Tuesday, June 9, 2026
Homeសន្ដិសុខសង្គមបង្ក្រាបឆបោកអនឡាញ ឃាត់ខ្លួន៥១នាក់

បង្ក្រាបឆបោកអនឡាញ ឃាត់ខ្លួន៥១នាក់

ខេត្តកោះកុង ៖ កម្លាំងគណៈបញ្ជាការឯកភាពខេត្តកោះកុង បានបើកប្រតិបត្តិការចុះពិនិត្យរដ្ឋបាល នៅទីតាំងធំៗ ចំនួន១០ ក្នុងភូមិសាស្ត្រស្រុកគិរីសាគរ ខេត្តកោះកុង ដោយបានរកឃើញទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងឈានដល់ការឃាត់ខ្លួនមនុស្ស សរុបចំនួន៥១នាក់។

ប្រតិបត្តិការបង្ក្រាបទីតាំងលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ខាងលើធ្វើ ឡើងកាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ នៅក្នុងភូមិសាស្ត្រស្រុកគិរីសាគរ ខេត្តកោះកុង។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពខេត្តកោះកុង ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត បានចុះពិនិត្យ ធ្វើរដ្ឋបាលក្នុងភូមិសាស្ត្រស្រុកគិរីសាគរ ដោយក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចជំនាញបានត្រួតពិនិត្យ ១០ទីតាំងធំៗ បានរកឃើញបន្ទប់ដាក់សម្ភារៈបម្រើឱ្យការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងឃាត់ខ្លួនមនុស្សបាន ៥១នាក់ ដោយខ្លះមិនមានលិខិតឆ្លងដែន និងខ្លះទៀតលិខិតឆ្លងដែនហួសសុពលភាព។

ចំពោះសម្ភារដែលសមត្ថកិច្ចដកហូតបាន រួមមាន Monitors ចំនួន២៦០គ្រឿង Laptop ចំនួន១០៩គ្រឿង និងទូរស័ព្ទ ចំនួន១៧៨៨គ្រឿង។

ជនសង្ស័យ ទាំង៥១នាក់ រួមទាំងសម្ភារៈពាក់ព័ន្ធ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកោះកុង ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES