ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ មួយថ្ងៃៗមិនគិតខ្វល់ជួយធ្វើការរកស៊ីប្រពន្ធឡើយ ថែមទាំងបានយកមាសប្រាក់ ដែលប្រពន្ធខំរកបាន ទៅលក់ចាយវាយ ផឹកស៊ីគ្មានសល់ លុះប្រពន្ធខឹងចេញទៅដេកផ្ទះបងប្អូនបាត់ ស្រាប់តែប្តីស្រវឹងវិលមកផ្ទះវិញមិនឃើញប្រពន្ធ ក៏បែកគំនិតគិតខ្លីចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចរោងប្រក់ស្បូវ ក្បែរផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិទួលគ្រួស សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់។

បុរសគិតខ្លីចងកធ្វើអត្តឃាត មានឈ្មោះធឹម លីហេង អាយុ៣៩ឆ្នាំ មានប្រពន្ធ និងកូនប្រុសស្រីចំនួន៣នាក់ តែបានលែងលះគ្នា ហើយបានយកប្រពន្ធក្រោយ ឈ្មោះលឹម ចន្ធូ អាយុ៤១ឆ្នាំ សព្វថ្ងៃស្នាក់នៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុប៉ុន្មានថ្ងៃ បុរសជាប្តី និងប្រពន្ធ បានកើតមានទំនាស់ខ្វែងគំនិតគ្នា ដោយសារតែបុរសជាប្តី គឺជាមនុស្សដែលមិនសូវចេះជួយរកស៊ីប្រពន្ធទេ និងថែមទាំងបានយកមាសដែលប្រពន្ធខំរកបានទៅលក់យកលុយ ដើរស៊ីចាយប៉ុន្មានថ្ងៃមកហើយ ថែមទាំងដៀលប្រមាថ គំរាមប្រើអំពើហិង្សាលើប្រពន្ធទៀតផង។

លុះមកដល់យប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ បុរសជាប្តីរូបនេះ បានចេញទៅផឹកស៊ីនៅទីរួមខេត្តពោធិ៍សាត់ បាត់។ គ្រានោះប្រពន្ធក៏បានចេញទៅដេកនៅផ្ទះបងប្អូនក្បែរខាង លុះពេលប្តីត្រឡប់មកពីផឹកស៊ីស្រវឹងវិញ មិនឃើញប្រពន្ធនៅផ្ទះ ក៏អាក់អន់ស្រពន់ចិត្ត ទូរស័ព្ទទៅប្រាប់ក្មួយថា ប្រាប់ឱ្យមីងឯងមកផ្ទះវិញ ហើយលក់ម៉ូតូធ្វើបុណ្យឱ្យអញផង ព្រោះមាសនោះអញលក់ចាយអស់ហើយ ប៉ុន្តែក្មួយមិនចាប់អារម្មណ៍នឹងសម្តីបុរសរងគ្រោះនោះឡើយ។

ប្រភពដដែលបន្តថា រហូតមកដល់វេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ ក្មួយរបស់ជនរងគ្រោះ បានក្រោកទៅរកទិញត្រីនៅផ្សារ ដើម្បីយកមកលក់បន្ត ក៏ឈៀងកាត់មុខផ្ទះជនរងគ្រោះ លុះពេលមកដល់ បញ្ចាំងភ្លើងពិលទៅរោងប្រក់ស្បូវខាងក្រៅផ្ទះជនរងគ្រោះ ក៏ស្រាប់តែប្រទះឃើញជនរងគ្រោះចងកសម្លាប់ខ្លួននៅក្នុងរោងនោះបាត់ទៅហើយ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោតែម្តង។

រហូតមកដល់ព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញ បានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកធ្វើអត្តឃាតប្រាកដមែន។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕