ខេត្តស្ទឹងត្រែង ៖ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ខេត្តស្ទឹងត្រែង សហការជាមួយអង្គការគាំពារសត្វព្រៃកម្ពុជា (CWC) បានជំរុញឱ្យប្រជាសហគមន៍ បង្កើនសកម្មភាពចុះល្បាតព្រៃ ឱ្យបានញឹកញាប់ ដើម្បីបង្កើនប្រសិទ្ធ ភាពក្នុងការអភិរក្សសត្វព្រៃកម្រៗ ក្រោយពីការថតជាប់វត្តមាន សត្វព្រៃ ជាច្រើនប្រភេទ រួមទាំងកូនខ្ទីង តូចៗផងដែរ។

ក្នុងប្រតិបត្តិការចុះឆែកកាមេរ៉ាសុវត្ថិភាព និងធ្វើល្បាតនៅក្នុងព្រៃសហគមន៍ “ភ្នំប្រជុំមិត្ត” (ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់) និងព្រៃសហគមន៍ “ជាំពេជ្រ” (ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ) កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ លោកហ៊ុន សំអឿន នាយផ្នែករដ្ឋបាលព្រៃឈើស្ទឹងត្រែង បានឱ្យដឹងថា តាមរយៈការឆែកទិន្នន័យពីរូបភាពកាមេរ៉ា ចំនួន១៤គ្រឿង ដែលបានដាក់ពង្រាយកន្លងមក ក្រុមការងារបានរកឃើញវត្តមានសត្វចតុបាត និងសត្វស្លាបជាច្រើនប្រភេទ។ រួមមាន ៖ សត្វខ្ទីង ទន្សោង ប្រើស ឈ្លូស កាំប្រមា ក្ងោក ទូច ស្វា និងប្រភេទសត្វផ្សេងៗមួយចំនួនទៀត។

លោកបន្តថា តាមរយៈការដាក់កាមេរ៉ានេះ បានតាមដានមើលសកម្មភាពបម្លាស់ទីរបស់សត្វព្រៃ និងបានដឹងថា សត្វអ្វីខ្លះកំពុងរស់នៅសម្បូរបែបជាងគេ។ អ្វីដែលពិសេស គឺបានឃើញមានសត្វខ្ទីង កើតកូនតូចៗជាច្រើនថែមទៀតផង។ ទោះជាយ៉ាងណា លោកបានបន្ថែមថា កាមេរ៉ាសុវត្ថិភាព ក៏បានថតជាប់សកម្មភាពរបស់ជន សង្ស័យមួយចំនួន ដែលបានលួចចូលមកកាប់ឈើ និងដាក់អន្ទាក់ ទាក់សត្វព្រៃនៅក្នុងតំបន់នោះផងដែរ។

ជុំវិញបញ្ហានេះ មន្ត្រីអង្គការគាំពារសត្វព្រៃកម្ពុជា (CWC) បានធ្វើការអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់ព្រៃឈើ ក៏ដូចជាសាធារណជនទូទៅ បញ្ឈប់ការបរបាញ់ ការដាក់អន្ទាក់ និងការបំពុលសត្វព្រៃ គ្រប់រូបភាព ដោយងាកមកចូលរួមការពារសត្វព្រៃ ដែលជាធនធានធម្មជាតិកម្រនិងជិតផុតពូជទាំង អស់នេះ ដើម្បីរក្សាទុកជាប្រយោជន៍បម្រើឱ្យវិស័យទេសចរណ៍ធម្មជាតិ។

ឆ្លើយតបនឹងកិច្ចខិតខំប្រឹងប្រែងនេះ លោកចាន់ រតនា តំណាងប្រជាសហគមន៍ភ្នំប្រជុំមិត្ត បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះ ការដំឡើងកាមេរ៉ាសុវត្ថិភាពនេះ ព្រោះវាបានផ្តល់កម្លាំងចិត្តបន្ថែម ដល់ប្រជាសហ គមន៍ ក្នុងការចុះល្បាត។ លោកបានបញ្ជាក់ថា សហគមន៍នឹងបន្តផ្សព្វផ្សាយច្បាប់ស្តីពីការអភិរក្សសត្វព្រៃ និងការពារព្រៃឈើ ឱ្យបានទូលំទូលាយ ដើម្បីឱ្យប្រជាពលរដ្ឋទាំងអស់បានយល់ដឹង និងចូលរួម។

គួរបញ្ជាក់ផងដែរថា កន្លងមក មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ ធ្លាប់បានចុះល្បាតទប់ស្កាត់បទល្មើស និងប្រមូលបានអន្ទាក់សត្វព្រៃ ជាង៣០០អន្ទាក់ យកមកកម្ទេចចោល នៅក្នុងតំបន់ព្រៃសហគមន៍ទាំងពីរខាងលើ៕