ទងការចោទប្រកាន់ញុះញង់បង្កប៉ះពាល់សណ្ដាប់សង្គម ដរាបណាមិនរាងចាលហ្នឹង បើយើងមើលពីអង្គហេតុ វាមិនមានកំហុសឆ្គងអីទេ ចំពោះខ្ញុំ វាគ្រាន់តែជួបជាមួយប្រជាពលរដ្ឋ នៅបឹងតាមោក នៅកណ្ដាលស្ទឹង កន្លែងព្រលានយន្តហោះ ហើយនិងសម្ពោធស្នាក់ការ ក៏ដូចជាការប្រើប្រាស់បទសម្ភាសន៍ជាមួយអាស៊ីសេរី នៅពេលវត្តមាននាយករដ្ឋមន្រ្តី លោកទៅខេត្តមណ្ឌលគិរី រតនគិរី កាលពីមានបញ្ហារឿង CLV នោះ ព្រោះធម្មតា យើងធ្វើកិច្ចការសង្គម និងនយោបាយ តែងតែខ្វាយខ្វល់រឿងសុខទុក្ខប្រជាពលរដ្ឋហើយ នៅពេលដែលប្រជាពលរដ្ឋមានបញ្ហារឿងទំនាស់ដីធ្លី ឬមួយករណីរំលោភបំពានណាមួយ យើងត្រូវតែចុះទៅជួប សួរសុខទុក្ខ ក្នុងន័យធ្វើអន្តរាគមន៍ ស្វែងរកដំណោះស្រាយជូនពួកគាត់ ហើយបើយើងគ្រាន់តែចុះទៅជួបពលរដ្ឋ មិនបាន អាហ្នឹងថាតើសង្គមប្រជាធិបតេយ្យ បែបម៉េច? ហើយយើងធ្វើនយោបាយបែបម៉េច? ហើយធ្វើនយោបាយ មិនស្គាល់ពីសុខទុក្ខរបស់ពលរដ្ឋ អាហ្នឹងចប់ហើយ! មិនមែនជាអ្នកនយោបាយ និងសង្គមទេ“ ។
ភ្ជាប់ជាមួយការលើកឡើងខាងលើនេះ លោក រ៉ុង ឈុន បញ្ជាក់ថា សវនាការជំនុំជម្រះ របស់តុលាការកំពូល នៅថ្ងៃទី១៥ ខែមិថុនា ខាងមុខ បើធ្វើតាមនីតិវិធី ឬសំអាងលើការអះអាងរបស់ស្ថាប័នតុលាការ លោកមិនរំពឹងថា តុលាការកំពូល នឹងទម្លាក់ចោលការចោទប្រកាន់មកលើរូបលោកទេ ប៉ុន្តែបើមានអន្តរាគមន៍ផ្នែកនយោ បាយ លោកសង្ឃឹមថា នឹងរួចផុតពីការចោទប្រកាន់របស់តុលាការ ។
លោក រ៉ុង ឈុន បានមានប្រសាសន៍បន្តថា “យើងធ្វើការកត់សម្គាល់ជារឿយៗ តាំងពីសាលាដំបូង រហូតមកដល់ឧទ្ធរណ៍ កំពូលហ្នឹង ទាក់ទងទៅនឹងរឿងអ្នកនយោបាយ សកម្មជនសង្គម សព្វបែបយ៉ាងហ្នឹង ក៏ដូចជាប្រជាពលរដ្ឋដែលរងគ្រោះដោយសារដីធ្លី កម្រនឹងទទួលបានយុត្តិធម៌ណាស់ ដែលសាលាដំបូង ឧទ្ធរណ៍ តម្កល់មកកំពូលហ្នឹង លទ្ធផលវាប្រហាក់ប្រហែលគ្នាហ្នឹង ។ អ៊ីចឹងការរំពឹងថា នឹងទទួលយុត្តិធម៌ គឺពិបាករំពឹងណាស់ ហើយទាំងអស់នេះ វាគឺជារឿងនយោបាយច្រើនជាងការអនុវត្តច្បាប់ ហើយប្រព័ន្ធតុលាការ នៅកម្ពុជា ដូចគេដាក់ឧបករណ៍គូល័រ សម្រាប់ផាត់ពណ៌ យើងទិញឲ្យក្មេងៗផាត់ពណ៌ហ្នឹង ។ អ៊ីចឹងបើអ្នកដែលមានឥទ្ធិ ពល ចង់បានពណ៌ស គឺតុលាការ ផាត់ពណ៌ ទៅពណ៌សច្បាស់ណាស់ បើចង់បានពណ៌ខ្មៅ ផាត់ពណ៌ទៅពណ៌ខ្មៅ ។ អ៊ីចឹងអាហ្នឹងដែលលំបាកសង្ឃឹមថានឹងទទួលបានយុត្តិធម៌ ។ ប៉ុន្តែទោះបីយ៉ាងណា យើងត្រូវដើរតាមនីតិវិធី ព្រោះច្បាប់ ចង្អុលបង្ហាញថា បើយើងមិនសុខចិត្តនឹងការសម្រេចរបស់តុលាការ ថ្នាក់ណាមួយ យើងត្រូវតែប្ដឹងទាស់ មកខាងលើទៀត ។ អ៊ីចឹងយើងដើរតាមនីតិវិធីទាំងអស់“ ។
ជាពិសេស ជាទិដ្ឋភាពនយោបាយគួរឲ្យចាប់អារម្មណ៍ លោកមើលឃើញថា ក្រោយពីលើកលែងទោសលោក កឹម សុខា អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) វាគួរតែដល់ពេលវេលាហើយ នៅក្នុងការសម្រុះសម្រួលនយោបាយ ដោះលែងអ្នកនយោបាយ សកម្មជនសង្គម បរិស្ថាន និងមន្រ្តីអង្គការសង្គមស៊ីវិល តំណាងសហគមន៍ផ្សេងៗទៀត ដែលកំពុងជាប់ឃុំ ឲ្យមានសេរីភាពឡើងវិញ ។
ទោះបីយ៉ាងណា ជាទិដ្ឋភាពនយោបាយ គួរឲ្យចាប់អារម្មណ៍ លោក រ៉ុង ឈុន មើលឃើញថា ក្រោយពីលើកលែងទោសលោក កឹម សុខា អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) វាគួរតែដល់ពេលវេលាហើយ នៅក្នុងការសម្រុះសម្រួលនយោបាយ ដោះលែង ទម្កាល់បទចោទប្រកាន់ ចំពោះរួបលោក អ្នកនយោ បាយ សកម្មជនសង្គម បរិស្ថាន និងមន្រ្តីអង្គការសង្គមស៊ីវិល តំណាងសហគមន៍ផ្សេងៗទៀត ដែលកំពុងជាប់ឃុំ ឲ្យមានសេរីភាពឡើងវិញ ដើម្បីពង្រឹងការឯកភាពជាតិ ក្នុងខណៈដែលប្រទេសជាតិ កំពុងទទួលរងការឈ្លានពានពីប្រទេសសៀម ។
លោករ៉ុង ឈុន បានមានប្រសាសន៍ថា “ជាការពិតណាស់ ប្រទេសយើង ទទួលរងគ្រោះ ម្ដងហើយម្ដងទៀត ទាក់ទងទៅនឹងករណីសៀមឈ្លានពាន ករណីកេរ្តិ៍ឈ្មោះរឿងឧក្រិដ្ឋកម្មឆបោកអនឡាញ ទាំងអស់ហ្នឹង កម្ពុជាយើង ត្រូវការស្ដារកេរ្តិ៍ឈ្មោះ ក៏ដូចជាស្ដារទំនុកចិត្តដល់ទាំងអន្តរជាតិ ក៏ដូចជាអ្នកវិនិយោគទុន អ្នកទេសចរណ៍ផងដែរ ហើយក្នុងពេលនេះ យើងត្រូវការអន្តរជាតិគាំទ្រ ក៏ដូចជាជួយ នៅពេលដែលករណីសៀម ឈ្លានពាន ។ អ៊ីចឹងដើម្បីខ្មែរខ្លាំង ត្រូវតែដោះលែង លើកលែងដែលជាប់ឃុំ ទាំងអ្នកនៅក្នុងស្រុក នៅក្រៅស្រុក ដូចករណីលោក សម រង្ស៊ី លោកស្រី មួរ សុខហួរ នៅក្នុងស្រុក មានថាច់ សេដ្ឋា សេង ធារី លោកប្អូនកើត សារ៉ាយ ខាងសង្គមស៊ីវិល មានប្អូនៗយុវជនបរិស្ថាន មាតាធម្មជាតិ មានយុវជន២៣តុលា រួមជាមួយអ្នកសារព័ត៌មាន កម្មករ ដែលទើបចាប់ថ្មីៗ ហើយប្រជាពលរដ្ឋរឿងវិវាទដីធ្លីហ្នឹង យើងត្រូវដោះលែង ដើម្បីបង្ហាញអំពីការផ្សះផ្សាជាតិ និងឯកភាពជាតិ ពេលនោះ យើងនឹងខ្លាំង ។ ប្រសិនបើថា យើងនៅតែផាត់មតិផ្ទុយហ្នឹង យើងមិនអាចធ្វើឲ្យកម្ពុជា យើងផ្លាស់ប្ដូរបានទេ ហើយក៏យើងមិនអាចស្ដារកេរ្តិ៍ស្រុកទេសយើងបានដែរ“ ។
ក្នុងន័យនេះដែរ លោក រ៉ុង ឈុន បញ្ជាក់ថា ក្រៅពីចង់ឃើញលោក កឹម សុខា អតីតមេបក្សប្រឆាំង មានសេរីភាពពេញលេញ នៅក្នុងការលើកលែងទោស សម្រាប់លោក បើមានការទម្លាក់បទចោទប្រកាន់ ក៏សុំឲ្យមានសេរីភាពគ្រប់យ៉ាង ទាំងសិទ្ធិធ្វើនយោបាយ សិទ្ធិចូលរួមបោះឆ្នោត សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត និងសិទ្ធិជាពលរដ្ឋ ។
លោក រ៉ុង ឈុន បានមានប្រសាសន៍បន្ថែមថា “ទាក់ទងនៅថ្ងៃ ១៥ហ្នឹង គ្រាន់តែចង់ប្រាប់តុលាការ ដើម្បីកេរ្តិ៍ឈ្មោះកម្ពុជា របស់យើង ហើយតម្កល់ផលប្រយោជន៍ជាតិ ជាធំ តុលាការ ត្រូវទម្លាក់ចោលទាំងស្រុង នូវសេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍ ហើយមួយទៀត ក៏ត្រូវផ្ដល់សិទ្ធិសេរីភាពឲ្យដល់លោក កឹម សុខា មានសេរីភាពពេញលេញផងដែរ ។ តាមការពិត សេរីភាព នៅពេលដែលទម្លាក់ចោលទាំងអស់ទៅ សេរីភាព ទទួលបានមកវិញហើយ ទាក់ទងទៅនឹងការដកសិទ្ធិ មិនឲ្យបោះឆ្នោត មិនឲ្យឈរឈ្មោះការបោះឆ្នោត ហើយនិងសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងៗ នៅពេលទម្លាក់ចោលទាំងស្រុង អាសិទ្ធិហ្នឹង ត្រូវបានត្រលប់មកវិញពេញលេញហើយ“ ។
គួររំលឹកថា កាលពីឆ្នាំ២០២០ លោក រ៉ុង ឈុន អតីតមេដឹកនាំសហជីព និងជាអតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ធ្លាប់ត្រូវបានអាជ្ញាធរចាប់ខ្លួន និងឃុំខ្លួន ពីបទ «ញុះញង់» បន្ទាប់ពីលោកបានចុះទៅខេត្តត្បូងឃ្មុំ និងជួបប្រជាពលរដ្ឋ ដែលអះអាងថា ដីរបស់ពួកគេ ត្រូវបានអាជ្ញាធរវៀតណាម មិនឱ្យចូលធ្វើស្រែចម្ការ និងមានការបោះបង្គោលព្រំដែនចូលទឹកដីកម្ពុជា។ លោកត្រូវបានតុលាការផ្តន្ទាទោស ឱ្យជាប់ពន្ធនាគារ រយៈពេល ២ឆ្នាំ ហើយត្រូវបានដោះលែងឱ្យមានសេរីភាពវិញ កាលពីខែវិច្ឆិកា ឆ្នាំ២០២១ ។
ទាក់ទងសំណុំរឿង «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និងបទ «មិនរាងចាលក្នុងបទមជ្ឈិម បន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម» លោក រ៉ុង ឈុន ត្រូវបានចោទប្រកាន់ ពាក់ព័ន្ធសកម្មភាព ៤ករណីទៀត៖ ទី១. លោកបានផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី ទាក់ទងនាយករដ្ឋមន្ត្រី ចុះទៅតំបន់ព្រំដែន ទី២. សកម្មភាពចុះទៅសួរសុខទុក្ខពលរដ្ឋដែលរងគ្រោះដីធ្លីនៅបឹងតាមោក ទី៣. សកម្មភាពចុះទៅជួបពលរដ្ឋរងគ្រោះដីធ្លីនៅព្រលានយន្តហោះថ្មី និងទី៤. ពាក់ព័ន្ធនឹងសកម្មភាពសម្ពោធស្នាក់ការថ្មីរបស់គណបក្សកម្លាំងជាតិ នៅស្រុកកោះធំ ខេត្តកណ្ដាល ។
ពាក់ព័ន្ធនឹងបទចោទនេះ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ សាលាដំបូងរាជធានីភ្នំពេញ ចេញសាលក្រមសម្រេចឱ្យលោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ជាប់ពន្ធនាគារ ចំនួន ៤ឆ្នាំ ពិន័យជាប្រាក់ ចំនួន ៤លានរៀល។ ក្រៅពីនេះ សាលាដំបូង ក៏សម្រេចដកហូតសិទ្ធិបោះឆ្នោត និងឈរឈ្មោះបោះឆ្នោត របស់លោក រ៉ុង ឈុន ជាអចិន្ត្រៃយ៍ផងដែរ។
បន្ទាប់ពីមានសាលក្រមផ្ទន្ទាទោស លោក រ៉ុង ឈុន ក៏ទទួលបានដីកាសម្រេចមួយករណីផ្សេងទៀត របស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក យី សុខវួច ដោយចាប់ផ្ដើមបង្ខំលក់អលនវត្ថុរបស់លោក ដែលស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីសងសំណងចំនួន ១០ម៉ឺនដុល្លារ ទៅឱ្យគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន។ ក្រោយទទួលបានដីកា អ្នកគាំទ្រលោក រ៉ុង ឈុន បានបរិច្ចាគថវិការបស់ពួកគេ ដើម្បីជួយដល់ទីប្រឹក្សារូបនេះ។
កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ សាលាឧទ្ធរណ៍ភ្នំពេញ បានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដោយផ្ដន្ទាទោសលោក រ៉ុង ឈុន ឲ្យជាប់ពន្ធនាគារ រយៈពេល ៤ឆ្នាំ ពិន័យជាប្រាក់ ៤លានរៀល និងដកហូតសិទ្ធិធ្វើនយោបាយ ពាក់ព័ន្ធការចោទប្រកាន់ពីបទ «មិនរាងចាល» ក្នុងសំណុំរឿង «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» កាលពីខែឧសភា ឆ្នាំ២០២៥ ដោយសារលោកបានធ្វើអត្ថាធិប្បាយពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-វៀតណាម។ បន្ថែមពីនោះ សាលាឧទ្ធរណ៍ភ្នំពេញ ក៏បានផ្ដន្ទាទោសលោក រ៉ុង ឈុន ដោយដកហូតសិទ្ធិនយោបាយជាអចិន្ត្រៃយ៍ តាមបញ្ញត្តមាត្រា៤៩៨ នៃក្រមព្រហ្មទណ្ឌ ។
ក្រោយបរាជ័យនៅសាលាឧទ្ធរណ៍ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ លោក រ៉ុង ឈុន បានសម្រេចប្ដឹងជំទាស់ទៅតុលាការកំពូល ដោយលោកអះអាងថា ដើម្បីរកយុត្តិធម៌ឲ្យខ្លួនលោក និងសង្គមជាតិ ពីព្រោះការកាត់ក្ដី និងការសម្រេចរបស់តុលាការថ្នាក់ទាប ពាក់ព័ន្ធបទចោទ «ញុះញង់» ធ្វើឲ្យសកម្មជនសិទ្ធិមនុស្ស បរិស្ថាន និងសកម្មជនសង្គម រងនូវភាពអយុត្តិធម៌ ក្នុងសង្គមប្រជាធិបតេយ្យ។

ជាការឆ្លើយតប ក្រោយទទួលបានបណ្ដឹងរបស់លោក រ៉ុង ឈុន ជាជនជាប់ចោទ តុលាការកំពូល សម្រេចកំណត់ថ្ងៃបើកសវនាការជំនុំជម្រះ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ ។ ប៉ុន្តែលទ្ធផលយ៉ាងណានោះ លោក រ៉ុង ឈុន មិនអាចរំពឹងទុកបាន ប៉ុន្តែទោះបីជាយ៉ាងណា ដោយមើលឃើញលោក កឹម សុខា ត្រូវបានលើកលែងទោស ដូច្នេះលោកនៅមានសង្ឃឹមខ្លះដែរថា អាចត្រូវបានតុលាការកំពូល លើកលែងការចោទប្រកាន់ ប្រសិនបើមានការសម្របសម្រួលនយោបាយ បន្ថែមលើការអនុវត្តតាមនីតិវិធីរបស់តុលាការ ដែលលោកគិតថា ស្ថិតនៅក្រោមសម្ពាធអ្នកនយោបាយ ៕ កុលបុត្រ