Thursday, June 25, 2026
Homeសង្គម និងជីវិតប្រពន្ធទើបស្លាប់ ខ្យល់កន្ត្រាក់រលំផ្ទះខ្ទេច

ប្រពន្ធទើបស្លាប់ ខ្យល់កន្ត្រាក់រលំផ្ទះខ្ទេច

ខេត្តតាកែវៈ គ្រោះធម្មជាតិភ្លៀងខ្យល់កន្ត្រាក់ បានវាយប្រហារយ៉ាងធ្ងន់នៅក្នុងភូមិសាស្ត្រស្រុកអង្គរបុរី ខេត្តតាកែវ បណ្តាលឱ្យផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ចំនួន៧៧ខ្នង ស្មើនឹង៧៧គ្រួសារ រងការបាក់រលំនិងខូចខាត ហើយអ្វីដែលគួរឱ្យសង្វេគបំផុតនោះ ក្រុមគ្រួសារ១ ក្នុងចំណោមនោះ បានជួបទុក្ខជាន់លើទុក្ខ ដោយប្រពន្ធទើបស្លាប់ថ្មីៗ ស្រាប់តែត្រូវខ្យល់កន្ត្រាក់បោកបក់រលំផ្ទះ ខូចខាតអស់ទាំងស្រុងថែមទៀត។

យោងតាមរបាយការណ៍បឋម ពីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកអង្គរបុរី បានឱ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រហែល ៤និង៣០នាទីរសៀល ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ ដោយគ្រោះធម្ម ជាតិនេះ បានបង្កផលប៉ះពាល់ដល់ឃុំ ចំនួន២ ក្នុងនោះរួមមាន ៖ ឃុំព្រែកផ្ទោល រងផលប៉ះពាល់សរុប ២៨ខ្នង (កម្រិតមធ្យម ១៣ខ្នង និងកម្រិតស្រាល ១៥ខ្នង) ស្ថិតក្នុងភូមិអង្គរបុរី ភូមិកំពង់ពោធិ៍ និងភូមិភ្នំបាទេព។ ចំណែកឃុំអង្គរបុរី រងផលប៉ះពាល់សរុប ៤៩ខ្នង ក្នុងនោះមានផ្ទះបាក់រលំទាំងស្រុង ចំនួន៤ខ្នង (ស្ថិតនៅភូមិសាមគ្គី ២ខ្នង ភូមិព្រៃសំបួរ ១ខ្នង និងភូមិស្ទឹងកំបុត ១ខ្នង) ព្រមទាំងរងការខូចខាតកម្រិតមធ្យម ៦ខ្នង និងកម្រិ តស្រាល ៣៩ខ្នង។

អ្វីដែលជារឿងដ៏គួរឱ្យសង្វេគចិត្តបំផុតនោះ គឺគ្រួសារ១ នៅភូមិសាមគ្គី (គ្រួសារលោក ហឹម ហាក់ រស់នៅភូមិសាមគ្គី ឃុំអង្គរបុរី) ផ្ទះរបស់លោកត្រូវបានខ្យល់កន្ត្រាក់ បាក់រលំទាំងស្រុង ខណៈដែលភរិយារបស់លោក ទើប តែបានទទួលមរណភាពចោលថ្មីៗ។ អ្វីដែលកាន់តែសង្វេគទៅទៀតនោះ កូនប្រុសរបស់លោក កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យនៅឡើយ ដោយមិនទាន់ដឹងដំណឹងពីការស្លាប់របស់ម្តាយខ្លួន និងការបាក់រលំផ្ទះសម្បែង នៅឡើយទេ។

ភ្លាមៗបន្ទាប់ពីកើតហេតុការណ៍នេះ ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកអង្គរបុរី បានធ្វើលិខិតស្នើសុំជាបន្ទាន់ ទៅកាន់ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ ដើម្បីនាំយកជំនួយសង្គ្រោះបន្ទាន់ និងស្បៀងអាហារ ទៅចែកជូនដល់គ្រួសាររងគ្រោះ ទាំង៧៧គ្រួសារ ជាពិសេសគឺការយកចិត្តទុកដាក់ខ្ពស់ទៅលើគ្រួសារដែលរងការបាក់រលំផ្ទះទាំងស្រុង និងគ្រួសារដែលកំពុងជួបទុក្ខលំបាកទ្វេដង ដើម្បីជួយសម្រាលទុក្ខលំបាក និងផ្តល់ជម្រកបណ្តោះអាសន្នដល់ពួកគេ ឆ្លងកាត់ដំណាក់កាលដ៏លំបាកនេះ៕

RELATED ARTICLES