Thursday, June 25, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកាន់ដាវ កាំភ្លើង លក់ថ្នាំញៀន ជាប់ខ្នោះ 

កាន់ដាវ កាំភ្លើង លក់ថ្នាំញៀន ជាប់ខ្នោះ 

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ ជាមុខសញ្ញាលក់ញៀនថ្នាំ ត្រូវបានកម្លាំងកងរាជអាវុធហត្ថចុះបង្ក្រាបឃាត់ ខ្លួន ដកហូតបានថ្នាំញៀន មួយចំនួន រួមទាំងកាំភ្លើងច្នៃ និងដាវ ទៀតផង។

ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងកាលពីម៉ោង ៣និង៥០នាទីរសៀល ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចក្រោយវត្តព្រែកបង្កង ស្ថិតក្នុងភូមិព្រែកល្វា សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។លោកវរសេនីយ៍ត្រី ថុង សៀកឡុង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងអរិយក្សត្រ បានឱ្យដឹងថា ជន សង្ស័យដែលត្រូវឃាត់បានខ្លួន មានឈ្មោះចាន់ គង្គា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងរោងក្បែរបឹងឈូក ក្រោយវត្តព្រែកបង្កង ស្ថិតក្នុងភូមិព្រែកល្វា សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ (មានសារធាតុញៀន)។

នៅក្នុងប្រតិបត្តិការនេះ កម្លាំងអាវុធហត្ថ បានដកហូតវត្ថុតាង រួមមាន គ្រឿងញៀន ក្រាមសថ្លា ១កញ្ចប់ កាំភ្លើងស្នប់កែច្នៃ ២ដើម ដាវ ១ដើម ទូរស័ព្ទដៃ ១គ្រឿង សម្ភារៈប្រើប្រាស់ និងវេចខ្ចប់ថ្នាំញៀន មួយចំនួន និងប្រាក់ ៩០០០រៀល។

លោកមេបញ្ជាការ បានបន្តថា មុនពេលឈានដល់ការបង្ក្រាប កម្លាំងអាវុធហត្ថបានទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋអំពីទីតាំងនិងសកម្មភាពគួរឱ្យសង្ស័យរបស់ជនសង្ស័យ។ ភ្លាមៗនោះ លោកបានដឹកនាំកម្លាំងចុះ ទៅដល់ចំណុចកើតហេតុ និងប្រទះឃើញជនសង្ស័យកំពុងសម្ងំនៅក្នុងរោងក្បែរបឹងឈូក។ ពេលកម្លាំងចូលទៅសាកសួរ ស្រាប់តែជនសង្ស័យ បានរើបម្រះ និងប្រតាយប្រតប់ជាមួយសមត្ថកិច្ច ទើបកម្លាំងសម្រេចចាប់ វាយខ្នោះ រួចធ្វើការឆែកឆេរ រកឃើញគ្រឿងញៀន និងអាវុធខាងលើតែម្តង។

លោកមេបញ្ជាការ បានបញ្ជាក់ថា ក្រោយការសាកសួរ ជនសង្ស័យ បានឆ្លើយសារភាពថា គ្រឿងញៀន ១ កញ្ចប់ នោះពិតជារបស់ខ្លួន ប្រាកដមែន ដោយបានបញ្ជាទិញពីបុរសម្នាក់ឈ្មោះហ្សា នៅចំណុចជិតកំពង់ចម្លងជ្រោយចង្វា រាជធានីភ្នំពេញ តាមរយៈទូរស័ព្ទ។

ជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងអរិយក្សត្រ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការបន្ត តាមនីតិវិធី៕

RELATED ARTICLES