ភ្នំពេញ ៖ កម្ពុជា បន្តរងឥទ្ធិពលខ្យល់មូសុង ធ្វើឱ្យមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់ ផ្ទររន្ទះ ៣ថ្ងៃជាប់គ្នា (ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦) ដែលបណ្តាលមកពីព្យុះទី៦ ឈ្មោះ “ចាងមី”។

ក្រសួងធនធានទឹកនិងឧតុនិយម បានប្រកាសនាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ថា សម្ពាធទាប ដែលកើតនៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច បានវិវត្តទៅជាព្យុះទី៦ ឈ្មោះចាងមី (Jangmi) T2606។ ទោះបីជាព្រះរា ជាណាចក្រកម្ពុជា មិនស្ថិតនៅលើគន្លងផ្លូវដើររបស់ព្យុះ ចាងមី នេះដោយផ្ទាល់ក៏ដោយ ប៉ុន្តែឥទ្ធិពលប្រព័ន្ធខ្យល់មូសុងនិរតី ដែលបក់លើឈូងសមុទ្របេងហ្គោល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេ គង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។
ស្ថានភាពបែបនេះ នឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ មានលក្ខណៈដូចខាងក្រោម ៖

១-តំបន់វាលទំនាប ៖ សីតុណ្ហភាពមធ្យមអប្បបរមា ២៥អង្សាសេ និងមធ្យមអតិបរមា ៣៦អង្សាសេ។ ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍ មានល្បឿនមធ្យម ៣ម៉ែត្រ ក្នុង១វិនាទី។ អាចមានភ្លៀងធ្លាក់ ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី ២៥ភាគរយ នៅខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង តាកែវ កណ្តាល និងរាជធានីភ្នំពេញ។
២-តំបន់ខ្ពង់រាប ៖ សីតុណ្ហភាពមធ្យមអប្បបរមា ២៦អង្សាសេ និងមធ្យមអតិបរមា ៣៦អង្សាសេ។ ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍ មានល្បឿនមធ្យម ៣ម៉ែត្រ ក្នុង១វិនាទី។ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី ១០ភាគរយ នៅកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ។

៣-តំបន់មាត់សមុទ្រ ៖ សីតុណ្ហភាពមធ្យមអប្បបរមា ២៥អង្សាសេ និងមធ្យមអតិបរមា ៣៥អង្សាសេ។ ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍ មានល្បឿនមធ្យម ២ម៉ែត្រ ក្នុង១វិនាទី។ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី ៤០ភាគរយ (មានកម្រិតខ្ពស់ជាងគេ) នៅកោះកុង ព្រះសីហនុ កំពត តាកែវ និងជួរភ្នំបូកគោ៕