Sunday, November 9, 2025
Homeព័ត៌មានជាតិ"សូមឱ្យយកសព ទៅបញ្ចុះនៅក្បែរប្រពន្ធផង!!!" ទីបំផុត គាត់ចាកចេញទៅ

“សូមឱ្យយកសព ទៅបញ្ចុះនៅក្បែរប្រពន្ធផង!!!” ទីបំផុត គាត់ចាកចេញទៅ

ភ្នំពេញ ៖ បុរសម្នាក់ ទើបនឹងត្រូវប្រពន្ធស្លាប់ចោលកាលពីពេលថ្មីៗនេះ ទើបធ្វើឱ្យអស់សង្ឃឹមក្នុងជីវិតយ៉ាងខ្លាំង រហូតដល់ផឹកស្រាស្រវឹងជារៀងរាល់ថ្ងៃ និងបានផ្តាំផ្ញើអ្នកស្គាល់គ្នាថា ប្រសិនបើខ្លួនស្លាប់ទៅ សូមឱ្យយកសពទៅបញ្ចុះនៅក្បែរប្រពន្ធផង ទីបំផុត បុរសរងគ្រោះក៏ដាច់ចិត្តចងកសម្លាប់ខ្លួន រហូតដល់សាកសពស្អុយរលួយ ទើបមានការភ្ញាក់ផ្អើល។

ករណីបុរសប្រពន្ធទើបស្លាប់ចោលថ្មីៗ គិតខ្លីចងកសម្លាប់ខ្លួនតាមប្រពន្ធនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ ៦០៧A ផ្លូវ៦៨K ភូមិចម្ការ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

បុរសគំនិតខ្លីដែលចងកសម្លាប់ខ្លួន មានឈ្មោះ JU DOOSOO អាយុ៤៩ឆ្នាំ ជាជនជាតិកូរ៉េ កាន់លិខិតឆ្លងដែនលេខ M៥១៤៩៥៦៩៣ ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ។

តាមប្រភពពីបុរសឈ្មោះលី លីន បានរៀបរាប់ប្រាប់ថា ជនរងគ្រោះខាងលើ គឺជាថៅកែរបស់ខ្លួន ហើយកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ ប្រពន្ធរបស់ជនរងគ្រោះទើបនឹងបានស្លាប់នៅឯប្រទេសចិន។ ក្រោយពីទៅប្រទេសចិន ចូលរួមធ្វើបុណ្យសពជូនប្រពន្ធរួចរាល់ហើយ ជនរងគ្រោះបានត្រឡប់មកប្រទេសកម្ពុជាវិញ រួចក៏ចាប់ផ្តើមផឹកស្រាស្រវឹងរាល់ថ្ងៃ និងចេះតែព្រលយពាក្យប្រាប់គាត់ជាបុគ្គលិកថា ប្រសិនបើគាត់ស្លាប់ទៅ ត្រូវដឹកសពគាត់ទៅបញ្ចុះជិតប្រពន្ធរបស់គាត់នៅឯប្រទេសចិនផង។

ប្រភពដដែលបន្តថា លុះមកដល់ថ្ងៃកើតហេតុ បុរសឈ្មោះលី លីន បានមកយករថយន្តពីផ្ទះថៅកែ (ជនរងគ្រោះ) ដើម្បីទៅដឹកអីវ៉ាន់ តែមិនបានជួបនឹងថៅកែទេ ទើបបានសួរទៅឈ្មោះ Byun Yongjig ទើបដឹងថា ជនរងគ្រោះបាត់មិនឃើញចេញពីផ្ទះប្រហែល៣ថ្ងៃមកហើយ។ ពេលនោះ ក៏មានការប្រទះឃើញទឹកស្អុយហូរចេញពីទុយោជ័រពីក្នុងផ្ទះ ហើយក៏មានការភ្ញាក់ផ្អើលនាំគ្នាឡើងទៅមើលបន្ទប់ជនរងគ្រោះ មិនឃើញ និងបានឡើងទៅមើលបន្ទប់ជាន់ទី៣ ស្រាប់តែធុំក្លិនស្អុយយ៉ាងចម្លែក លុះអើតមើលតាមចន្លោះក្រោមទ្វារ ក៏បានឃើញស្រមោលជនរងគ្រោះចងកសម្លាប់ខ្លួនបាត់ទៅហើយ ដោយចាក់គន្លឹះទ្វារបន្ទប់ពីក្នុងជាប់ ទើបមានការរាយការណ៍មកសមត្ថកិច្ចចុះពិនិត្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកដល់ទីតាំងកើតហេតុខាងលើ​ ដើម្បីពិនិត្យ និងធ្វើកោសល្យវិច័យ លុះពិនិត្យរួច លោកវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន និងបច្ចកទេសក្រុង បានឱ្យដឹងថា ជនរងគ្រោះពិតជាបានចងកធ្វើអត្តឃាតប្រាកដមែន ពោលគឺបានចងកប្រមាណជាង៤ថ្ងៃមកហើយ។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចទៅតម្កល់ទុកនៅមន្ទីពេទ្យរុស្សី ដើម្បីទាក់ទងផ្តល់ដំណឹងដល់ខាងស្ថានទូតមកទទួល និងចាត់ចែងបន្ត។/

 

RELATED ARTICLES