Saturday, June 6, 2026
Homeសន្ដិសុខសង្គមចិន បន្លំលួចលុយតាមវីង ឃុំខ្លួន២ បញ្ជូនទៅស្រុក២

ចិន បន្លំលួចលុយតាមវីង ឃុំខ្លួន២ បញ្ជូនទៅស្រុក២

ភ្នំពេញ ៖ សំណុំរឿងជនជាតិចិន ៤នាក់ ពាក់ព័ន្ធករណីឆបោកតាមរូបភាពបន្លំលួចលុយនៅកន្លែងដូរលុយ ត្រូវបានសាលាដំបូងរាជធានី ភ្នំពេញសម្រេចឃុំខ្លួនដាក់ពន្ធនាគារ ចំនួន២នាក់ ខណៈ២នាក់ទៀត ត្រូវបានប្រគល់ឱ្យនាយដ្ឋានអន្តោប្រវេសន៍ ដើម្បីបណ្តេញចេញទៅស្រុកកំណើតវិញ។

ជនជាតិចិន ទាំង៤នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីឆបោក (បន្លំលុយតាមកន្លែងដូរលុយ) រួម មាន ទី១-ឈ្មោះ YANG FU DE ភេទប្រុស។ ទី២-ឈ្មោះ TAN YANGY ភេទប្រុស ។ ទី៣-ឈ្មោះ WANG YINFU ភេទប្រុស និងទី៤-ឈ្មោះ CHEN ZHIQIN ភេទប្រុស។

គួរបញ្ជាក់ថា ក្រោមការដឹកនាំបញ្ជាពីលោកឧត្តមសេនីឯក ជួន ណារិន្ទ អគ្គស្នងការរង ជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជ ធានីភ្នំពេញ បានសហការជាមួយអធិការដ្ឋាននគរបាល ច្បារអំពៅ និងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យ ចំនួន៤នាក់ នៅចំណុចសណ្ឋាគារអន្តជាតិ ផ្លូវ១២២ កែង២២៥ ភូមិ៦ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យ ទាំង៤នាក់ ខាងលើនេះ យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ទាក់ ទិននឹងបទល្មើសជាក់ស្តែង ដែលជនសង្ស័យបានធ្វើសកម្មភាព ឆបោកប្រាក់ នៅទីតាំងដូរលុយ វេរលុយ “ឧទាហរណ៍ ជនសង្ស័យបានយកប្រាក់ចំនួន១០០០ដុល្លារ ទៅដូរយកលុយខ្មែរ ពេលនោះ អាជីករក៏ប្រគល់លុយខ្មែរ គ្រប់ចំនួន ឱ្យទៅជនសង្ស័យ ហើយជនសង្ស័យ បានធ្វើជាសុំលុយដុល្លាររបស់ខ្លួន មករាប់មើលវិញ ខណៈនោះ ជនសង្ស័យក៏បន្លំដកដុល្លារ ២ឬ៣សន្លឹក ដែលអាជីវករមិនបានចាប់អារម្មណ៍ រួចគេចខ្លួនបាត់ទៅ”។

ក្រោយឃាត់ខ្លួន ជនសង្ស័យទាំង៤នាក់ បានសារភាពនៅចំពោះមុខសមត្ថកិច្ចថា ពួកគេមាន២នាក់ ជាអ្នកប្រព្រឹត្តផ្ទាល់ ចំណែក២នាក់ទៀត គ្រាន់តែជាមិត្តភក្តិដើរលេងជាមួយគ្នាប៉ុណ្ណោះ។ ជនសង្ស័យ ២នាក់នោះ បានឆ្លើយថា ពួកគេធ្លាប់បានធ្វើសកម្មភាពឆបោក បន្លំតាមរូបភាពយកប្រាក់ទៅដូរ ឬផ្ញើនៅកន្លែងវេរលុយ ចំនួន៣លើក ជាក់ស្តែង លើកទី១-ឆបោកកាលពីវេលាម៉ោង ៩និង០៤នាទីព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចនៅផ្ទះលេខ 92A ភូមិក្តីតាកុយ សង្កាត់វាល់ស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ លើក២-នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ នៅផ្ទះលេខ១៣៩ ផ្លូវបេតុង ភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ លើកទី៣-នៅវេលាម៉ោង ៨និង៥៧ព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។

បន្ទាប់ពីទទួលបានចម្លើយសារភាពរបស់ជនសង្ស័យ ២នាក់ ពាក់ពន្ធបទល្មើសព្រហ្មទណ្ឌ ត្រូវបានសមត្តកិច្ចកសាងសំណុំបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី។ ចំណែក២នាក់ទៀត មិនជាប់ពាក់ព័ន្ធ សមត្ថ កិច្ចបានប្រគល់ជូននាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបន្ត នីតិវិធីបណ្តេញចេញ៕

RELATED ARTICLES