ភ្នំពេញ ៖ រថភ្លើង ១ខ្សែ សណ្តោងទូ ចំនួន២៥ ក្នុងនោះមានដឹកស៊ីទែនហ្គាស់ ២៤ស៊ីទែន ដែលមានហ្គាស់ រាប់ម៉ឺនលីត្រ ខណៈកំពុងបើកសុខៗ ស្រាប់តែស្រុតញែកផ្លូវ បណ្តាលឱ្យក្បាលរថភ្លើងក្រឡាប់ ដោយទាំងទូ ១នៅជាប់ក្បាលនោះទៀតផង តែជាសំណាងដែលស៊ីទែនហ្គាស់ មិនក្រឡាប់ ទើបគ្មានគ្រោះអគ្គិភ័យកើតឡើង។ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង ៦ព្រឹក ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ នៅត្រង់ចំណុចខាងជើងវត្តត្រពាំងឈូក ស្ថិតនៅក្នុងភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ក្បាលរថភ្លើងដែលក្រឡាប់ លេខ៦៣៧៥ ខ្សែរាជធានីភ្នំពេញ-ខេត្តព្រសីហនុ បានរងការខូចខាត ចំណែកអ្នកបើកបរ មិនបានរងរបួស ឬគ្រោះថ្នាក់នោះឡើយ។

តាមប្រភពក្រុមការងារផ្លូវដែក បានឱ្យដឹងថា មុនពេលកើតហេតុ រថភ្លើង ១ខ្សែ ខាងលើ បានសណ្តោងទូ ចំនួន២៥ ក្នុងនោះមានទូដឹកស៊ីទែនហ្គាស់ ចំនួន២៤ ចេញពីខេត្តព្រះសីហនុ យកមកស្តុកនៅតាមទីតាំងឃ្លាំងប្រេង ឥន្ធនៈ ក្នុងរាជធានីភ្នំពេញ។ ខណៈនោះ រថភ្លើង បានបើកបរក្នុងទិសដៅពីត្បូង ទៅជើង លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែផ្លូវស្រុតញែក ធ្វើឱ្យក្បាលរថភ្លើងរត់ខុសផ្លូវ រួចក៏ក្រឡាប់ ដោយទាំងទូ១ ដែលនៅជាប់ជាមួយក្បាលនោះទៀតផង។

ប្រភពដែល បានឱ្យដឹងបន្តថា ពេលនោះ អ្នកបើកបរ និងក្រុមការងារមួយចំនួន មិនបានរងរបួសនោះទេ ដោយ ឡែកទូដែលដឹកស៊ីទែនហ្គាស់ មិនបានក្រឡាប់ឡើយ។ ប្រសិនបើក្រឡាប់ អាចនឹងកំពប់ហ្គាស់ ហើយអាចមានការឆាបឆេះ បង្កឱ្យមានគ្រោះមហន្តរាយជាក់ជាមិនខានទេ ព្រោះក្នុង១ស៊ីទែនៗ មានហ្គាស់ រាប់ម៉ឺនលីត្រ។

ប្រភពខាងលើ បានបន្ថែមថា ក្បាលរថភ្លើងខាងលើ មានទម្ងន់ ជាង៧០តោន បើបូករួមទាំងប្រេងឥន្ធនៈ ដែលចាក់ឱ្យម៉ាស៊ីន ដំណើរការទៀតនោះ ទម្ងន់សរុបប្រមាណ ៨០តោន។ ដោយឡែកផ្លូវដែកខាងលើ បានស្ថាបនាឡើង ដោយធ្វើគ្រឹះរឹងមាំ តាមស្តង់ដារ ប៉ុន្តែនៅតែមិនអាចទ្រទម្ងន់ដ៏ធ្ងន់របស់រថភ្លើង ដែលបើកបររាល់ថ្ងៃបាន ទៀត ហើយក៏ស្រុត បង្កឱ្យរថភ្លើងក្រឡាប់បែបនេះ ។

ក្រោយពេលកើតហេតុ ក្រុមការងាររថភ្លើង និងផ្លូវដែក បានយករថយន្តស្ទូច ប្រភេទធំៗ ចំនួន២គ្រឿង មកស្ទូចលើកក្បាលរថភ្លើង បញ្ឈរឡើងវិញ និងរុះរើផ្លូវដែកត្រង់ចំណុចនោះ ធ្វើការជួសជុលឡើងវិញ។

ដោយឡែក ទូដឹកស៊ីទែនហ្គាស់ ត្រូវបាននាំយកចេញពីកន្លែងកើតហេតុ យកទៅស្តុកទុកនៅតាមឃ្លាំងប្រេងឥន្ធនៈ ដោយសុវត្ថិភាព៕


