ភ្នំពេញ ៖ ក្រុមគ្រួសារមួយ បានទិញស្ពៃក្តោប ចំនួន២ក្តោប ពីអ្នកលក់តាមរទេះ នៅជិតវត្តជើងឯក យកមកស្ងោរសាច់ជ្រូក បរិភោគជុំគ្នា លុះរយៈពេលប្រមាណប្រហែល ៥នាទីក្រោយមក ស្រាប់តែមានអាការរាករូស និងក្អួតចង្អោរគ្រប់ៗគ្នា និងបណ្តាលឱ្យក្មេងប្រុសតូចម្នាក់អា យុ៥ឆ្នាំ បានស្លាប់ ដោយក្រុមគ្រួសាររងគ្រោះ បានអះអាងថា ពុលស្ពៃក្តោប។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៥៥នាទីយប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ស្ថិតនៅក្នុងភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
គ្រួសាររងគ្រោះ មានសមាជិក ចំនួន៥នាក់ រួមមាន ទី១-ឈ្មោះថេត ខេវិន ភេទប្រុស អាយុ៥ឆ្នាំ ត្រូវជាកូននិងចៅ (ស្លាប់)។ ទី២- ឈ្មោះឡាយ សារ៉ន អាយុ៦១ឆ្នាំ ត្រូវជាម្តាយនិងជីដូន។ ទី៣-ឈ្មោះឃន កញ្ចនា ភេទស្រី អាយុ៣៤ឆ្នាំ ជាកូនប្រសារ។ ទី៤-ឈ្មោះនឿម ប្រុសថេត ភេទប្រុស អាយុ៣២ឆ្នាំ ជាកូនប្រុសបង្កើត និងទី៥-ឈ្មោះផាត់ ស្រីម៉ី ភេទស្រី អាយុ១១ឆ្នាំ ត្រូវជាកូននិងចៅ មានលំនៅ ផ្ទះកើតហេតុខាងលើ ។
តាមសម្តីលោកនឿម ប្រុសថេត បានបំភ្លឺប្រាប់សមត្ថកិច្ចថា នៅវេលាម៉ោងប្រហែល ៥និង៣០នាទីល្ងាច ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ កូនស្រីគាត់ ឈ្មោះថេត ស្រីនីត បានយកស្ពៃក្តោបដែលទិញពីអ្នកលក់តាមរទេះ យកមកឱ្យគាត់ធ្វើម្ហូប។ ពេលដាក់ស្ពៃក្តោបចូលទៅក្នុងឆ្នាំង សម្ល ស្រាប់តែមានពពុះខុសប្លែកពីធម្មតា ប៉ុន្តែពេល នោះ គាត់មិនចាប់អារម្មណ៏អ្វីឡើយ។ លុះក្រោយពេលចម្អិនរួច នាំគ្នាហូបជុំគ្នា ទាំង៥នាក់។ ក្នុងនោះ មានរូបគាត់ ប្រពន្ធ ម្តាយបង្កើត និងកូនប្រុស-ស្រីរបស់គាត់ ២នាក់ទៀត ។
បុរសខាងលើ បានបន្តថា ក្រោយពេលហូបរួច ប្រមាណ៥នាទីក្រោយមក ស្រាប់តែមានអារម្មណ្ម៍ថា មិនស្រួលខ្លួន ក្អួតចង្អោរ និងរាក ក៏បាននាំគ្នាទៅមន្ទីរពេទ្យបង្អែកដង្កោ ខណៈនោះ កូនប្រុសគាត់ ឈ្មោះថេត ខេវិន មានសភាពធ្ងន់ធ្ងរជាងគេ។ បន្ទាប់មក បានបញ្ជូនបន្តទៅ កាន់មន្ទីរពេទ្យគន្ធបុប្ផា លុះដល់វេលាម៉ោង ៩និង៥៥នាទីយប់ ថ្ងៃដដែល គ្រូពេទ្យបានប្រាប់ថា កូនគាត់បានស្លាប់ហើយ រួចក៏ដឹកសពត្រលប់មកផ្ទះវិញ និងរាយការណ៏ជូនសមត្ថកិច្ចតែម្តង។
ចំណែកស្ត្រីជាម្តាយ និងជាជីដូន ឈ្មោះឡាយ សារ៉ន បាននិយាយថា មុនដំបូង ចៅស្រីគាត់បានទៅទិញបន្លែ ស្ពៃក្តោប ពណ៌ខៀវ ១ក្តោប ហើយដោយសារតែខ្លាចស្លមិនគ្រាន់ ព្រោះគ្នាច្រើន គាត់ក៏ឱ្យចៅស្រី ទៅទិញ ១ ក្តោបទៀត ហើយទិញបានស្ពៃក្តោបពណ៌ស។ បន្ទាប់មក បានយកមកពុះច្រៀក ដាក់ស្ងោរសាច់ជ្រូក នាំគ្នាហូប រួចស្រាប់តែពុល រាកក្អួតទាំងអស់គ្នាបែបនេះតែម្តង។ គាត់បញ្ជាក់ថា ក្រៅតែពីហូបសម្លស្ពៃក្តោប ពួកគាត់ទាំង៥នាក់ មិនបានហូបអ្វីផ្សេងឡើយ។
ពាក់ព័ន្ធទៅនឹងហេតុការណ៍នេះ សមត្ថកិច្ច នៅពុំទាន់បញ្ជាក់ថា ក្រុមគ្រួសារខាងលើ ពុលស្ពៃក្តោប មែនឬមិនមែននៅឡើយ ខណៈកំពុងពិនិត្យសំណាកសម្លស្ងោរនោះ។

ដោយឡែកសពក្មេងប្រុស ត្រូវបានកម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងលោកវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន លោកគ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការពិនិត្យកោសល្យវិច័យ រួចសន្និដ្ឋានថា ក្មេងប្រុសខាងលើ ស្លាប់ដោយសារការរាកនិងក្អួតធ្ងន់ខ្លាំងពេក។
សពក្មេងប្រុសរងគ្រោះខាងលើ ត្រូវបានប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕