Saturday, June 6, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបើកត្រាក់ទ័របំបុកផ្ទះ ជាប់ខ្នោះ៣នាក់

បើកត្រាក់ទ័របំបុកផ្ទះ ជាប់ខ្នោះ៣នាក់

ខេត្តបាត់ដំបង ៖ បុរស ចំនួន៣នាក់ បានធ្វើសកម្មភាពបើកត្រាក់ទ័រឈូសឆាយ បុកផ្ទះ និងរោងចម្ការរបស់បុរសម្នាក់ បណ្តាលឱ្យខូចខាត ត្រូវបានជនរងគ្រោះដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ឃាត់ខ្លួនទាំង៣នាក់ នាំយកទៅចាត់ការតាមច្បាប់។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចវាលធ្មា ភូមិចម្លងរមាំងក្រោម ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង។

ជនសង្ស័យ ទាំង៣នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួមមាន ទី១-ឈ្មោះអេង ណាវី ភេទប្រុស អាយុ៤៥ឆ្នាំ មានលំនៅ ភូមិចម្លងរមាំងក្រោម ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង។ ទី២-ឈ្មោះវ័រ វូ ភេទប្រុស អាយុ១៨ឆ្នាំ មានលំនៅ ភូមិចម្លងរមាំងក្រោម ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង (ជាតៃកុងត្រាក់ទ័រ) និងទី៣-ឈ្មោះកែវ បូរី ភេទប្រុស អាយុ២៦ឆ្នាំ មានលំនៅ ភូមិចម្លងរមាំងក្រោម ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំ បង (ជាតៃកុងត្រាក់ទ័រ)។ ចំណែកជនរងគ្រោះ មានឈ្មោះប៉ិ វ៉ាន់ ភេទប្រុស អាយុ៦១ឆ្នាំ មានលំនៅ ភូមិចម្លងរមាំងក្រោម ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង។

តាមប្រភពសមត្ថកិច្ចស្រុកសំឡូត បានឱ្យដឹងនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ថា កាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចវាលធ្មា ភូមិចម្លងរមាំងក្រោម ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង មានករណីធ្វើឱ្យខូចខាតដោយចេតនា (ប្រើត្រាក់ទ័រឈូសឆាយបំបុក) មួយ កើតឡើង បង្កដោយជនសង្ស័យ ៣នាក់ (១-ឈ្មោះអេង ណាវី ២-ឈ្មោះវ័រ វូ ៣-ឈ្មោះកែវ បូរី) បានធ្វើសកម្មភាពបើកត្រាក់ទ័រ ទៅឈូសឆាយបុកផ្ទះ និងរោងចម្ការរបស់ជនរងគ្រោះឈ្មោះប៉ិ វ៉ាន់ បណ្តាលឱ្យខូចខាត។

ក្រោយពេលកើតហេតុ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកសំឡូត សហការជាមួយកម្លាំងប៉ុស្តិ៍នគរ បាលរដ្ឋបាលអូរសំរិល ដឹកនាំដោយលោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូត បានចុះធ្វើការស្រាវជ្រាវ ស៊ើបអង្កេត ហើយឈានដល់ការឃាត់ខ្លួន ជនសង្ស័យ ទាំង៣នាក់ខាងលើ នៅវេលាម៉ោង៩និង១០ នាទីយប់ ថ្ងៃដដែល នាំមកកាន់អធិការដ្ឋាននគរបាលស្រុកសំឡូត ដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង៣នាក់ខាងលើ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពយកត្រាក់ទ័រឈូសឆាយបុកផ្ទះ និងរោងចម្ការរបស់ជនរងគ្រោះ ប្រាកដមែន ដោយពួកខ្លួនបានធ្វើតាមបញ្ជារបស់ឈ្មោះសន រ៉ាណែត ភេទស្រី អាយុ៤៤ឆ្នាំ រស់នៅភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។

ជនសង្ស័យ ទាំង៣នាក់ ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿង បញ្ជូនទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES