ខេត្តព្រះវិហារ ៖ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុករវៀង បានឃាត់ចាប់រថយន្តចំនួន ១គ្រឿង ដឹកជញ្ជូនផល អនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាត នៅលើផ្លូវជាតិលេខ ៦២ ស្ថិតក្នុងភូមិភ្នំដែក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ។

ជាមួយការចាប់ឃាត់រថយន្តដឹកឈើនេះ បានដកហូតវត្ថុ រួមមាន ៖
១-រថយន្ត ចំនួន ១គ្រឿង ម៉ាក តូយ៉ូតា TUNDRA ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ។
២-ឈើអារ ប្រភេទលេខ១ (ត្រសេក) និងប្រភេទលេខ២ (ផ្តៀក) សរុបចំនួន ១ម៉ែត្រត្រីគុណ៨៥២ (មួយម៉ែត្រត្រីគុណ ប្រាំបីរយហាសិបពីរ)។

ចំពោះវត្ថុចាប់យកទាំងអស់ខាងលើ ត្រូវបានយកមកថែរក្សាទុក ជាបណ្ដោះអាសន្ន នៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើ រវៀង ដើម្បីចាត់ការបន្ត តាមនីតិវិធីច្បាប់៕

