ភ្នំពេញ ៖ នៅទីបំផុត ស្រីស្អាត មាន សូនីតា ព្រមបង្ហាញមុខប្រុសស្នេហ៍ ជាសាធារណៈហើយ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ដែលបុរសនោះ វ័យស្របាលនាងដែរ ប៉ុន្ដែមិនមែនជាលោកសេង មង្គល ដូចគេសង្ស័យទេ ។ សូនីតា និងសង្សារ បានឱបរឹត គេងលើភ្លៅ ផ្អែកខ្នង និងកាន់ដៃប្រុសនោះជាប់ ទាំងនៅលើរថយន្ដ និងផឹក ស្រាសាំប៉ាញ នៅមាត់ស្ទឹង ដោយនាងចាត់ទុកថា ចំណងស្នេហានេះ ប្រៀបបានដូចផឹកកាហ្វេ អត់ដាក់ស្ករ។

មាន សូនីតា ប្រាប់ពីមូលហេតុដែលនាងព្រមបង្ហាញមុខសង្សារ ជាសាធារណៈ នៅពេលនេះ ដោយសំអាងថា វ័យនាងចាស់ហើយ ដល់ពេលវេលាដែលត្រូវបង្ហាញមនុស្សច្បាស់លាស់ អត់ត្រូវការបែបលាក់លៀមទៀតទេ ។ ស្រីស្រស់ថា «ចាស់ហើយ ឆាប់យកប្ដី Single ដល់អង្កាល់ទៀត? រើសពេក បានអត់មានគួ។ អ្នកណាមិនចង់បានស្នេហា? អ្នកណាដែលមិនចង់បានភាពច្បាស់លាស់? អ្នកណាមិនចង់បានក្ដីស្រលាញ់? ចង់បានស្នេ ហាដែលច្បាស់លាស់ ចង់ឲ្យគេស្រលាញ់ផ្ដល់តម្លៃ ចង់ឲ្យដៃគូយើងមានមោទនភាពលើយើង ។ អត់ចូលចិត្តទំនាក់ទំនងដែលលាក់លៀម ឬមិនច្បាស់លាស់ទេ ទោះបីជាខាងក្រៅ ខ្ញុំមើលទៅឯករាជ្យ ឬក៍រឹងមាំយ៉ាងណា ក៍ដោយ តែនៅខាងក្នុង ខ្ញុំក៏ចង់បានមនុស្សម្នាក់ដែលជាខ្នងបង្អែកមើលថែខ្ញុំបាន ហើយនៅពេលនៅក្បែរគាត់ ខ្ញុំមានអារម្មណ៍ថា កក់ក្ដៅ មានសុវត្ថិភាព ហើយជឿជាក់ថា ស្រ្ដីគ្រប់គ្នា តែងតែចង់បានអារម្មណ៍បែបនេះ»។

ថ្វីត្បិតតែ មាន សូនីតា ព្រមបង្ហាញបុរសពិសេសក្នុងបេះដូងនាង ជាចំហក្ដី ប៉ុន្ដែនាងមិនប្រាប់ពីកំណើតស្នេហ៍ អត្តសញ្ញាណសង្សារ និងពេលវេលាដែលត្រូវដឹកដៃគ្នាចូលរោងការឡើយ ។ ប៉ុន្ដែនេះជាភាពក្លាហានមួយរបស់ស្រីស្រស់ ព្រោះនាងធ្លាប់អះអាងប្រាប់អ្នកកាសែត នៅថ្ងៃមង្គលការអ្នកនាងទឹម រដ្ឋា កាលពីខែមីនា ឆ្នាំ២០២២ ថា នាងមានសង្សារហើយ តែមិនអាចឈានដល់ដំណាក់កាលរៀបការ ហើយជាង ៤ឆ្នាំមកនេះ នាងមិនដែលបញ្ចេញមុខប្រុសស្នេហាទេ គឺទើបតែពេលនេះ ព្រមឲ្យគេស្គាល់មុខអនាគតស្វាមី ។ ការបង្ហាញមុខម្ចាស់ស្នេហ៍ របស់សូនីតា នាពេលនេះ ធ្វើឲ្យដំណឹងថា មានមន្រ្ដីគយវ័យចំណាស់ម្នាក់ តាមស្នេហានាង ជាង ១០ឆ្នាំទៅហើ យនោះ ហាក់បន្សាបបានខ្លះៗជាមិនខាន ព្រោះគូស្នេហ៍នាង មិនមែនជាប្រុសចាស់ទេ ។ យ៉ាងណា រឿងដែលពិសេស ធ្វើឲ្យសូនីតា លែងសូវឈឺក្បាលនោះ គឺនាងនឹងកាត់បន្ថយរឿងស្រីតាមស្រលាញ់នោះ បានមួយផ្នែកធំ ដោយសារមនុស្សពិសេសក្នុងបេះដូងនាង ជាប្រុស មិនមែនស្រីឡើយ ។

មាន សូនីតា អាយុ៣៦ឆ្នាំ អតីត Freshie ឆ្នាំ២០០៩ បានប្រឡូកក្នុងវិស័យសិល្បៈ រយៈពេល ១៧ឆ្នាំ មិនសូវសម្រុកថតភាពយន្ដ និង MV ទេហើយនាងបើកហាងលក់ក្រមា និងឈុតសម្លៀកបំពាក់ខ្មែរ ច្នៃពីក្រណាត់ ក្រមាខ្មែរ រយៈពេល ១០ឆ្នាំមកហើយ តែបានបិទហាងកាហ្វេ «ណ» (Noir Coffee ) នៅសង្កាត់ទួលទំពួង១ បន្ទាប់ពីដំណើរការបានជាង៤ឆ្នាំ។ សូនីតា ជាតារាដែលតារាផ្សេងៗទៀតមិនអាចធ្វើបានដូចនាង ព្រោះជាញឹកញាប់ នាងតែងតែចេញទៅដើរកម្សាន្ដនៅបរទេស ជិះយន្ដហោះកៅអី Business Class ហាក់ដូចជាមិនខ្វល់រឿងលុយកាក់ទាល់តែសោះ ។ ថ្មីៗនេះ នាងទើបត្រឡប់មកពីដើរលេងនៅប្រទេសប្រទេសទួរគី អេស្ប៉ាញ និងស្កុតឡែន ទៀតផង ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើល តារារហស្សនាមរាជិនីក្រមា រូបនេះ កាលពីកាលពីឆ្នាំ២០២៥ គ្រាន់តែចង់ញាំខក្ងាន បង្កងចំហុយ ក៏ជិះយន្ដហោះទៅភ្លក្សម្ហូបនោះ ដល់ប្រទេសចិន ទៀតផង។ ប្រភពថា បើសិនជា មាន សូនីតា ឈាន១ជំហានទៀត គឺភ្ជាប់ពាក្យ ហើយព្រមកំណត់ថ្ងៃដឹកដៃប្រុសស្នេហ៍ ក្រាបផ្ទឹមតាមប្រពៃណីខ្មែរ ជាក់លាក់នោះ នឹងអាចលុបបំបាត់ពាក្យចចាមអារ៉ាមទាំងឡាយបានជាមិនខាន ៕





