ខេត្តសៀមរាប ៖ ករណីអ្នកលក់ការ៉េមម្នាក់ លក់កោរភ្ញៀវបរទេស ក្នុងតម្លៃខ្ពស់ហួសហេតុ រហូតដល់ ៥ដុល្លារ ឬស្មើនឹង ២ម៉ឺនរៀល ក្នុងមួយចានតូច ទៅឱ្យភ្ញៀវទេសចរ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់គោកចក ក្រុងសៀមរាប ធ្វើការកោះហៅមកអប់រំណែនាំ និងធ្វើកិច្ចសន្យា បញ្ឈប់សកម្មភាពលក់ដូរកោរភ្ញៀវបែប នេះតទៅទៀត។

ការកោះហៅបុរសអ្នកលក់ការ៉េម មកណែនាំនិងធ្វើកិច្ចសន្យានេះ បានធ្វើឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦។

បុរសជាអ្នកលក់ការ៉េម មានឈ្មោះស៊ឺ អាង អាយុ៥៦ឆ្នាំ មានលំនៅបច្ចុប្បន្ន ស្ថិតនៅក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

តាមការបញ្ជាក់ពីមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់គោកចក នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថា នៅក្នុងការសាកសួរ បុរសឈ្មោះស៊ឺ អាង បានសារភាពនិងទទួលស្គាល់កំហុសថា ខ្លួនបានលក់ការ៉េម មួយចានតូច ក្នុងតម្លៃ ៥ដុល្លារ ឬស្មើ ២ម៉ឺនរៀល ទៅឱ្យភ្ញៀវទេសចរបរទេស ប្រាកដមែន។

ក្រោយពីបានស្តាប់ការសារភាពរួច សមត្ថកិច្ចបានធ្វើការអប់រំណែនាំ និងឱ្យបុរសនេះ ធ្វើកិច្ចសន្យាបញ្ឈប់ការលក់ការ៉េម កោរភ្ញៀវទេសចរបែបនេះតទៅទៀត។ បន្ទាប់ពីធ្វើការអប់រំ និងធ្វើកិច្ចសន្យារួចរាល់ សមត្ថកិច្ចបានអនុញ្ញាតឱ្យបុរសនោះ ត្រឡប់ទៅផ្ទះវិញ៕

