ខេត្តបន្ទាយមានជ័យ ៖ យុវជន១ក្រុម កំពុងជិះម៉ូតូដើរលេងសុខៗ ស្រាប់តែត្រូវក្មេងស្ទាវ២នាក់ ដែលត្រូវជាគូទំនាស់ចាស់ ប្រទះឃើញក៏ជិះម៉ូតូអែបមកជិត រួចទាញកាំបិតកាប់ប្រហារចំក្បាលយុវជនរងគ្រោះ រហូតដល់បាក់ផ្លែកាំបិតធ្លាក់នៅនឹងកន្លែងកើតហេតុ ចំណែកជនរងគ្រោះបានរងរបួសយ៉ាងធ្ងន់ រីឯក្រុមជនបង្កបាននាំគ្នាជិះម៉ូតូរត់គេចបាត់ស្រមោល រហូតដល់កន្លះខែក្រោយមក ទើបកម្លាំងអាវុធហត្ថស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ នាំយកមកចាត់ការតាមច្បាប់។

ករណីអំពើហិង្សាកាប់ក្បាលគូទំនាស់រហូតដល់បាក់ផ្លែកាំបិតនេះ បានកើតមានការភ្ញាក់ផ្អើលឡើង តាំងពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចចម្ការស្វាយ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ លុះមកដល់វេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ជនសង្ស័យដែលត្រូវកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួន មានឈ្មោះឈិន កុសល អាយុ១៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ចំណែកជនរងគ្រោះ មានឈ្មោះធុច លាភផេង អាយុ១៧ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានបញ្ជាក់ឱ្យដឹងថា យោងពាក្យបណ្តឹងរបស់ ឈ្មោះចាន់ ណារី ភេទស្រី អាយុ៤៤ឆ្នាំ ត្រូវជាម្តាយរបស់ជនរងគ្រោះឈ្មោះធុច លាភផេង និងដោយទទួលបានការអនុញ្ញាតពីលោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការ និងស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ ឈ្មោះឈិន កុសល រហូតឃាត់ខ្លួនបាននៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨។ បន្ទាប់ពីធ្វើការឃាត់ខ្លួន និងសាកសួរចម្លើយរួចមក លោកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានបញ្ជាក់ថា តាមការបំភ្លឺរបស់ជនរងគ្រោះ បានរៀបរាប់ថា កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ៩យប់ ខ្លួនរួមជាមួយមិត្តភក្តិចំនួន៦នាក់ផ្សេងទៀត បានជិះម៉ូតូទៅលេងនៅតារាងបាល់ទាត់ស្ពតវើល (Sport World) ហើយបានជិះបន្តទៅលេងនៅចម្ការស្វាយ ស្រាប់តែមានម៉ូតូ១គ្រឿង ម៉ាកឃ្លីក មានគ្នា២នាក់ បានជិះពីក្រោយ ហើយកាប់មកលើខ្លួន (ជនរងគ្រោះ) បណ្តាលឱ្យត្រូវផ្នែកក្បាលពីក្រោយ បែកឈាមហូរស្រោចពេញខ្លួន និងសន្លប់បាត់ស្មារតី ហើយក្រុមជនបង្កបានជិះគេចខ្លួនបាត់ទៅ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបន្ថែមថា បន្ទាប់ពីធ្វើការឃាត់ខ្លួន និងសាកសួរចម្លើយ ជនសង្ស័យបានសារភាពថា នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ ខ្លួន (ជនសង្ស័យ) បានជិះម៉ូតូម៉ាកឃ្លិក ផលិតឆ្នាំ២០១៥ ពណ៌ក្រហមលាយខ្មៅ ដឹកបក្សពួកម្នាក់ទៀត ឈ្មោះអ៊ឹម ទៅលេងនៅចម្ការស្វាយ ពេលទៅដល់ឈ្មោះអ៊ឹម បានឃើញក្រុមជនរងគ្រោះបានប្រាប់ខ្លួនឱ្យជិះទៅជិតក្រុមជនរងគ្រោះ ហើយឈ្មោះអ៊ឹម ក៏បានដកកាំបិតកាប់ទៅលើជនរងគ្រោះ បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ រហូតដល់បាក់ផ្លែកាំបិតធ្លាក់នៅកន្លែងកើតហេតុទៀតផង។
ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត រៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕