Monday, November 10, 2025
Homeព័ត៌មានជាតិនាងក្រមុំរូបស្រស់ លិចទូកស្លាប់ ម្នាក់ទៀតចេះហែលទឹក រួចរស់ជីវិត

នាងក្រមុំរូបស្រស់ លិចទូកស្លាប់ ម្នាក់ទៀតចេះហែលទឹក រួចរស់ជីវិត

ភ្នំពេញ ៖ នារីវ័យក្មេងរូបស្រស់ម្នាក់ បានខលហៅមិត្តភក្តិ ឱ្យយកទូកមកចម្លងខ្លួន ទៅផឹកស៊ីជាមួយគ្នានៅត្រើយម្ខាងទៀត លុះមិត្តភក្តិស្រីម្នាក់អុំទូកមកទទួល ឆ្លងទឹកបំណងទៅផឹកស៊ី ដល់កណ្តាលបឹង ក៏ត្រូវខ្យល់បោកបក់លិចទូក ធ្វើឱ្យនារីរងគ្រោះមិនចេះហែលទឹកក៏លង់ស្លាប់យ៉ាងអាណោចអាធ័ម ចំណែកមិត្តភក្តិស្រីម្នាក់ទៀត សំណាងល្អចេះហែលទឹក ក៏ប្រឹងហែលឡើងគោករួចរស់ជីវិត។

ហេតុការណ៍ស្រីស្អាតលិចទូកស្លាប់កណ្តាលបឹងនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅចំណុចបឹងសំរោង ស្ថិតក្នង្នុភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។

នារីរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះឡាយ ស្រីកា អាយុ១៨ឆ្នាំ មុខរបរលក់ដូរ មានលំនៅផ្ទះគ្មានលេខ ភូមិព្រែករទាំង ខណ្ឌដង្កោ និងមានស្រុកកំណើតនៅភូមិទ័ពសៀម ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវវ័យមួយក្រុមមានគ្នាប្រហែល១០នាក់ មានប្រុស មានស្រី បានអុំទូកទៅក្នុងបឹងសំរោង ទីតាំងកើតហេតុខាងលើ ដើម្បីទៅផឹកស៊ីក្នុងរោងចិញ្ចឹមត្រីរបស់អ្នកស្គាល់គ្នាម្នាក់។ លុះរយៈពេលប្រមាណ៣០នាទីក្រោយមក ស្រាប់តែនារីរងគ្រោះខាងលើ បានទូរស័ព្ទទៅហៅមិត្តភក្តិស្រីម្នាក់ ឈ្មោះឡយ រ៉ាហ្វីន ឱ្យអុំទូកមកចម្លងខ្លួនទៅផឹកស៊ីដែរ។

ប្រភពដដែលបន្តថា ភ្លាមនោះ យុវតីឈ្មោះឡយ រ៉ាហ្វីន ក៏បានអុំទូកទៅទទួលនារីរងគ្រោះជាមិត្តភក្តិ បំណងឆ្លងទឹកមកផឹកស៊ីនៅរោងចិញ្ចឹមត្រីវិញ លុះអុំទូកចេញពីច្រាំងបានប្រហែល៣០០ម៉ែត្រ ក៏ត្រូវខ្យល់បក់ខ្លាំងរលកធំៗ ធ្វើឱ្យលិចទូកតែម្តង។  ភ្លាមនោះ នារីរងគ្រោះដែលមិនចេះហែលទឹកផងនោះ ក៏បានលិចចូលទឹកបាត់ ចំណែកមិត្តភក្តិស្រីឈ្មោះឡយ រ៉ាហ្វីន ចេះហែលទឹក ក៏ប្រឹងប្រវេប្រវាហែលឡើងគោក ទើបបានរួចរស់ជីវិត។

ប្រភពខាងលើ បញ្ជាក់ថា នៅពេលដឹងថា កើតមានករណីលិចទូកភ្លាម ប្រជាពលរដ្ឋនៅក្បែរនោះ ក៏នាំគ្នាចុះជួយមុជរកនារីរងគ្រោះ រហូតប្រទះឃើញនារីរងគ្រោះនៅក្នុងបាតបឹង រួចក៏ប្រញាប់ស្រង់ឡើងមកលើគោក រួចដឹកបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពព្រែកព្នៅ។ លុះទៅដល់ គ្រូពេទ្យពិនិត្យរួចបានប្រាប់ថា នារីរងគ្រោះបានឈ្លក់ទឹកស្លាប់បាត់ទៅហើយ ពោលគឺតាំងពីមុនបញ្ជូនមកដល់មណ្ឌលសុខភាពព្រែកព្នៅ ទៅទៀត។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា នារីរងគ្រោះពិតជាស្លាប់ដោយលង់ទឹកប្រាកដមែន រួចក៏ប្រគល់សាកសពទៅឱ្យក្រុមគ្រួសារដឹកទៅកាន់ស្រុកកំណើត  ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES