Monday, November 10, 2025
Homeព័ត៌មានជាតិមិនទាន់ដោះទុក្ខសត្វផង សត្វផ្តល់ទុក្ខវិញ

មិនទាន់ដោះទុក្ខសត្វផង សត្វផ្តល់ទុក្ខវិញ

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ទំនងជាឈឺពោះបត់ជើង ក៏រត់ចូលទៅរកដុបព្រៃ ដើម្បីដោះទុក្ខសត្វ ដឹងអី! គ្រាន់តែស្រាតខោវែងចេញ មិនទាន់បានអីផង ក៏ត្រូវសត្វអសិរពិសចឹកបណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម និងត្រូវបានក្រុមក្មេងៗដើររកកណ្តូប ប្រទះឃើញស្រែកឆោឡោឡើងកាលពីវេលាម៉ោងជាង៨យប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចដុបព្រៃមួយកន្លែង បណ្តោយផ្លូវជាតិលេខ៥៨ ស្ថិតក្នុងភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

សាកសពបុរសរងគ្រោះខាងលើ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យជាង៣០ឆ្នាំ ពាក់អាវយឺតដៃវែងពណ៌ស ស្លៀកខោទ្រនាប់ ពុំមានខោជើងវែងនោះទេ ព្រមទាំងមានទង់ជាតិនៅពីលើក្បាលផងដែរ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានក្មេងៗមួយក្រុម មានគ្នា៥នាក់ រួមមាន ទី១-ឈ្មោះលីន ភេទស្រី  អាយុ១៥ឆ្នាំ ទី២-ឈ្មោះអ៊ីត  ទី៣-ឈ្មោះណាង អាយុ១២ឆ្នាំ ទី៤-ឈ្មោះចិត្ត និងទី៥-ឈ្មោះថា រស់នៅក្នុងភូមិកើតហេតុខាងលើ បាននាំគ្នាដើររកចាប់សត្វកណ្តូប នៅចំណុចកើតហេតុខាងលើ លុះក្រោយមក ក៏ស្រាប់តែប្រទះឃើញសាកសពជនរងគ្រោះដេកស្លាប់ក្នុងដុបព្រៃ ទើបធ្វើឱ្យកើតមានការភ្ញាក់ផ្អើលនាំគ្នារត់បាតជើងសព្រាត ត្រឡប់មកផ្ទះវិញប្រាប់ចាស់ៗក្នុងភូមិ ទើបកើតមានការភ្ញាក់ផ្អើលដល់អ្នកភូមិនាំគ្នាទៅចោមរោមមើល និងរាយការណ៍សុំអន្តរាគមន៍ពីអាជ្ញាធរតែម្តង។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើ លោកឈិត រ៉ម អនុប្រធានភូមិ និងលោកណង សុង មេភូមិព្រៃគប់ បានមកដល់ទីតាំងកើតផងដែរ លុះពិនិត្យរួច លោកទាំងពីរបានអះអាងថា បុរសដែលបានស្លាប់នេះ មិនមែនជាប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិកើតហេតុនោះទេ ព្រោះមិនដែល ស្គាល់ពីមុនមកឡើយ។

ទោះជាយ៉ាងណា នៅពេលនេះសពជនរងគ្រោះ នៅមិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ ហើយក៏នៅមិនទាន់ដឹងពីមូលហេតុនៃការស្លាប់ឱ្យពិតប្រាកដដែរ គ្រាន់តែប្រជាពលរដ្ឋដែលចោមរោមមើល បានលើកឡើងតៗគ្នាថា ទំនងជាជនរងគ្រោះមកពីហែរបក្ស ឈឺពោះពេកចូលក្នុងដុប ដើម្បីបត់ជើងហើយក៏ត្រូវសត្វអសិរពិសខាំ ឬចឹក បណ្តាលឱ្យស្លាប់។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវកំណត់អត្តសញ្ញាណជនរងគ្រោះ និងរកមូលហេតុនៃការស្លាប់នេះឱ្យពិតប្រាកដ៕

RELATED ARTICLES