ភ្នំពេញ ៖ យុវជនម្នាក់ បានខ្ចីទូរស័ព្ទ ១គ្រឿងពីយុវតីម្នាក់ ដែលជាអ្នកធ្វើការជាមួយគ្នា ដោយកុហកនាងថា ទាក់ទងទៅសួរសុខទុក្ខបងប្អូនដែលជួបគ្រោះថ្នាក់ចរាចរណ៍ រួចក៏យកទូរស័ព្ទទៅបញ្ចាំ បានប្រាក់៥០ដុល្លារ ដើរស៊ីចាយអស់ ស្រាប់តែ២ថ្ងៃ ក្រោយមក ត្រូវយុវតីជាម្ចាស់ទូរស័ព្ទ តាមរកឃើញកំពុងជួយលក់បន្លែពូ នៅផ្សារជម្ពូវ័ន ក៏ចាប់ក្របួចជាប់ និងរាយការណ៍ ប្តឹងសមត្ថកិច្ចតែម្តង។

ការឃាត់ខ្លួនជនសង្ស័យស៊ីដាច់ទូរស័ព្ទនេះ បានធ្វើឡើងកាលពីវេលាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ នៅក្នុងផ្សារជម្ពូវ័ន២ ស្ថិតក្នុងភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ ថា រ៉ានុត ហៅរ៉ាវី អាយុ១៨ឆ្នាំ មុខរបរកម្មររោងចក្រសាន់តិច ស្នាក់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សង្កាត់កន្ទោក ខណ្ឌកំបូល។ ចំណែកក្មេងស្រីរងគ្រោះ ជាម្ចាស់ទូរស័ព្ទ មានឈ្មោះសាន់ រ៉ូយ៉ាន អាយុ១៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរកម្មការិនីរោងចក្រសាន់តិច ស្នាក់នៅផ្ទះជួលនៅម្តុំអតីតឡឥដ្ឋ ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា យុវតីរងគ្រោះ និងជនសង្ស័យ គឺជាកម្មករធ្វើការនៅរោងចក្រសាន់តិច ជា មួយគ្នា ហើយកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ខណៈកំពុងធ្វើការនៅក្នុងរោងចក្រខាងលើ យុវជននោះ បានខ្ចីទូរស័ព្ទ ១គ្រឿង ម៉ាក iPhone 11 ពីយុវតីរងគ្រោះ ដោយកុហកនាងថា ហៅទៅសួរសុខទុក្ខបងប្អូនរបស់ខ្លួន ដែលជួបគ្រោះថ្នាក់ចរាចរណ៍។ លុះពេលនាងឱ្យខ្ចី ស្រាប់តែយុវជននោះ យកគេចខ្លួនបាត់តែម្តង។ បន្ទាប់មក នាងបានតាមរកគ្រប់ទីកន្លែងដែលជននោះធ្លាប់ទៅ ប៉ុន្តែរកពុំឃើញ។
ប្រភពដដែល បន្តថា លុះ ២ថ្ងៃក្រោយមក មានមិត្តភក្តិរបស់នារីរងគ្រោះម្នាក់ បានប្រាប់ថា បានឃើញយុវជននោះ កំពុងជួយលក់បន្លែ ឪពុកមា នៅផ្សារជម្ពូវ័ន។ គ្រាន់តែមិត្តភក្តិប្រាប់ភ្លាម នាងបានទៅរកភ្លាម ហើយបានឃើញជនសង្ស័យកំពុងដេកនៅលើរ៉ឺម៉កម៉ូតូ ១គ្រឿង ក៏បានឃាត់ខ្លួន ប្រគល់ឱ្យគណៈកម្មការផ្សារជម្ពូវ័ន ដើម្បីប្រគល់បន្តទៅឱ្យនគរបាល ចាត់ការតាមច្បាប់។

ក្រោយមក គណៈកម្មការផ្សារជម្ពូវ័ន បានប្រគល់ជនសង្ស័យ ឱ្យប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ នាំយកទៅសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានបោកយកទូរស័ព្ទយុវតីរងគ្រោះ ប្រាកដ មែន រួចយកទៅបញ្ចាំ បានប្រាក់ ចំនួន៥០ដុល្លារ យកមកស៊ីចាយអស់ហើយ។

ជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្ត តាមនីតិវិ ធី៕
