ខេត្តកណ្តាល ៖ បុរសម្នាក់បានដើរចេញបាត់ពីផ្ទះដោយគ្មានដំណឹង ទោះជាក្រុមគ្រួសារនាំគ្នាដើរតាមរកយ៉ាងណា ក៏មិនឃើញ លុះ២ថ្ងៃក្រោយមក ក៏មានអ្នកភូមិប្រទះឃើញសាកសពបុរសរងគ្រោះអណ្តែតនៅក្នុងទឹកព្រែក បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចចុងព្រែកហម ខាងលិចភូមិព្រែកតាមេម ចំងាយ៥០០០ម៉ែត្រ ជាប់ព្រំប្រទល់ខេត្តតាកែវ ស្ថិតក្នុងភូមិព្រែកតាមេម ឃុំព្រែកស្តី ស្រុកកោះធំ។
បុរសរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះអួ ខ្នាប់ អាយុ៥១ឆ្នាំ មុខរបរគ្មាន មានជម្ងឺហើមប្រចាំកាយ និងទល់នោម និងមានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីបុរសឈ្មោះហ៊ាង ខុន អាយុ៥០ឆ្នាំ ត្រូវជាបងថ្លៃរបស់ជនរងគ្រោះ បានឱ្យដឹងថា កន្លងមក ជនរងគ្រោះមានជម្ងឺហើម និងជម្ងឺទល់នោម (ពិបាកនោម) ប្រចាំកាយ ហើយទោះជាបងប្អូនខំយកទៅព្យាបាលយ៉ាងណា នៅតែមិនបានជាសះស្បើយ។ លុះដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ៨ព្រឹក ស្រាប់តែបាត់ជនរងគ្រោះមិនឃើញនៅផ្ទះ ទើបបងប្អូនបាននាំគ្នាដើរកគ្រប់ទីកន្លែង តែរកមិនឃើញ។
ប្រភពដដែលបន្តថា លុះមកដល់វេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ ទើបមានអ្នកភូមិបានប្រទះឃើញសាកសពជនរងគ្រោះអណ្តែតទឹក នៅចំណុចចុងព្រែកហម ខាងលិចភូមិព្រែកតាមេម ចំងាយ៥០០០ម៉ែត្រ ជិតព្រំប្រទល់ដីខេត្តតាកែវ ស្ថិតក្នុង ឃុំព្រែកស្តី ស្រុកកោះធំ រួចក៏រាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចជំនាញឱ្យចុះពិនិត្យតែម្តង។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកោះធំ បានចុះទៅដល់កន្លែងប្រទះឃើញសាកសព សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល អាជ្ញាធរឃុំ ភូមិ លោកគ្រូពេទ្យ ក្រុមគ្រួសារជនរងគ្រោះដើម្បីពិនិត្យសាកសព រួចបញ្ជាក់ថា សាកសពជនរងគ្រោះមានសភាពហើម របកស្បែកនៅនឹងដងខ្លួន អវៈយវៈក្បាលជនរងគ្រោះ ធ្មេញ ពុំមានស្លាកស្នាម អ្វីគួរឱ្យកត់សំគាល់ឡើយ ។
តាមការសន្និដ្ឋាន របស់លោកគ្រូពេទ្យ និងផ្នែកជំនាញ ជនរងគ្រោះអាចចុះទឹកលង់ បណ្តាលឱ្យស្លាប់។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕