ភ្នំពេញ ៖ ពិធីករ ប៉ែន ចំរ៉ុង បានធ្វើពិធីជប់លៀងទាយភេទកូន (Gender Reveal Party) ប្រុស (Boy) ឬស្រី (Girl) នៅភោជនីយដ្ឋាន ផ្ទះព្រាប សុវត្ថិ កាលពីរាត្រីថ្ងៃទី១៨ មិថុនា ដោយមានតារាល្បីៗ អ្នកលក់ឡេមួយចំនួន រួមទាំងម្ចាស់ហាង លោកព្រាប សុវត្ថិ ចូលរួមទាយភេទកូនលោកចំរ៉ុង ដែរ ។ ភ្ញៀវដែលចូលរួម ទាយថា លោកបានកូនប្រុស តម្រូវឲ្យសរសេរអក្សរលើក្រដាសពណ៌ខៀវ តែបើទាយថា កូនស្រី សរសេរអក្សរលើក្រ ដាសពណ៌ផ្កាឈូក។

ទីបំផុត លទ្ធផលចុងក្រោយ លោកចំរ៉ុង និងប្រពន្ធ បង្ហាញអេកូលើផ្ទាំងអេក្រង់ទូរទស្សន៍ឲ្យភ្ញៀវមើលកូនក្នុងផ្ទៃអ្នកស្រី ហ៊ុន ម៉ាណេ គឺជាកូនប្រុស ។ សំឡេងហ៊ោរពេញសាលកម្មវិធីខណៈលោកចំរ៉ុង ស្ទុះទៅឱបប្រពន្ធ ដែលកំពុងតែហូរទឹកភ្នែក ព្រោះតែរំភើបខ្លាំងពេក ។ អ្នកស្រី ម៉ាណេ ថានាងនឹងបានឃើញមុខកូនប្រុស (សម្រាលកូន) នៅខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះហើយ ពោលគឺបានន័យថា ពេលនេះនាងកំពុងពពោះកូនប្រុសជាង ៤ខែ។
ភរិយាលោកប៉ែន ចំរ៉ុង អ្នកស្រី ហ៊ុន ម៉ាណេ ថ្លែងសារទាំងរំភើបថា «ទីបំផុត ប៉ែន ចំរ៉ុង បានកូនពូជស្នងត្រ កូលហើយ សម្រេចបំណងហើយកូនពៅ កូនពូជរបស់ប៉ាម៉ាក់ អរគុណកូនដែលមកបំពេញក្ដីបំណងឲ្យគ្រួសារយើង ជួបមុខគ្នាខែ១១ ណាប្រុសពៅ» ។

ប្រភពថា លោកប៉ែន ចំរ៉ុង ធ្វើកម្មវិធី Gender Reveal Party នេះគឺផ្គួបនឹងខួបកំណើតរបស់លោក គម្រប់៤៤ឆ្នាំដែរ ព្រោះលោកមិនចង់ធ្វើ ២ដង ដោយសារតែខ្លាចចិត្តភ្ញៀវ ទើបជប់លៀងធំ បញ្ចូលគ្នាតែម្ដង ។ ប្រភពថា លោកចំរ៉ុង ទទួលបានចំណងដៃពីភ្ញៀវចូលរួមកម្មវិធីលោក លើសការចំណាយ។
ប៉ែន ចំរ៉ុង មានកូន ៣នាក់ សុទ្ធតែជាកូនស្រី គឺកូនទី១ ជាមួយអ្នកនាង ភិន សុដាលីស ឈ្មោះ Katerina អាយុ១០ឆ្នាំ, កូនទី២ ជាមួយអ្នកស្រី ហ៊ុន ម៉ាណេ ឈ្មោះចំរ៉ុង បេឡាជុតិម៉ា អាយុជាង៥ឆ្នាំ និងកូនទី៣ ឈ្មោះចំរ៉ុង សោម៉ា ម៉ានីណា អាយុជាង ១ឆ្នាំ ។ សម្រាប់កូនទី៣ដែលភរិយាលោកចំរ៉ុង នឹងសម្រាលនៅខែវិច្ឆិកា ខាងមុខនេះ ទាំងចំរ៉ុង និងប្រពន្ធ បានហៅថាកូនពៅ ដែលបញ្ជាក់ថា ពួកគ្មានគម្រោងយកកូនថែមទៀតឡើយ ព្រោះបំណងប្រាថ្នាបានសម្រេច ដោយសារប្ដីប្រពន្ធនេះ ចង់បានកូនប្រុស តាំងពីក្រោយរៀបការភ្លាមៗ។ សម្រាប់មិត្តភក្ដិដែលតែងតែបង្អាប់ថា ប៉ែន ចំរ៉ុង រកកូនពូជ (ប្រុស) មិនបាននោះ ដោយមានតែកូនស្រីទាំងប្រពន្ធមុន និងក្រោយនោះ ពេលនេះក៏លែងមានគេហ៊ានឌឺដងឲ្យនាយឡប់ ទៀតដែរ ។

គួរកត់សម្គាល់ដែរថា ការដែលប៉ែន ចំរ៉ុង ធ្វើកម្មវិធីទាយភេទកូន បូកនឹងខួបខ្លួនឯងនេះ បន្ទាប់ពីលោកបានបាត់បង់តំណែងជាពិធីករទាំងអស់នៅ PNN ក្រោយបម្រើការងារនៅទីនោះ អស់១ទសវត្ស តែស្ថានីយនេះ បិទទ្វារ លែងដំណើរការ ចាប់ពីខែឧសភា ឆ្នាំ២០២៦ ។ យ៉ាងណា លោកចំរ៉ុង មិនងាប់ក្រឡាទេ ព្រោះលោកបានក្លាយជាផលិករប្រតិបត្តិ (executive producer) ភាពយន្ដរបស់ 4U media និងថ្មីៗនេះ ទើបបើកក្រុមហ៊ុនកម្សាន្ដ Chamrong Entertainment Agency(CEA)ទៀតផង ។

ប្រភពថា ប៉ែន ចំរ៉ុង ទោះជាបាត់បង់តំណែងនៅ PNN មែន ប៉ុន្ដែលោកនៅតែចេញធ្វើMC Concerts តាមក្រុមហ៊ុនស្រាបៀរ នានា និងក្រុមហ៊ុន Agency មួយចំនួន ពោលគឺបន្ដមានប្រាក់ចំណូលពីសិល្បៈ ដដែល បើទោះជាលែងសូវលេចធ្លោដូចមុនក៏ដោយ ។ ចំណែកការមានកូន ៤នាក់មិ នមែនជាការអស់ឱកាសក្នុងការសម្ដែង ភាពយន្ដ និង MV ហើយលោកគួរតែធ្វើតួឪម្ដងនោះទេ ព្រោះផលិតករមួយចំនួន នៅតែពេញចិត្តសមត្ថភាពលោកចំរ៉ុង ក្នុងការសម្ដែងជាតួបែបឡប់ៗ និងកំប្លែង ហើយពេលនេះ លោកមានផលិតកម្មខ្លួនឯងទៀត រឹតតែធ្វើឲ្យចំរ៉ុង មានឱកាសលើកខ្លួនឯងតាមចិត្តចង់ ។ ប៉ុន្ដែបញ្ហាត្រង់ថា ទស្សនិកជន នៅគាំទ្រលោកដូចមុនទៀតឬយ៉ាងណា? ព្រោះថៅកែកុនខ្លះ ធ្វើផលិតករផង តួឯកផង ក្ស័យធនជាច្រើននាក់ហើយ ដោយ សារមហាជនធុញទ្រាន់។

ក្រៅពីប៉ែន ចំរ៉ុង ក៏មានអ្នកនាង ហ៊ិន ច័ន្ទនីរ័ត្ន ដែរដែលធ្លាប់ធ្វើកម្មវិធី Gender Reveal Party កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ ហើយជាលទ្ធផល តារាទាំងពីរ បានកូនប្រុសដូចគ្នា ៕
