Thursday, June 11, 2026
Homeសង្គម និងជីវិតបងទៅសិនហើយ បើមានឱកាស ជួបគ្នាម្តងទៀត

បងទៅសិនហើយ បើមានឱកាស ជួបគ្នាម្តងទៀត

ភ្នំពេញ ៖ ប្តីប្រពន្ធ ២នាក់ ក្រោយពីរួមរស់ បង្កើតបានកូនម្នាក់ ជាចំណងនិស្ស័យ ស្រាប់តែបុរសជាប្តី មិនដឹងជាអាក់អន់ស្រពន់ចិត្តរឿងអ្វីជាមួយប្រពន្ធ បានវេចបង្វេចចុះចោលផ្ទះ ចោលប្រពន្ធកូនបាត់ ដោយបន្សល់ទុកសំបុត្រ ១ច្បាប់ យ៉ាងខ្លី ដែលមានខ្លឹមសារថា “បងទៅសិនហើយ បើមានឱកាស ជួបគ្នាម្តងទៀត” ចំណែកស្ត្រីជាប្រពន្ធ ហេតុតែមិនដាច់ចិត្ត និងមិនអស់អាល័យពីប្តី បានព្យាយាមតាមស្វែងរកប្តី អស់រយៈ ១៤ថ្ងៃទៅហើយ នៅតែមិនទាន់ទទួលបានតម្រុយ។

បុរសជាប្តី ដែលចុះចោលប្រពន្ធកូននោះ  មានឈ្មោះ សុភាព ហៅតូច មានប្រពន្ធ និងកូនប្រុសតូចម្នាក់ សព្វថ្ងៃ ស្នាក់នៅបន្ទប់ជួល ១កន្លែង ក្នុងរាជធានីភ្នំពេញ។

តាមសម្តីស្ត្រីជាប្រពន្ធ បានរៀបរាប់ទាំងអួលដើមកថា នាងនិងប្តី បានចាប់ដៃគ្នា ជាប្តីប្រពន្ធរៀបការត្រឹមត្រូវ តាមប្រពៃណី ដោយគ្មានការបង្ខិតបង្ខំអ្វីឡើយ និងបានរួមរស់ បង្កើតបានកូនប្រុសម្នាក់ ជាចំណងនិស្ស័យ ហើយកន្លងមក ប្តីប្រពន្ធពួកនាង រួមរស់ចុះសម្រុង និងមាន សុភមង្គលល្អណាស់ មិនធ្លាប់មានជម្លោះ ឬបញ្ហារកាំរកូសអ្វីធំដុំនោះឡើយ ស្រាប់តែនៅសុខៗ ប្តីវេចបង្វេចុះចោលប្រពន្ធកូនបាត់ ដោយមិនដឹងមូលហេតុ ហើយសូម្បីតែរូបនាងផ្ទាល់ ដែលដេកឱបប្តីរាល់ថ្ងៃ ក៏មិនបានដឹងថា ប្តីមានរឿងអ្វី ឬអាក់អន់ស្រពន់ចិត្តរឿងអ្វីនោះដែរ។

ស្ត្រីជាប្រពន្ធ បានបន្តថា មុនពេលកើតហេតុ នាងបានចេញទៅធ្វើការដូចធម្មតា លុះថ្ងៃត្រឡប់មកផ្ទះវិញ បំ ណងហូបបាយជុំប្តី ស្រាប់តែបាត់ប្តី មិនដឹងទៅណា ទូរស័ព្ទក៏មិនចូល។ បន្ទាប់មក នាងបានប្រទះឃើញសំ បុត្រ ១ច្បាប់ ដែលប្តីសរសេរផ្ទាល់ដៃ ទុកឱ្យនាង ដែលមានខ្លឹមសារថា “បងទៅសិនហើយ បើមានឱកាស ជួបគ្នាម្តងទៀត” ហើយភ្លាមនោះ នាងក៏ទៅមើលទូខោអាវ ទើបដឹងថា ខោអាវប្តីរបស់នាង បាត់ខ្លះ នៅខ្លះ គឺប្តីនាង បានវេចបង្វេចចុះចោលនាងបាត់ទៅហើយ។

ស្ត្រីជាប្រពន្ធ បានបន្តថា គិតមកដល់ថ្ងៃនេះ ប្តីនាងបានចេញបាត់ពីផ្ទះ រយៈពេល ១៤ថ្ងៃហើយ ដោយនាងមិនទាន់ទទួលបានដំណឹងពីប្តីសោះ ព្រោះប្តីបានប្លុកទាំងលេខទូរស័ព្ទ ប្លុកទាំងឆាតហ្វេសប៊ុក ឡេឡេក្រាម របស់នាង ចោលទាំងអស់ ទើបធ្វើឱ្យនាងទាក់ទងប្តីមិនបានសោះ។ ដោយសារតែប្តីចុះចោលបាត់ទាំងមិនដឹងមូលហេតុ ណាមួយទាក់ទងសួរនាំរកហេតុផល ក៏មិនបាន ទើបធ្វើឱ្យនាងមានការបារម្ភយ៉ាងខ្លាំង មិនដឹងថា ទៅរកប្តីនៅឯណាឡើយ មានតែស្វែងរកអ្នកសារព័ត៌មាន ជួយផ្សាយ ក្រែងដំណឹងនេះបានឮដល់ប្តី សូមឱ្យទាក់ទងមកនាងវិញផង ព្រោះនាងចង់ដឹងមូលហេតុពិតប្រាកដ។

ជាមួយនេះ ស្ត្រីជាប្រពន្ធ បានដង្ហោយហៅប្តីថា “បងអើយ! មកផ្ទះវិញ មករកប្រពន្ធកូន គ្រួសារយើងវិញមកបង កូននឹកបងណាស់…”៕

RELATED ARTICLES