ភ្នំពេញ ៖ ហេតុការណ៍គ្រោះថា្នក់ចរាចរណ៍ រវាងឡានដង្ហែបក្សបុកជាមួយម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម នឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង៩និង១៥នាទីយប់ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

រថយន្តបង្កហេតុ ម៉ាកតាកូមា ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AS-3694 ចំណែកជនរងគ្រោះ មានឈ្មោះផាន តុលា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរធ្វើការសំណង់ ជំនាញជាងដែក មានស្រុកកំណើតរស់នៅក្នុងភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ជិញម៉ូតូម៉ាក Zoomer X ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FW-2881។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា គេឃើញរថយន្តបង្កមានទង់ជ័យគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតយ្យ ហៅកាត់ LDP និងមានមួកពណ៌ខ្មៅ មានអក្សរ LDP បានបើកបរតាមបណ្តោយផ្លូវជាតិលេខ២ ទិសដៅពីជើងទៅត្បូងយ៉ាងលឿន បានវ៉ារថយន្តមួយគ្រឿងទៀត ក៏ជ្រុលទៅបុកម៉ូតូជនរងគ្រោះដែលធ្វើដំណើរពីទិសខាងត្បូងទៅជើងបញ្ច្រាសគ្នា យ៉ាងពេញទំហឹង បណ្តាលឲ្យបុរសបើកបរម៉ូតូហោះប្លោង ទៅបោកក្បាលនឹងថ្នល់ បែកមុខក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុ ម្ចាស់រថយន្តបង្កបានព្យាយាមបើករត់ប្រហែល១០០ម៉ែត្រ បន្តដំណើរទៅមុខលែងរួច ដោយសាររថយន្តរងការខូចខាតផ្នែកមុខខាងឆ្វេង បែកកង់ និងផ្ទុះពោងទាំង២ ហើយម្ចាស់បានបើកទ្វាររត់គេចខ្លួនបាត់ស្រមោលតែម្តង។

ចំណែកសមត្ថកិច្ចចរាចរណ៍ ក្រោយទទួលបានព័ត៌មានភ្លាម បានចុះវាស់វែងកន្លែងកើតហេតុ រួចហៅឡានសង្គ្រោះដឹកជនរងគ្រោះទៅមន្ទីរពេទ្យ ដោយឡែករថយន្តត្រូវស្ទូចយកទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕