Thursday, June 25, 2026
Homeសង្គម និងជីវិតប្រពន្ធក្មេង មកលេងប្ដីនៅភ្នំពេញ បាត់ខ្លួន

ប្រពន្ធក្មេង មកលេងប្ដីនៅភ្នំពេញ បាត់ខ្លួន

ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើល និងបង្ហាញក្ដីព្រួយបារម្ភពីសំណាក់ក្រុមគ្រួសារ បន្ទាប់ពីនារីក្មេងស្រស់ស្អាតម្នាក់ បានឡើងពីខេត្តស្វាយរៀង បំណងមកលេងប្ដី នៅរាជធានីភ្នំពេញ រួចបាត់ខ្លួន រហូតមកដល់ពេលនេះ មិនទាន់ទទួលដំណឹងថា កំពុងរស់នៅកន្លែងណា មានសុវត្ថិភាព ឬយ៉ាងណាឡើយ ។

 នារីដែលបាត់ខ្លួន មានឈ្មោះ ព្រុំ កុម្ភៈ ហៅស្រីនិច អាយុ១៧ឆ្នាំ លំនៅបច្ចុប្បន្ន ភូមិព្រះទន្លេ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។ ចំណែកបុរសជាប្ដី មានឈ្មោះ យូ សីហា ។ ប្ដីប្រពន្ធថ្មោងថ្មីនេះ ទើបតែបានរៀបការកាលពីថ្ងៃខែមេសា ឆ្នាំ២០២៦ ដែលគិតមកដល់ពេលនេះ មានរយៈពេលជិត ២ខែ ។ ពេលមិនទាន់រៀបការ នាងធ្វើការងារជាកម្មការិនីរោងចក្រ ប៉ុន្តែបន្ទាប់ពីរៀបការហើយ នាងបានឈប់ធ្វើការ សម្រាកនៅផ្ទះ ជាមួយជីដូន នៅឯខេត្តស្វាយរៀង តែនាងឧស្សាហ៍ឡើងទៅលេងប្ដី ជាញឹកញាប់ ដែលប្តីធ្វើការជាអ្នកលក់ម៉ូតូឲ្យគេ នៅម្ដុំផ្លូវ២០០៤ ក្នុងរាជធានីភ្នំពេញ ។ នាងមានប្អូន ៤នាក់ ប៉ុន្តែបើគិតតែបងប្អូនជាមួយឪពុកបង្កើត នាងមានតែបងប្អូនពីរនាក់ប៉ុណ្ណោះ និងរូបនាង និងបងប្រុសម្នាក់ ឈ្មោះព្រុំ ឈីល អាយុ២២ឆ្នាំ នៅលីវ ។ រីឯបង ប្អូនពីរនាក់ ជាកូនរបស់ម្ដាយនាង ជាមួយប្ដីក្រោយ ដែលកំពុងរស់នៅខេត្តកំពត ឆ្ងាយពីពួកនាង ដែលរស់នៅជាមួយជីដូន នៅឯខេត្តស្វាយរៀង ។ ដោយសារតែគ្មានឪពុកម្ដាយនៅក្បែរ មានតែជីដូន ប្រុសរបស់នាងបានដើរយ៉ាងសំខាន់ក្នុងការចង់ដឹងសុខទុក្ខរបស់នាង តាំងពីនាងនៅតូច និងមិនទាន់រៀបការម្ល៉េះ ។ ព្រោះតែហេតុនេះហើយ នៅពេលបាត់ដំណឹងប្អូនស្រី យុវជនជាបង ឆ្លេឆ្លា នៅមិនស្រណុកក្នុងចិត្ត រហូតបានយករូបថតរបស់ប្អូនស្រី ពីរបីសន្លឹក មកបង្ហោះផ្សាយ ប្រកាសដំណឹងស្វែងរក នៅលើបណ្ដាញសង្គម និងបណ្ដាញសារព័ត៌មាន ។

ភ្ជាប់ជាមួយការបង្ហោះរូបថត យុវជនជាបង បានសរសេរបញ្ជាក់ពីការបាត់ដំណឹងប្អូនស្រីថា កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ថា ដោយការនឹករលឹកប្ដីដែលរស់នៅឆ្ងាយពីគ្នា ដោយនាងជាប្រពន្ធ រស់នៅខេត្តស្វាយ រៀង ឯប្ដីស្នាក់នៅនិងធ្វើការនៅរាជធានីភ្នំពេញ នោះ នាងបានចាកចេញពីផ្ទះ ដែលមានអាសយដ្ឋានដូចខាងលើ ឡើងទៅលេងប្ដី នៅភ្នំពេញ ដោយបានជិះតាក់ស៊ី នៅសួនច្បាររទេះគោ ទល់មុខការ៉ាស់សាំង សូគីម៉ិច ក្នុងក្រុងស្វាយរៀង  ហើយក៏បាត់ដំណឹងតាំងពីថ្ងៃនោះមក ធ្វើឲ្យរូបគេនិងក្រុមគ្រួសារ មានការព្រួយបារម្ភខ្វល់ខ្វាយពីសុវត្ថិភាពរបស់នាង ទើបយកពឹងបណ្ដាញសង្គម បណ្ដាញសារព័ត៌មាន ឲ្យជួយផ្សព្វផ្សាយ ដើម្បីបានជាដំណឹងក្នុងការតាមរក ។

 ទោះបីយ៉ាងណា ក្នុងបទសម្ភាសន៍ជាមួយ “នគរធំ” នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ យុវជន ព្រុំ ឈីល បានឲ្យដឹងថា មកដល់ថ្ងៃដដែលនេះ រូបគេបានទទួលដំណឹងពីប្អូនស្រីរបស់គេហើយ ដោយនាងបានទាក់ ទងមកគេ ហើយប្រាប់ថា នាងមានសុវត្ថិភាព កំពុងរស់នៅជាមួយប្ដីនាង តែនាងក៏បានបង្ហើបប្រាប់ថា មូល ហេតុដែលងបាត់ដំណឹងនោះ ដោយសារនាងត្រូវបានឡានដឹកយកទៅទម្លាក់ចោលនៅកន្លែងស្ងាត់ ហើយបាត់គ្រឿងអលង្ការមួយចំនួន ជាប់នឹងខ្លួន ។ នាងមិនបាននិយាយអ្វីច្រើនបន្ថែមទៀត ពីរឿងនេះ តែគេអាចកាត់ យល់បានថា នាងអាចចាញ់បោកគេ ល្បួងលួងលោមយកទៅ ទើបឲ្យដាច់ទំនាក់ទំនងជាមួយក្រុមគ្រួសារ ។

 យុវជន ព្រុំ ឈីល បានរៀបរាប់ពីរឿងបាត់ខ្លួនប្អូនស្រីនេះឡើងវិញថា នាងបានចាកចេញពីខេត្តស្វាយរៀង នៅម៉ោង ១រសៀល ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ក្នុងគោលដៅមកលេងប្ដី ដែលធ្វើការនៅភ្នំពេញ ដូចសព្វមួយដង ប៉ុន្តែពេលកំពុងធ្វើដំណើរតាមផ្លូវនោះ ដោយចង់ដឹងថា នាងទៅដល់ចំណុចណាហើយ ជិតដល់ភ្នំពេញ ឬនៅ? ស្រាប់តែទាក់ទងមិនបាន មិនមានការឆ្លើយតប ហើយក៏មិនឃើញនាងហៅទូរស័ព្ទមកដែរ រីឯប្ដីរបស់នាង នៅភ្នំពេញ ក៏ប្រាប់តាមទូរស័ព្ទថា មិនទាន់ឃើញប្រពន្ធ មកដល់ដែរ ។ លុះដល់ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ម៉ោងប្រហែល៨ នាងបានទូរស័ព្ទមកប្រាប់ថា នាងត្រូវឡានតាក់ស៊ី ដឹកមកទម្លាក់ចោល ហើយនិយាយលាយឡំដោយសំឡេងយំនិងភ័យខ្លាចថា នាងបាត់ចិញ្ចៀន ទ្រព្យសម្បត្តិនៅនឹងខ្លួន គេយកអស់ហើយ ។ ពេលឮប្អូនស្រីបា្រប់ដូច្នេះ គេមិនសួរដេញដោលច្រើនទេ គឺរង់ចាំនាងមកដល់ផ្ទះវិញ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នឹងសួរឲ្យបានច្បាស់ ឬស្ដាប់នាងបរិយាយបន្ថែម។ ប៉ុន្តែគេគិតសង្ស័យថា នាងអាចចាញ់ បោកគេ ឬជារឿងចោរកម្ម ត្រូវមិត្តល្បួងយកទៅដោះគ្រឿងអលង្ការ ។ ចំណែកប្ដីរបស់នាង ក៏មិនហ៊ានសួរប្រពន្ធច្រើនដែរ គ្រាន់តែហៅទូរស័ព្ទមកប្រាប់គេ ជាបងថ្លៃថា ប្រពន្ធមានសុវត្ថិភាពហើយ ។ ឯរឿងនាងមានសតិអារម្មណ៍យ៉ាងណា ក្រោយជួបហេតុការណ៍នេះ គេមិនទាន់ដឹងច្បាស់ទេ និងមិនទាន់បានឃើញរូបពិតរបស់នាងផង បានឮតែសំឡេងតាមទូរស័ព្ទ ព្រោះឃ្វាងផ្លូវគ្នា គឺក្នុងពេលបាត់ដំណឹងប្អូនស្រីនោះ បានឡើងទៅរកដល់ភ្នំពេញ ដែរ តែពេលទៅដល់ភ្នំពេញ នោះ នាងបានទាក់ទងមកថា នាងត្រូវឡានដឹកមកទម្លាក់ចោល ទើបគេសម្រេចមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋសង្ឃ័រ  ដើម្បីឲ្យជួយអន្តរាគមន៍។ ប៉ុន្តែពេលនេះ នាងមានសុវត្ថិភាពហើយ គេក៏សម្រេចដកពាក្យបណ្ដឹងវិញ ។ ទោះនាងបាត់អស់របស់ទ្រព្យ តែនាងនៅមានសុវត្ថិភាព មិនកើតអី គេអាចស្ងប់ចិត្តបានហើយ ។ យ៉ាងណា គេបានគិតជាស្រេចហើយថា ពេលនាងមកដល់ផ្ទះ នៅស្វាយរៀង នេះវិញ គេនឹងណែនាំប្អូនខ្លះៗ ពីរឿងការសេពគប់មិនភក្ដិ កុំឲ្យចាញ់បោកគេទៀត ។

 តាមរយៈមេរៀនដែលប្អូនស្រី ជួបប្រទះដូចខាងលើនេះដែរ យុវជនជាបង ក៏សូមផ្ដាំផ្ញើទៅដល់មហាជនថា បើមានបងប្អូន កុំឲ្យទៅណាម្នាក់ឯង កុំចេះតែបណ្ដែតបណ្ដោយ ជឿតាមគេអូសទាញ ព្រោះសង្គមឥឡូវ ពិបាកទុកចិត្តណាស់ ។ ជាក់ស្ដែង ករណីប្អូនស្រីរបស់គេនេះ គេគិតថា នាងអាចចាញ់បោកមិត្តភក្ដិរបស់នាង ខណៈដែលកន្លងមក នាងធ្លាប់ជឿគេ ហើយណាមួយ នាងនិងគេ ធ្លាប់ជួបគ្រោះថ្នាក់ចរាណ៍ កាលពី១០ឆ្នាំមុន ធ្វើគេមានឈាមកកក្នុងខួរក្បាល តែមកដល់ពេលនេះ មិនបានបាត់បង់ការចងចាំទេ ។ រីឯនាង បានដូរឈាម  ធ្វើឲ្យនាងមានអារម្មណ៍ឆាប់ខឹង ពិបាកនិយាយជាមួយនាង គឺចង់ធ្វើអី ធ្វើតាមតែអារម្មណ៍ខ្លួនឯង មិនព្រមស្ដាប់អ្នក ណា គឺបើចង់ទៅ ក៏ទៅភ្លាមតែម្ដង មិនអាចហាមឃាត់បាន ។ ដូច្នេះក្រៅពីអរគុណដល់មហាជនដែលបានជួយបារម្ភពីសុវត្ថិភាពរបស់ប្អូនគេ រហូតមានអ្នកជួយស៊ែរ ជាច្រើននោះ គេនៅតែសំណូមពរដល់បងប្អូនទាំងអស់ គួរប្រុងប្រយ័ត្នក្នុងការសេពគប់រាប់អានមិត្ត កុំឆាប់ជឿទុកចិត្តពេក មនុស្សឥឡូវមិនមែនសុទ្ធតែល្អជាមួយយើងទេ ៕ កុលបុត្រ

RELATED ARTICLES