Saturday, June 6, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឃាត់ខ្លួនសិស្ស២ ព្រួតវ៉ៃសិស្ស១

ឃាត់ខ្លួនសិស្ស២ ព្រួតវ៉ៃសិស្ស១

ភ្នំពេញ ៖ ករណីហិង្សាសិស្សសាលា ១ក្រុម ព្រួតវាយទៅលើយុវសិស្សម្នាក់នៅវិទ្យាល័យច្បារអំពៅ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនសិស្សបង្កហេតុ បានចំនួន២នាក់ យកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ។

ការឃាត់ខ្លួនសិស្ស ២នាក់នេះ បន្ទាប់ពីមានការចែកចាយរូបភាពជាវីដេអូសកម្មភាពសិស្សជាច្រើននាក់ បានព្រួតគ្នាធ្វើសកម្មភាពវាយទាត់ធាក់លើសិស្សម្នាក់ ធ្វើឱ្យដួលទៅលើដី និងធ្វើឱ្យកើតមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គម កាលពីថ្មីៗនេះ។

យោងតាមក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ បានឱ្យដឹងថាកាល ពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ នៅវិទ្យាល័យច្បារអំពៅ មានសិស្ស ២នាក់ ព្រួត វាយសិស្សម្នាក់ ដែលមានការផ្សព្វផ្សាយតាមបណ្តាញសង្គម ។

សមត្ថកិច្ចយោងពាក្យបណ្តឹងរបស់សិស្សរងគ្រោះឈ្មោះ សូនី ហេងលី ភេទប្រុស មុខរបរសិស្ស ស្នាក់នៅផ្ទះ៧៩ ផ្លូវ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ បានឃាត់ខ្លួនសិស្សបង្កហេតុ ចំនួន២នាក់ ទី១-ឈ្មោះសុខ វិជ្ជា ភេទប្រុស មុខរបរសិស្ស ស្នាក់នៅភូមិដើមមាក់ក្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ និងទី២-ឈ្មោះតឹក សុវណ្ណរ័ត្នមុនី ភេទប្រុស មុខរបរសិស្ស ស្នាក់នៅផ្ទះជួល ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

តាមប្រភពសមត្ថកិច្ច  មូលហេតុដែលឈានដល់ការព្រួតវាយយុវសិស្សរងគ្រោះនេះ ដោយសារតែសិស្សរងគ្រោះ និងសិស្សដែលបង្ក បាននិយាយពាក្យឌឺដងគ្នា។

សិស្សបង្កហេតុខាងលើ សមត្ថកិច្ចបាននាំខ្លួនទៅធ្វើការសាកសួរ។ ដោយឡែកអ្នកពាក់ព័ន្ធមួយចំនូនទៀត សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវយកមកអនុវត្តតាមនីតិវិធី៕

RELATED ARTICLES