Tuesday, June 16, 2026
Homeតារាខ្មែរវណ្ណដា មានសង្សារទី៣ ?

វណ្ណដា មានសង្សារទី៣ ?

ភ្នំពេញ ៖ តារារ៉េប ម៉ាន់ វណ្ណដា ត្រូវបានអ្នកលេងបណ្ដាញសង្គម ចែករំលែក (Share) ពីលោក ព្រោងព្រាត នៅពេលដែលគេឃើញលោកបណ្ដើរ ជិះរថយន្ដ និងទៅញ៉ាំអាហារជាមួយនារីស្រស់ស្អាតម្នាក់ ដែលគេស្គាល់ថា ជាកូនក្រមុំអ្នកជំនួញធំ នៅស្រុកឆ្លូង ខេត្តក្រចេះ នោះគឺកញ្ញា ស៊ឹមអី រ៉ាអ៊ីម ហៅ Lola អាយុ២១ឆ្នាំ ។ វណ្ណដា អង្គុយលើអង្រឹង និងមាត់ស្រះ ក្បែរផ្ទះខ្ទម តែពីរនាក់ស្រីស្អាតរូបនេះ ទើបធ្វើឲ្យ Fan តាមដានខ្លាំង ពីរឿងស្នេហាតារារ៉េប រូបនេះ ខណៈដែលអ្នកខ្លះថា វណ្ណដា ជាប្រុស «សាវា» ​មានសង្សារទី៣។

 អាចារ្យហ្វី ជាពលករខ្មែរ នៅកូរ៉េ បានថ្លែងតាមទិកតុក នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ នៅពេលឃើញវណ្ណដា បណ្ដើរស្រីថ្មីនោះថា «សរសើរមែន និយាយមែន ហេតុតែគេតារាល្បី ដូររហូត តាមមិនចង់ទាន់ទេ ។ កុំតែអាយដលទេ ដូរដូចស៊ីបាយហើយ ១ឆ្នាំ១ៗ បើអ្នកធម្មតា មើលហ្នុងប៉ោងឥឡូវហើយ។ តែ Idol ចឹងសរសើរបានសោថ្មី រហូតដាច់ខ្យល់ ។ និយាយមែន សរសើរ Fan ពូកែតាមដានគេ ពីជីវិតគេ» ។

វណ្ណដា និងកញ្ញា Lola

ចំណែកអ្នកផលិតមាតិកាម្នាក់ មានឈ្មោះ Sunlight Pov បានបញ្ចេញមតិថា «បើខ្ញុំមានបងប្អូនស្រីវិញ មិត្តភក្ដិអី គឺខ្ញុំឲ្យចេញឆ្ងាយពីវណ្ណដា រឿងទំនាក់ទំនងស្នេហាហ្នឹង ។ អ្នកចម្រៀង តារា Hip Hop  ជាគំរូរពីស្រុកគេអីមក មិនដែលបានឋិតថេរទេ រឿងជីវិតស្នេហា តែងតែដូរ។ ភាគច្រើន តែមិនទាំងអស់ទេ អ្នកដែលគេ ១ដឹង១  តែវណ្ណដា ១ ចេញ Style មក ខ្ញុំដឹងថា មិនសូវបានយូទេ ។ តែសង្ឃឹមថា អាហ្នឹង Prank ចុះ ក្រែងលោគេធ្វើអី ថត MV ជារឿងអីមួយចឹង ចេះតែសង្ឃឹមចឹងទៅ។ មិនចង់ឃើញទេ អារឿងបែកបាក់ហ្នឹង គេស្រលាញ់គ្នា គេចង់នៅតទៀតក៏នៅទៅ ប៉ុន្ដែបើមិននៅ គ្រាន់តែយើងជា Fan ពេលឃើញចឹង រាងភ្ញាក់ផ្អើលដែរ» ។

លោកវណ្ណដា និងនាងឡូរីន (Lauryn)

យ៉ាងណា ទាំងនៅលើបណ្ដាញសង្គម ហ្វេសបុក និងទិកតុក គេមិនឃើញ វណ្ណដា និងនាងឡូរីន (Lauryn) ជាសង្សារ ចេញប្រតិកម្ម ឬឆ្លើយតបយ៉ាងណាទៅ Fan ជុំវិញដែលស្ងាត់ៗស្រាប់តែតារារ៉េបនេះ បណ្ដើរកៀកកើយស្រីថ្មី យ៉ាងផ្អែមល្ហែមនោះឡើយ ។ ប៉ុន្ដែជុំវិញ វណ្ណដា ងាកទៅស្នេហ៍ស្និទ្ធនាងឡូឡា (Lola) នេះ ធ្វើឲ្យគេមានការសង្ស័យថា ចំណងស្នេហាលោក ជាមួយសង្សារទី២ នាងឡូរីន (Lauryn) បានឈានដល់ដំណាក់កាលរង្គោះរង្គើ ឬប្រេះឆា បើមិនអ៊ីចឹងទេ មិនមែនសុខៗ វណ្ណដា ហ៊ានបណ្ដើរស្រីថ្មីបែបនេះឡើយ ។

ជុំវិញព័ត៌មានខាងលើនេះ អ្នកយកព័ត៌មាន «នគរធំ» មិនអាចទាក់ទង វណ្ណដា និងកញ្ញា Lola ដើម្បីសុំការបំភ្លឺបានទេ។

គួររំលឹកថា វណ្ណដា បានភ្ជាប់ស្នេហាជាមួយនាង Lauryn កាលពីពាក់កណ្ដាលឆ្នាំ២០២៣ ក្រោយលោកចែកផ្លូវសង្សារចាស់នាង Nam ។ ចំណងស្នេហានេះ មានការដឹងឮពីក្រុមគ្រួសារទាំងសងខាង ខណៈដែលវណ្ណដា បាននាំឡូរីន ទៅជួបឪពុកម្ដាយនិងបងប្អូនរបស់លោក នៅខេត្តព្រះសីហនុ ផងដែរ ។ អំឡុងភ្ជាប់ស្នេហ៍ជា មួយស្រីស្អាត ឡូរីន  វណ្ណដា ហាក់មានរាសីឡើង ព្រោះទិញបានផ្ទះប្រណិត និងរថយន្ដទំនើប ម៉ាក Lamborghini ២គ្រឿងនិងធ្វើជា BA ក្រុមហ៊ុនធំៗ ជាបន្ដបន្ទាប់។ Lauryn តែងតែដើរតាមវណ្ណដា ស្ទើរគ្រប់ឆាកតន្រ្ដីនានាផងដែរ ប៉ុន្ដែនៅថ្ងៃខួបកំណើតរបស់សង្សារ គម្រប់អាយុ២៩ឆ្នាំ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ បែរជាមិនឃើញឡូរីន ទៅចូលរួមទៅវិញ ។ អ្វីដែលចម្លែក កាលពីថ្ងៃទីថ្ងៃទី៦ ខែមករា នៅពេលដែល វណ្ណដា ចេញសារថា ចង់បានប្រពន្ធឥណ្ឌា នាងឡូរីន បានដេញឲ្យទៅយកប្រពន្ធឥណ្ឌា ទៀតផង ។ ប៉ុន្ដែទាំងវណ្ណដា និង Lauryn មិនដែលប្រកាសជាសាធារណៈថា ពួកគេប្រេះឆាគ្នាឡើយ ទើបស្ងាត់ៗ លេចមុខ វណ្ណដា កៀកកើយស្រីថ្មី ធ្វើឲ្យគ្រប់គ្នាស្រឡាំងកាំង និងថែមទាំងសួរគ្នាថា តើវណ្ណដា មានសង្សារទី៣ ?          

សូមបញ្ជាក់ថា វណ្ណដា នៅតែជាតារារ៉េប លំដាប់ជូរមុខគេ នាពេលបច្ចុប្បន្ន តែពេលខ្លះ ប្រទាញប្រទង់គ្នាជាមួយ ងួន ចាន់ដេវីត ។ វណ្ណដា និងដេវីត ផ្អាកច្រៀង Diss Track គ្នា តាំងពីខែកុម្ភៈ ឆ្នាំ២០២៤ បន្ទាប់ពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញសេចក្ដីជូនដំណឹងដល់សិល្បករទាំងឡាយនិងអ្នកធ្វើការក្នុងវិស័យសិល្បៈ បញ្ឈប់ការតែងនិពន្ធ ច្រៀង និងស្នាដៃសិល្បៈដែលមានខ្លឹមសារគ្រោតគ្រាត អសុររោះ ប្រាសចាកពីក្រមសីលធម៌ នៅលើបណ្ដាញសង្គម ៕

RELATED ARTICLES