Thursday, June 25, 2026
Homeសង្គម និងជីវិតចុះពិនិត្យអេកូជូនស្ត្រីមានផ្ទៃពោះ នៅតំបន់ដាច់ស្រយាលខេត្តព្រះវិហារ

ចុះពិនិត្យអេកូជូនស្ត្រីមានផ្ទៃពោះ នៅតំបន់ដាច់ស្រយាលខេត្តព្រះវិហារ

ខេត្តព្រះវិហារៈ ដោយអនុវត្តតាមការណែនាំពីលោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ ក្រុមការងារនៃមន្ទីរសុខាភិបាលខេត្ត បានសហការជាមួយអង្គការ RACHA និងអាជ្ញាធរមូលដ្ឋាន ចុះរៀបចំសកម្មភាពពិនិត្យសុខភាពស្ត្រីមានផ្ទៃពោះ ដោយម៉ាស៊ីនអេកូសាស្ត្រ (Ultrasound) ដោយឥតគិតថ្លៃ ដើម្បីនាំយកសេវាសុខាភិបាល ទៅដល់ប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាល ក្រោមទស្សនៈ “មិនទុកនរណាម្នាក់ឱ្យនៅឯកោឡើយ”។

សកម្មភាពនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ដោយក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តព្រះវិហារ និងមន្ត្រីមណ្ឌលសុខភាពច្រាច់ បានចុះទៅកាន់ភូមិភ្ញាក់រលឹក ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ ដែលជាតំបន់ដាច់ស្រយាល ឆ្ងាយពីមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក១៦ មករា ខេត្តព្រះវិហារ នេះជាលើកទី៤ហើយ ដែលក្រុមការងារបានចុះផ្តល់សេវានៅតំបន់នេះ។

ជាលទ្ធផលក្រុមការងារ បានពិនិត្យអេកូសាស្ត្រជូនស្ត្រីមានផ្ទៃពោះ ចំនួន ១៦នាក់ ដោយលទ្ធផលបង្ហាញថា ស្ត្រីមានផ្ទៃពោះទាំងអស់ មានសុខភាពល្អ និងទារកក្នុងផ្ទៃ មានការលូតលាស់ធម្មតា។ ជាមួយគ្នានេះ ក្រុមគ្រូពេទ្យក៏បានណែនាំនិងកំណត់ពេលវេលាឱ្យពួកគាត់មកពិនិត្យផ្ទៃពោះ តាមការណាត់របស់មន្ត្រីមណ្ឌលសុខភាព ឱ្យបានទៀងទាត់ មុនពេលសម្រាលកូន។

ក្រៅពីពិនិត្យអេកូសាស្ត្រជូនស្ត្រីមានផ្ទៃពោះ ក្រុមការងារបានពិនិត្យនិងថ្លឹងទម្ងន់កុមារ ចំនួន ៣៥នាក់ ដើម្បីតាមដានការលូតលាស់ និងបានរកឃើញកុមារម្នាក់ មានបញ្ហាខ្វះទម្ងន់។ ក្រុមគ្រូពេទ្យ បានផ្តល់ការប្រឹក្សា និងរៀបចំការព្យាបាលតាមលក្ខណៈបច្ចេកទេសវេជ្ជសាស្ត្រភ្លាមៗ។ ក្រុមការងារ ក៏បានអប់រំសុខភាពដល់ប្រជា ពលរដ្ឋ ចំនួន៥៧នាក់ ស្តីពីការថែទាំសុខភាពនិងអនាម័យ ពិសេស ការលុបបំបាត់ជម្រកមូសខ្លា ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលជំងឺគ្រុនឈាម ក្នុងសហគមន៍។

ក្រុមការងារនៃមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានបញ្ជាក់ថា សកម្មភាពនាំយកសេវាសុខាភិបាល ទៅដល់ប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាលបែបនេះ នឹងត្រូវបន្តអនុវត្តនៅតាមមូលដ្ឋានផ្សេងៗទៀតក្នុងខេត្ត ដើម្បីធានាឱ្យប្រជាពលរដ្ឋគ្រប់រូប ទទួលបានសេវាសុខាភិបាល ប្រកបដោយសមធម៌ និងគុណភាព៕

RELATED ARTICLES