ខេត្តកំពង់ស្ពឺ ៖ សាកសពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតនៅក្នុងទឹកស្ទឹងព្រែកត្នោត មកទើរនឹងដើមឬស្សីក្រោយផ្ទះរបស់ប្រជាពលរដ្ឋ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិតាំងទន្លេ សង្កាត់សុព័រទេព ក្រុងច្បារមន។
សាកសពបុរសខាងលើ មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ គ្រាន់តែពិនិត្យតាមភិនភាគ ស្លៀកខោពណ៌ខ្មៅជើងវែង ពាក់អាវ ពណ៌ប្រផេះ និងមានអាយុប្រហែលជាង៣០ឆ្នាំ។
តាមសម្តីរបស់ស្ត្រីឈ្មោះឡុក ស៊ីណា អាយុ៣៩ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិតាំងទន្លេ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់បានដើរទៅក្រោយផ្ទះ ដើម្បីទាញគល់អុសដែលអណ្តែតទឹកស្ទឹង ស្រាប់តែប្រទះឃើញសាកសពបុរសមិនស្គាល់អត្តសញ្ញាណខាងលើអណ្តែតក្នុងទឹក ទើបធ្វើឱ្យគាត់មានការភ្ញាក់ផ្អើល ស្រែកឆោឡោហៅអ្នកជិតខាងជួយ រួចក៏រាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកជួយអន្តរាគមន៍តែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ និងបានស្រង់យកសាកសពជនរងគ្រោះមកលើគោក រួចទាក់ទងទៅខាងជំនាញឱ្យចុះមកពិនិត្យ និងធ្វើកោសល្យវិច័យ។ ជាលទ្ធផល សមត្ថកិច្ចជំនាញ បានពិនិត្យឃើញថា ជនរងគ្រោះបានស្លាប់ដោយសារលង់ទឹកប្រាកដមែន ពោលគឺមិនពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេងនោះទេ។
សាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចកំពុងប្រកាសសួររកសាច់ញាតិ ដើម្បីមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី៕
