ខេត្តបាត់ដំបង ៖ រថយន្ត ១គ្រឿង ដែលត្រូវបានយកទៅជួសជុលនៅក្នុងយានដ្ឋាន ១កន្លែង ស្រាប់តែត្រូវអគ្គិ ភ័យឆាបឆេះខូចខាតអស់ទាំងស្រុង សង្ស័យឆ្លងប្រព័ន្ធភ្លើង បង្កឱ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលអធ្រាត្រ និងត្រូវបានសមត្ថកិច្ចបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចុះជួយបាញ់ទឹកពន្លត់ភ្លាមៗ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចយានដ្ឋាន រ៉ាន សារ៉ា ស្ថិតក្នុងក្រុមទី៣ ភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ ដំបង។
រថយន្តដែលទទួលរងការឆាបឆេះ ម៉ាកតូយ៉ូតា ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2C-9136។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនកើតហេតុ សមត្ថកិច្ចទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានករណីអគ្គិភ័យ ឆេះរថយន្ត ១គ្រឿង ក្នុងយានដ្ឋាន ១កន្លែង ត្រង់ចំណុចកើតហេតុ ភ្លាមនោះ សមត្ថកិច្ចជំនាញ ចេញអន្តរាគមន៍ភ្លាមៗ ដោយបញ្ជូនរថយន្តពន្លត់អគ្គិភ័យ មួយគ្រឿង ចុះទៅកាន់ទីតាំងកើតហេតុភ្លាមៗ។

នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង បានប្រើប្រាស់ទឹក អស់ចំនួន១ឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង និងមិនបណ្តាលឱ្យឆ្លងទៅដល់ផ្ទះអ្នកជិតខាងឡើយ។
ករណីអគ្គិភ័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ បញ្ជាក់ថា មូលហេតុបណ្តាលមកពីការឆ្លងប្រព័ន្ធភ្លើង នៅក្នុងរថយន្ត និងបណ្តាលឱ្យឆេះខូចខាតរថយន្តខាងលើ អស់ប្រហែល ៨០ភាគរយ៕