Monday, November 10, 2025
Homeព័ត៌មានជាតិតូចចិត្តធ្លាក់ខ្លួនពិការជើងទាំង២ ព្យាយាមម្តងហើយម្តងទៀត ទាល់តែសម្រេច

តូចចិត្តធ្លាក់ខ្លួនពិការជើងទាំង២ ព្យាយាមម្តងហើយម្តងទៀត ទាល់តែសម្រេច

ខេត្តកណ្តាល ៖ បុរសម្នាក់បានកើតមានជំងឺស្លាប់មួយកំណាត់ខ្លួនចុះក្រោម ព្យាបាលមិនជា ក៏ត្រូវគ្រូពេទ្យសម្រេចគាត់ជើងចោលទាំងសងខាងត្រឹមក្រលៀន និងត្រូវបានអង្គការមួយទទួលចិញ្ចឹម លុះជនរងគ្រោះឈឺចិត្តស្អិតទ្រូងនឹងជំងឺរបស់ខ្លួន ក៏ប៉ុនប៉ងសម្លាប់ខ្លួនជាច្រើនដងមកហើយ ហើយតែមិនសម្រេច ព្រោះមានអ្នកជួយទាន់ ទីបំផុត ឆ្លៀតពេលស្ងាត់មនុស្ស ជនរងគ្រោះបានជ្រមុជចូលពាងទឹក បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម។

ករណីបុរសពិការជើង ធ្វើអត្តឃាតក្នុងពាងទឹកនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២និង៤៥នាទីថ្ងៃត្រង់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចពាងទឹក ក្នុងអង្គការជួយជនរងគ្រោះកម្ពុជា ដោយសារអាស៊ីត ស្ថិតក្នុងភូមិត្រពាំងវែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល។

បុរសរងគ្រោះមានឈ្មោះវៀង ញាំងជុង អាយុ៤៦ឆ្នាំ ជាជនជាតិវៀតណាម មុខរបរគ្មាន ជាមនុស្សពិការជើងទាំងសងខាងត្រឹមក្រលៀន សព្វថ្ងៃស្នាក់នៅក្នុងអង្គការជួយជនរងគ្រោះកម្ពុជា ដោយសារអាស៊ីត ស្ថិតក្នុងទីតាំងកើតហេតុខាងលើ។

តាមសម្តីបុរសឈ្មោះគឹម យិនណា អាយុ៥៩ឆ្នាំ មុខរបរបុគ្គលិកពេទ្យមជ្ឈមណ្ឌលវះកាត់កុមារកៀនឃ្លាំង បានឱ្យដឹងថា ជនរងគ្រោះឈ្មោះវៀង ញាំងជុង បានមកចុះឈ្មោះនៅមជ្ឈមណ្ឌល ដើម្បីព្យាបាលជំងឺដំបៅគ្រែ (ស្លាប់មួយកំណាត់ខ្លួន) តាំងពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៩ មកម៉្លេះ លុះក្រោយមក ដោយសារព្យាបាលមិនជា ក៏សម្រេចចិត្តកាត់ជើងទាំងពីរ ដើម្បីយកស្បែកមកព្យាបាលដំបៅគ្រែ រហូតបានជា។

ប្រភពដដែលបន្តថា បន្ទាប់មក គ្រូពេទ្យបានបញ្ជូនជនរងគ្រោះទៅដាក់នៅអង្គការជួយជនរងគ្រោះកម្ពុជា ដោយសារអាស៊ីត តាំងពី ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៣ រហូតដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ គាត់ក៏បានទទួលដំណឹងពីឈ្មោះសុខ ម៉េងឡុង ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរប្រធានរដ្ឋបាលអង្គការមជ្ឈមណ្ឌលវះកាត់កុមារកៀនឃ្លាំង បានទូរស័ព្ទប្រាប់គាត់ ថាឈ្មោះវៀង ញាំងជុង បានចូលទឹកពាងស្លាប់ហើយ ទើបគាត់ប្រញាប់ធ្វើដំណើរទៅដល់អង្គការជួយជនរងគ្រោះកម្ពុជា ដោយសារអាស៊ីត រួចក៏ប្រទះឃើញជនរងគ្រោះពិតជាស្លាប់ក្នុងពាងទឹកប្រាកដមែន។

ប្រភពខាងលើ បានបញ្ជាក់ថា ជនរងគ្រោះត្រូវគ្រូពេទ្យកាត់ជើងទាំង២ដល់ត្រឹមក្រលៀន តាំងពីអំឡុងឆ្នាំ២០០៩ ហេតុនេះរាល់ការបត់ជើងតូចធំ ត្រូវប្រើសុងទាំងអស់ ជាហេតុធ្វើឱ្យជនរងគ្រោះរស់នៅទាំងលំបាកលំបិន លុះអស់សង្ឃឹមក្នុងជីវិត ក៏ប៉ុនប៉ងធ្វើអត្តឃាតជាច្រើនលើកច្រើនសារដែរ តែត្រូវគេប្រទះឃើញ និងជួយសង្គ្រោះទាន់ពេលរហូត ស្រាប់តែលើកចុងក្រោយនេះ គ្មានអ្នកជួយទាន់ ក៏បណ្តាលឱ្យស្លាប់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាធ្វើអត្តឃាត ដោយជ្រមុជទឹកក្នុងពាង បណ្តាលឱ្យឈ្លក់ស្លាប់ដោយខ្លួនឯងប្រាកដមែន។ សាកសពជនរងគ្រោះត្រូវបានខាងអង្គការរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES