Saturday, June 6, 2026
Homeតារាខ្មែរប៉ែន ចំរ៉ុង ឈាន១ជំហានទៀត

ប៉ែន ចំរ៉ុង ឈាន១ជំហានទៀត

ភ្នំពេញ ៖ អតីតពិធីករ PNN លោកប៉ែន ចំរ៉ុង ដែលអស់តំណែង MC ទាំងអស់ នៅប៉ុស្ដិ៍មួយនេះ តាំងពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ក្រោយជ្រកទ្រនំនេះបាន ១០ឆ្នាំ នៅពេលនេះ លោកចំរ៉ុង មិនទាល់ច្រក ឬអស់ក្រឡាលោតទេ ប៉ុន្ដែតារាជិតបានកូន៤ រូបនេះ បានឈាន ១ជំហានទៀត គឺបើកក្រុមហ៊ុនកម្សាន្ដ Chamrong Entertainment Agency(CEA) ដែលរូបលោកជាថៅកែ ឬម្ចាស់ក្រុមហ៊ុននេះតែម្ដង ។

វាមិនពិបាកឡើយសម្រាប់លោកចំរ៉ុង ក្នុងដំណើរការមុខរបរថ្មីសន្លាងមួយនេះ ព្រោះលោកធ្លាប់បានធ្វើពិធីករ ជាមួយកម្មវិធីប្រភេទនេះ ជាច្រើនឆ្នាំមកហើយ គ្រាន់តែខុសគ្នាត្រង់ពេលនោះ ធ្វើការឲ្យគេ និងពេលនេះ ដឹក នាំធ្វើការដោយខ្លួនឯងវិញម្ដង ។ គេថា «ក្នុងគ្រោះ មានលាភ» គឺពិតជាមិនខុសទេ ព្រោះលោកចំរ៉ុង បង្ហាញអារម្មណ៍សោកស្ដាយជាខ្លាំង នៅថ្ងៃលោកថតកម្មវិធីចុងក្រោយ របស់ PNN និងបានដើរឱបលាបុគ្គលិកអ្នករួម ការងារគ្រប់ផ្នែក នៅថ្ងៃដែល PNN រំសាយបុគ្គលិក ប៉ុន្ដែ PNN បិទបានតែជាង ១ខែ ឥឡូវលោកចំរ៉ុង បើកក្រុម ហ៊ុនខ្លួនឯង ហើយបើក្រុមហ៊ុនកម្សាន្ដរបស់លោក ដំណើរការល្អ នោះមានន័យថា ជាជំហានថ្មីរបស់លោក ដែលនឹងអាចរីកចម្រើនជាងពេលលោកធ្វើការឲ្យគេទៅទៀត ប្រសិនបើអាជីវកម្មថ្មី មានការគាំទ្រពីអតិថិជន ព្រោះទោះជាក្នុងនាមជាថៅកែ តែលោកក៏ធ្វើជាពិធីករ និងច្រៀងប្រចាំ នៅក្រុមហ៊ុនខ្លួនឯងផ្ទាល់តែម្ដង ។

 គួរបញ្ជាក់ថា ក្រៅពីប៉ែន ចំរ៉ុង តារាដែលរកស៊ីបើកក្រុមហ៊ុនកម្សាន្ដ មានដូចជា លោកអេឡិច ច័ន្ទត្រា, យ៉ែម សំអូន, ដួង វីរៈសិទ្ធ, សុភ័ក្រ កុសុម៉ា និងបាន មុនី្នល័ក្ខ ជាដើម ខណៈដែលអ្នកសកម្មជាងគេ គឺលោកអេឡិច ច័ន្ទត្រា និងលោកយ៉ែម សំអូន ។ ចំពោះលោកចំរ៉ុង  ដឹងច្បាស់ពីការរកស៊ីវិស័យនេះ  ហេតុនេះបើលោកដំ ណើរការ ដោយរលូនហើយ គេជឿថាលោកចំរ៉ុង នឹងដកឃ្លាពីអាជីពសម្ដែង និងពិធីករ បន្ដិចម្ដងៗ ដូចលោកអេឡិច ច័ន្ទត្រា និងយ៉ែម សំអូន ដែរជាមិនខាន។

 មានការកត់សម្គាល់ដែរថា នៅឆ្នាំ២០២៦ លោកប៉ែន ចំរ៉ុង បានធ្វើឲ្យខ្លួនឯងក្លាយជាថៅកែ ដល់ទៅ២ នោះគឺលោកបានក្លាយជាផលិករប្រតិបត្តិ (executive producer) ភាពយន្ដ របស់ 4U media បើកឆាកដំបូង រឿង «ភូមិគ្រឹះម្លិះ» សម្ពោធកាលពីខែកុម្ភៈ ឆ្នាំ២០២៦ ហើយរំលងតែជាង ៣ខែប៉ុណ្ណោះ ឥឡូវលោកក្លាយជាថៅកែក្រុមហ៊ុនកម្សាន្ដ ១ទៀត។ ប៉ុន្ដែការបើកក្រុមហ៊ុនកម្សាន្ដ របស់លោកចំរ៉ុង ដែលមានទទួលរៀបចំតារាចម្រៀង តារាកំប្លែង ពិធីករ និងការប្រគំតន្ត្រីនេះ ចំខែធ្លាក់ភ្លៀងទៅហើយ ហាក់យឺតពេលបន្ដិច ព្រោះរដូវវស្សាបែបនេះ មិនសូវមានគេរៀបការ ឬជប់លៀងច្រើន ដូចរដូវប្រាំងឡើយ គឺទាល់តែចាប់ពីខែវិច្ឆិកា ដល់ខែមេសា ទើបដឹងថា ក្រុមហ៊ុនលោកចំរ៉ុង អាចដំណើរការ ឬប្រកួតប្រជែងជាមួយក្រុមហ៊ុនគេបានឬអត់?

  ប៉ែន ចំរ៉ុង អាយុ៤៤ឆ្នាំ ត្រូវបានចាត់ទុកជាតារាពហុជំនាញម្នាក់ផងដែរ ព្រោះអាចសម្ដែង ច្រៀង ពិធីករ និងលែងកំប្លែង ក៏បាន ។ នៅឆ្នាំ២០២៦ នេះ លោកចំរ៉ុង ជិតបានកូន៤នាក់ ទៅហើយ ព្រោះភរិយា អ្នកនាង ហ៊ុន ម៉ាណេ កំពុងពពោះកូនទី៣ ក្រោយរៀបការ ជិត៧ឆ្នាំ បានចំណងដៃកូនស្រី ពីរនាក់ គឺកូនទី១ ឈ្មោះចំរ៉ុង បេ ឡាជុតិម៉ា អាយុជាង៥ឆ្នាំ កូនទី២ស្រីឈ្មោះចំរ៉ុង សោម៉ា ម៉ានីណា អាយុជាង១ឆ្នាំ ហើយកូនទី៣ ភរិយាលោក នឹងសម្រាលនៅដើមឆ្នាំ២០២៧ ខាងមុខ ខណៈដែលកូនស្រីទី១ របស់លោក ឈ្មោះ Katerina អាយុ១០ឆ្នាំ ជាមួយភិន សុដាលីស កំពុងសិក្សានិងរស់នៅអាមេរិក។ ប៉ុន្ដែលោកចំរ៉ុង មិនដែលហ៊ានទៅជួបមុខកូនទី១ ផ្ទាល់ទេ អំឡុងពេលនាងមកលេងស្រុក កាលពីខែមេសា បើទោះជានៅខែកុម្ភៈ ឆ្នាំ២០២៦ អតីតឪក្មេកលោកប៉ែន ចំរ៉ុង គឺលោកអ៊ិន សុភិន បានប្រកាសជាសាធាណៈថា ចំរ៉ុង អាចជួបមុខកូនស្រី បានគ្រប់ពេលវេលា ឲ្យ តែមានចិត្តចង់ ព្រោះច្បាប់បានអនុញ្ញាតក្ដី ក៏រយៈពេល ១០ឆ្នាំហើយ ពិធីកររូបនេះ មិនដែលទៅជួប Katerina ផ្ទាល់ម្ដងណាទេ ៕

RELATED ARTICLES